ពលរដ្ឋ​នៅ​ជ្រោយចង្វារ​ប្ដឹង​ក្រុមហ៊ុន​OCIC​ថា​បូម​ខ្សាច់​ពន្លិច​យក​ដី​ពលរដ្ឋ​៣​សង្កាត់

0:00 / 0:00

ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) រង​ការ​ចោទ​ពី​ប្រជាពលរដ្ឋ​ជិត ៥០​គ្រួសារ ថា​បូម​ខ្សាច់​ពន្លិច​យក​ដី​ប្រជាពលរដ្ឋ​ចំនួន ៣​សង្កាត់ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ បញ្ហា​នេះ ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ រក្សា​ការពារ​ដី និង​ផ្អាក​ក្រុមហ៊ុន​ឈប់​បូម​ខ្សាច់​បណ្ដោះអាសន្ន ដើម្បី​រក​ដំណោះស្រាយ​សិន។

ប៉ុន្តែ​កាល​ពី​​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៤ តុលាការ បាន​បដិសេធ​ពាក្យ​ស្នើសុំ​នោះ ទើប​ប្រជាពលរដ្ឋ​ប្ដឹង​បន្ត​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត ហើយ​ត្រូវ​អង្គ​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ បើក​សវនាការ​សាកសួរ​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។

ចៅក្រម​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ លោក ប៉ុល សំអឿន ប្រកាស​ថា នឹង​ចេញ​សេចក្តី​សម្រេច​របស់​តុលាការ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ទាក់ទង​នឹង​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ សុំ​ឲ្យ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ ដើម្បី​ឲ្យ​ក្រុមហ៊ុន អូស៊ីអាយស៊ី ផ្អាក​សកម្មភាព​បូម​ខ្សាច់​លុប​ដី និង​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​ពុំ​ផ្តល់​សំណង​សមរម្យ។

ការ​គ្រោង​ប្រកាស​របស់​ចៅក្រម​សាលា​ឧទ្ធរណ៍​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សវនាការ​សាកសួរ​ដើម​បណ្ដឹង​មក​ពី​សង្កាត់​ជ្រោយចង្វារ សង្កាត់​ព្រែកលៀប សង្កាត់​ព្រែកតាសេក ដែល​ប្ដឹង​ចោទ​ក្រុមហ៊ុន អូស៊ីអាយស៊ី ថា​បូម​ខ្សាច់​ពន្លិច​ដំណាំ​បំបាត់​ភស្តុតាង​ព្រំ​ប្រទល់​ដី តាំង​ពី​ឆ្នាំ​២០១២ មក​ដល់​បច្ចុប្បន្ន នៅ​សាលា​ឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​តុលា។

មេធាវី​ជួយ​ការពារ​ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៣​សង្កាត់ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​ពី​សំណាក់​ក្រុមហ៊ុន អូស៊ីអាយស៊ី លោក ហុង គឹមសួន ថ្លែង​ថា ក្រុមហ៊ុន អូស៊ីអាយស៊ី បូម​ខ្សាច់​ចាក់​ពន្លិច​យក​ដី​របស់​ប្រជាពលរដ្ឋ​ចាប់​ពី​គល់​ស្ពាន​ជ្រោយចង្វារ ទៅ​ទិស​ខាង​ជើង គឺ​ចន្លោះ​ទន្លេសាប ទៅ​ផ្លូវ​ជាតិ​លេខ​៦ បាន​ប៉ះពាល់​ដី​ទំហំ​ប្រមាណ​ជិត ៤០០​ហិកតារ (៣៨៨​ហិកតារ)។ លោក​ថា ដី​ទាំងអស់​នោះ គឺ​ប្រជាពលរដ្ឋ​សុទ្ធតែ​មាន​ប័ណ្ណ​សម្គាល់​ភោគៈ ដែល​ចេញ​ឲ្យ​ដោយ​អាជ្ញាធរ​មូលដ្ឋាន៖ «ការ​បើក​សវនាការ​នៅ​ព្រឹក​នេះ យើង​មិន​ទាន់​ដឹង​ថា តុលាការ​លោក​នឹង​សម្រេច​យ៉ាង​ម៉េច​ទេ យើង​រង់ចាំ​មើល​ការ​ដេញ​ដោល​គ្នា​បន្តិច​សិន»

អនុប្រធាន​ភូមិ​ដើមគរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ លោក អ៊ិន លួន ឲ្យ​ដឹង​ថា ក្រុមហ៊ុន អូស៊ីអាយស៊ី គឺ​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​វិនិយោគ ៩៩​ឆ្នាំ នៅ​តំបន់​រណប​ជ្រោយចង្វារ។ ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​ដំណាំ​អ្នក​ភូមិ ៣​ភូមិ និង ៣​សង្កាត់ មាន​សង្កាត់​ជ្រោយចង្វារ ភូមិ​ដើមគរ សង្កាត់​ព្រែកលៀប ភូមិ​កៀនឃ្លាំង និង​សង្កាត់​ព្រែកតាសេក ភូមិ​ព្រែកតាសេក។ លោក​បន្ត​ថា ការ​បូម​ខ្សាច់​ពន្លិច​នោះ បាន​ប៉ះពាល់​ដី​ដាំ​ដំណាំ​របស់​គាត់ ដែល​ដាំ​បន្លែ​អាជីវកម្ម​សម្រាប់​ផ្គត់ផ្គង់​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ទំនើប ដែល​គាត់​ទទួល​បាន​ប្រាក់​ចំណូល​ក្នុង​១​ឆ្នាំ​ចាប់​ពី ៣​ពាន់ ទៅ ៤​ពាន់​ដុល្លារ។ លោក​ថា ក្រោយ​ពេល​បូម​ខ្សាច់​ចាក់​ពន្លិច​ដី​គាត់​មក អ្នក​ភូមិ​បាត់​បង់​ប្រាក់​ចំណូល​នោះ។ ចំណែក​ខាង​ក្រុមហ៊ុន បាន​កំណត់​តម្លៃ​សំណង ១​ម៉ែត្រ​ការ៉េ​ថ្លៃ ១៥​ដុល្លារ។ បើ​ម្ចាស់​ដី​នៅ​ភ្នំពេញ ឬ​ខេត្ត​ផ្សេងៗ ឲ្យ​ថ្លៃ​មួយ​ម៉ែត្រ​ការ៉េ ៣ ទៅ ៤​ដុល្លារ។ លោក​ថា ដោយសារ​ការ​ចរចា​តម្លៃ​ដី​ពលរដ្ឋ​មិន​អាច​ទទួល​យក​បាន ទើប​ក្រុមហ៊ុន​បង្ខំ​បូម​ខ្សាច់​ពន្លិច​យ៉ាង​លឿន បំបាត់​ភស្តុតាង​សម្គាល់​ទីតាំង​កម្មសិទ្ធិ​នៃ​ម្ចាស់​ដី​នីមួយៗ​នៅ​តំបន់​នោះ៖ «ប៉ុន្តែ​ទឹក​ហ្នឹង​វា​អត់​ចេញ​ទេ វា​ត្រូវ​នៅ​ចាល់​ពេញ​នៅ​ក្នុង​បឹង​ហ្នឹង យើង​ត្រូវ​ធ្វើ​ស្អី​ក៏​មិន​បាន​ដែរ វា​រំលោភ​យក​ទាំង​ស្រុង​តែ​ម្តង។ ឲ្យ​សង​ដើម្បី​រក​ដំណោះស្រាយ​មក​ឲ្យ​យើង​វិញ ឲ្យ​ក្រុមហ៊ុន អូស៊ីអាយស៊ី ហ្នឹង»

មន្ត្រី​ក្រសួង​កសិកម្ម អ្នកស្រី ប៊ុន មុំ ជា​ដើម​បណ្ដឹង​មួយ​រូប​ដែរ ឲ្យ​ដឹង​ថា ប្រាក់​ខែ​មន្ត្រី​រាជការ​ទាប ទើប​គាត់​ធ្វើ​ចម្ការ​យក​កម្រៃ​បន្ថែម​ចិញ្ចឹម​ជីវិត។ ប៉ុន្តែ ក្រុមហ៊ុន អូស៊ីអាយស៊ី បំផ្លាញ​ជីវភាព​របស់​គាត់​ពី​រស់នៅ​សមរម្យ មក​ធ្លាក់​ខ្លួន​ក្រីក្រ ដើរ​ខ្ចី​បុល​គេ​ច្រើន​ឆ្នាំ​មក​នេះ។ អ្នកស្រី​ស្នើសុំ​ឲ្យ​រាល់​ការ​វិនិយោគ រដ្ឋាភិបាល​មិន​ត្រូវ​មើល​ផែនទី ហើយ​គូស​ប្លង់​យក​ដី​ទំហំ​ប៉ុន្មានៗ សម្រេច​ផ្តល់​ទីតាំង​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នោះ​ទេ៖ «មាន​ការ​បូម​ខ្សាច់​មក​លើ​ហ្នឹង ខ្ញុំ​ក៏​ខាន​ប្រកប​មុខ​របរ​ហ្នឹង​ទៅ។ ឥឡូវ​ជីវភាព​ខ្ញុំ​កាន់​តែ​ដុនដាប​ទៅ។ រាល់​ថ្ងៃ​នេះ ខ្ញុំ​ញ៉ាំ​តែ​បបរ​ទេ រស់នៅ​ទាំង​ត្រដាបត្រដួស។ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ខ្ញុំ​ទៅ​ខ្ចី​បុល​គេ​យក​មក​ដោះស្រាយ​ជីវភាព​គ្រួសារ​ម្តងម្កាល​ទៀត»

នៅ​ក្នុង​សវនាការ​សាកសួរ​ក្នុង​សាលា​ឧទ្ធរណ៍ នា​ថ្ងៃ​ទី​២២ ខែ​តុលា មិន​មាន​តំណាង​ក្រុមហ៊ុន អូស៊ីអាយស៊ី ដែល​ប្រជាពលរដ្ឋ​ប្ដឹង​ចោទ​នោះ​មក​ចូលរួម​ទេ ប៉ុន្តែ​មាន​មេធាវី​របស់​សាលា​រាជធានី​ភ្នំពេញ លោក សួន សុផល មក​ជំនួស​វិញ។ លោក សួន សុផល ប្រាប់​ទៅ​ចៅក្រម​ថា សាលា​រាជធានី​ភ្នំពេញ ផ្តល់​ឲ្យ​ក្រុមហ៊ុន អូស៊ីអាយស៊ី របស់​ឧកញ៉ា ពុង ខៀវសែ ម្ចាស់​ធនាគារ​កាណាឌីយ៉ា (Canadiana) វិនិយោគ​ដី​នៅ​ជ្រោយចង្វារ ជា​តំបន់​រណប​រាជធានី។ លោក​បន្ត​ថា ការ​បូម​ខ្សាច់​ចាក់​លើ​ដី​ដើម​បណ្ដឹង​នោះ មិន​បាន​បំបាត់​ភស្តុតាង​ព្រំ​ប្រទល់​ដី​ទេ គឺ​ដី​នៅ​តែ​ជា​ដី មិន​បាត់​ទៅ​ណា​ឡើយ ហើយ​សាលា​រាជធានី​ភ្នំពេញ រង់ចាំ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ដែល​ស្ម័គ្រចិត្ត​ទទួល​យក​ប្រាក់​គោល​នយោបាយ។ លោក​ស្នើសុំ​ឲ្យ​តុលាការ ច្រាន​ចោល​ពាក្យ​ស្នើសុំ​រក្សា​ការពារ​ដី​របស់​ប្រជាពលរដ្ឋ ហើយ​បើក​ផ្លូវ​ឲ្យ​មាន​ការ​វិនិយោគ​បន្ត។

មន្ត្រី​ផ្នែក​ច្បាប់ នៃ​អង្គការ​សិទ្ធិ​លំនៅឋាន លោក ណន អូននី ឲ្យ​ដឹង​ថា ក្រុមហ៊ុន អូស៊ីអាយស៊ី និង​សាលា​រាជធានី​ភ្នំពេញ បាន​រំលោភ​ច្បាប់​ភូមិបាល​មាត្រា​២៤៩ និង​២៥០។ លោក​ថា សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​អ្នក​ដទៃ ត្រូវ​មាន​ទោស​ព្រហ្មទណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។