ពលរដ្ឋពីរគ្រួសាររស់នៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បារម្ភខ្លាចតុលាការឃុំខ្លួន បន្ទាប់ពីសាលាដំបូងខេត្តស្ទឹងត្រែង បានចេញដីកាកោះហៅឲ្យចូលខ្លួនស្រាយបំភ្លឺរឿងកាប់រានដីព្រៃ កាលពីថ្ងៃទី១៧ តុលា ក៏ប៉ុន្តែអ្នកភូមិបដិសេធ។
ពលរដ្ឋពីរគ្រួសាររស់នៅភូមិស្រែគរ២ ឃុំស្រែគរ ឲ្យដឹងនៅថ្ងៃទី១៩ តុលា ថា ពួកគេកំពុងស្វែងរកការអន្តរាគមន៍ពីអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ ក្រោយពីតុលាការចេញដីកាកោះហៅអ្នកភូមិឲ្យចូលបំភ្លឺ ផ្អែកតាមពាក្យបណ្ដឹងរបស់មន្ត្រីរដ្ឋបាលព្រៃឈើ។
តំណាងពលរដ្ឋ លោក ពុធ ឃឿន ចាត់ទុកដីកាកោះហៅនេះ ថាហាក់កំពុងដាក់សម្ពាធឲ្យអ្នកភូមិទទួលយកសំណងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២។ លោកកត់សម្គាល់ថា ព្រៃសហគមន៍ដែលអ្នកភូមិកាប់រាន ជាព្រៃរិចរិលដែលនៅសេសសល់ក្រោយពីក្រុមហ៊ុនសម្អាតបាតអាង កាប់ឈើធំៗ និងឈើធ្វើជន្លង់ម្រេចកាលពីមុនឆ្នាំ២០១៤។ រហូតដល់ចុងឆ្នាំ២០១៤ ពលរដ្ឋប្រមាណ ២០០គ្រួសារ បានសម្រុកកាប់ឆ្ការព្រៃសហគមន៍ទំហំក្បាលដី ៣០ម៉ែត្រទៅ ៩០ម៉ែត្រ ជម្រៅពី ៥០ម៉ែត្រទៅ ១០០ម៉ែត្រ ដោយសំអាងថា ដីនោះជាបរិវេណដីព្រៃសមូហភាពសហគមន៍ ម្យ៉ាងភូមិកំណើតរបស់ពួកគេត្រូវគំរាមកំហែងដោយទឹកជំនន់ បើទំនប់ត្រូវបានបើកឲ្យដំណើរការ៖ « និយាយទៅគេឈូសព្រៃប៉ុន្មានរយហិកតារមិនធ្វើផង។ ប្រជាពលរដ្ឋគ្រាន់តែកាប់ដាំដំឡូងដាំម្រេចហ្នឹង ក៏ចាំបាច់គាបសង្កត់។ មានន័យថា មន្ត្រីរដ្ឋបាលព្រៃឈើគាបសង្កត់ គាត់មិនព្រមចាកចេញតាមផ្លូវតុលាការ។ សរសេរកំណត់ហេតុចោទពលរដ្ឋថា ឈូសឆាយមានអាត្រាក់ និងអាបុល ណាថាឈូសឆាយ »។
កាលពីថ្ងៃទី១០ តុលា ចៅក្រមស៊ើបសួរខេត្តស្ទឹងត្រែង អ្នកស្រី សាយ ស្រីល័ក្ខណ៍ បានកោះហៅបុរសឈ្មោះ ឡុត វ៉ាន់ អាយុ ៤៣ឆ្នាំ និងឈ្មោះ នួន ថម អាយុ ២០ឆ្នាំ ឲ្យចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្តនេះ លើសំណុំរឿងព្រហ្មទណ្ឌកាប់រានដីព្រៃ និងឈូសឆាយដីព្រៃគ្មានលិខិតអនុញ្ញាត។
អាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក ឈៀង តុលា ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេនៅថ្ងៃទី១៩ តុលា ព្រោះទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។
ព្រៃសហគមន៍ឃុំស្រែគរ ឬព្រៃអ្នកតារកាកាន់ ឋិតនៅអមសងខាងផ្លូវចូលការដ្ឋានក្រុមហ៊ុនសម្អាតផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ មានទំហំជាង ២.៦០០ហិកតារ ជាតំបន់ព្រៃត្រៀមបម្រុងសម្រាប់ការប្រើប្រាស់ជាសមូហភាពសហគមន៍។ ព្រៃសហគមន៍នោះ មួយផ្នែកឋិតក្នុងបរិវេណផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២។
មេឃុំស្រែគរ លោក សៀក មេគង្គ កត់សម្គាល់ថា មន្ត្រីរដ្ឋបាលព្រៃឈើគួរតែសហការជាមួយអាជ្ញាធរមូលដ្ឋានជាមុនសិន ដើម្បីស្រង់ទិន្នន័យជាក់លាក់ និងអប់រំណែនាំអ្នកភូមិ ឬធ្វើកិច្ចសន្យាបញ្ឈប់តាមនីតិវិធី មុនពេលសំណុំរឿងដល់តុលាការ។ លោកទទួលស្គាល់ថា សកម្មភាពកាប់ឆ្ការព្រៃរបស់អ្នកភូមិ គឺជាអំពើខុសច្បាប់។ តែយ៉ាងណា ពាក្យបណ្ដឹងរបស់មន្ត្រីរដ្ឋបាលព្រៃឈើ ហាក់មិនបានស៊ើបអង្កេតឲ្យគ្រប់ជ្រុងជ្រោយ និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន។ លោក សៀក មេគង្គ ចាត់ទុកដីកាកោះហៅនេះ គឺជាការគំរាមកំហែងពលរដ្ឋដែលបដិសេធមិនព្រមទទួលយកសំណងផលប៉ះពាល់៖ « ក្រុមប្រឹក្សាឃុំជំទប់ទាំងអស់ហ្នឹង បើតាមកាប់ព្រៃទាំងអស់ហ្នឹង។ ចឹងបានថាបើយើងចោទប្រកាន់បែបហ្នឹង រើសអើងមិនត្រូវទេ។ បើចោទប្រកាន់ទាំងអស់គ្នាទៅ យើងអ្នកដឹងច្បាប់ គួរតែណែនាំគាត់សិនមុននឹងចោទប្រកាន់ »។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល យល់ថា ប្រសិនបើអ្នកភូមិមិនចូលខ្លួនស្រាយបំភ្លឺ តុលាការអាចនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនលើកទី២។ លោកថា តាមផ្លូវច្បាប់ ពលរដ្ឋត្រូវតែចូលខ្លួនតាមដីកាកោះរបស់តុលាការ ហើយតុលាការគួរតែប្រើឆន្ទៈមួយដោយយល់ថា ពលរដ្ឋមានការយល់ដឹងទាប គួរតែអប់រំ ឬធ្វើកិច្ចសន្យាបញ្ឈប់ ជាជាងការដាក់ទណ្ឌកម្មផ្លូវច្បាប់៖ « ពលរដ្ឋត្រូវតែមកឆ្លើយបំភ្លឺប្រាប់ចៅក្រមគេ។ ខ្ញុំគិតថាចៅក្រមខ្លះក៏គាត់មានគុណធម៌ដែរ គាត់មិនចេះតែធ្វើបាបមនុស្សនោះទេ។ សំខាន់យើងបានមកឆ្លើយប្រាប់គាត់ពីអង្គហេតុពិតប្រាកដទៅ កន្លះហិកតារ មួយហិកតារទៅ ដើម្បីអាស្រ័យផល ដើម្បីកុំឲ្យធ្វើខ្លះម៉េច បើគេដទៃគេធ្វើដែរ »។
រហូតមកទល់បច្ចុប្បន្ន ប្រជាពលរដ្ឋជាង ៩០គ្រួសារក្នុងចំណោមអ្នកភូមិសរុបចំនួន ៥៧០គ្រួសារ មិនទាន់យល់ព្រមទទួលយកសំណងនោះឡើយ។ ដោយឡែកគោលនយោបាយផ្ដល់សំណងផលប៉ះពាល់ ប្រជាពលរដ្ឋឃុំស្រែគរ ឋិតក្នុងគម្រោងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋានទៅតាំងទីលំនៅកន្លែងថ្មី។ ក្រៅពីសំណងផ្ទះសម្បែង ដីលំនៅឋាន ផលដំណាំ រាជរដ្ឋាភិបាលសម្រេចផ្ដល់ដីកសិកម្មជាកម្មសិទ្ធិជូនអ្នកភូមិក្នុងមួយគ្រួសារ ៥ហិកតារដូចៗគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
