ក្នុងសលាកប័ត្រព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស (ម.ស.ម.ក) ចេញផ្សាយនៅ ថ្ងៃទី៥ ឧសភា នេះ ម.ស.ម.ក បានសុំឲ្យរដ្ឋាភិបាលបើកឲ្យមានការចូលរួមពីសាធារណៈមតិ ក្នុងការចូលរួមផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពី សេរីភាពសារព័ត៌មាន ដើម្បីឲ្យច្បាប់នេះមានតម្លាភាពច្បាស់លាស់។
ម.ស.ម.ក បានហៅការហាមរបស់រដ្ឋាភិបាលចំពោះអង្គការសង្គមស៊ីវិល និងសារធារណៈមតិនានា មិនឲ្យចូលរួមបញ្ចេញយោបល់លើសេចក្ដីព្រាងពាក់ព័ន្ធតុលាការកន្លងមកថា ជារឿងអាថ៌កំបាំង និងជារឿងខុសច្បាប់រដ្ឋធម្មនុញ្ញ ព្រោះថា ច្បាប់រដ្ឋធម្មនុញ្ញមិនបានចែងហាមអង្គការក្រៅរដ្ឋាភិបាល រួមទាំងសង្គមស៊ីវិលចូលរួមពិភាក្សាកែលម្អច្បាប់នោះទេ។
សលាកប័ត្រព័ត៌មាន ម.ស.ម.ក ដដែលសរសេរថា រដ្ឋាភិបាលបាលបានតាក់តែងច្បាប់សំខាន់ៗកន្លងមក ហើយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងសេរីភាពប្រជាពលរដ្ឋខ្មែរ ដោយសារតែមិនឲ្យអង្គការនិងសង្គមស៊ីវិលនានា ចូលរួមបញ្ចេញយោបល់។
សេចក្ដីព្រាងច្បាប់ទាំងនោះមានដូចជា ច្បាប់ស្ដីពីការរៀបចំអង្គតុលាការ ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា ច្បាប់ស្ដីពីសហជីព សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ជាដើម។
ទាក់ទងនឹងសង្គមស៊ីវិលទាមទារចូលរួមពិភាក្សាលើសេចក្ដីព្រាងច្បាប់ទាំងប៉ុន្មាននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាកាសកាលពីថ្ងៃទី២៨ មេសា កន្លងទៅនេះថា ច្បាប់រដ្ឋធម្មនុញ្ញមិនបានចែងឲ្យរដ្ឋាភិបាលបញ្ជូនសេចក្ដីព្រាងច្បាប់ទៅអង្គការសង្គមស៊ីវិលជួយពិនិត្យពិភាក្សាទេ ព្រោះស្ថាប័ននេះ មិនមែនជាអ្នកតំណាងរាស្ត្រឬរដ្ឋសភា។
ក៏ប៉ុន្តែ ម.ស.ម.ក បានឆ្លើយតបនៅថ្ងៃទី៥ ឧសភា នេះ ថា ម.ស.ម.ក ក៏មិនឃើញមានមាត្រាណាមួយក្នុងរដ្ឋធម្មនុញ្ញ ហាមប្រាមរដ្ឋាភិបាលក្នុងការចែករំលែកសេចក្ដីព្រាងច្បាប់ជូនសាធារណៈជនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
