អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​កុំ​ឲ្យ​រដ្ឋសភា​អនុម័ត​ច្បាប់​ទាក់ទង​វិស័យ​តុលាការ

ដោយ យាង សុជាមេត្តា
2014.04.20
បឹង​កក់ ៦១០ តំណាង​អ្នក​បឹងកក់ ៤​នាក់ អង្គុយ​សមាធិ​បង្អត់​អាហារ​នៅ​មុខ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​តុលាការ​ផ្ដល់​យុត្តិធម៌ និង​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា កាល​ពី​ព្រឹក​ថ្ងៃ​៣ មិថុនា ឆ្នាំ​២០១៣។
RFA/Mom Sophon

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អំពាវនាវ​ឲ្យ​រដ្ឋ​សភា​ផ្អាក​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាក់ទង​នឹង​វិស័យ​តុលាការ ដែល​គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​សម្រេច​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​មិន​គួរ​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​នោះ​ទេ លុះ​ណា​តែ​មាន​ការ​ផ្សព្វផ្សាយ​បើក​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ទូលំទូលាយ​ជាមុន និង​លុះ​ណា​តែ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​២ ចូល​អង្គុយ​ក្នុង​រដ្ឋ​សភា។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​មេសា បាន​អំពាវនាវ​កុំ​ឲ្យ​រដ្ឋ​សភា​កម្ពុជា អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន ៣ គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា។ សេចក្ដី​ព្រាងច្បាប់​ទាំង ៣​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា សម្រេច​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៤ ហើយ​ជំហាន​បន្ទាប់ គឺ​បញ្ជូន​ទៅ​រដ្ឋ​សភា​សម្រេច​និង​អនុម័ត។

អង្គការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ លើក​ឡើង​ថា វា​ជា​ការ​សំខាន់​ណាស់​ដែល​រដ្ឋ​សភា ត្រូវ​បង្ហាញ​សេចក្ដី​ព្រាង​ច្បាប់​ជា​សាធារណៈ ដើម្បី​អនុញ្ញាត​ឲ្យ​ដៃគូ​ពាក់ព័ន្ធ​នានា រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​សាធារណជន​ទូទៅ​អាច​ឆ្លើយ​តប និង​ផ្ដល់​មតិ​យោបល់។ ស្ថាប័ន​នេះ​កត់សម្គាល់​ដែរ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​នូវ​សិទ្ធិ​ចូល​រួម​ក្នុង​ការ​កំណត់​ជោគ​វាសនា​របស់​ប្រទេស​ជាតិ។ ប្រការ​នេះ​ពលរដ្ឋ​គ្រប់​រូប​គប្បី​មាន​ឱកាស​ផ្ដល់​មតិ​យោបល់​របស់​ខ្លួន​ទៅ​លើ​ច្បាប់​ទាំង​អស់​នេះ។

អ្នក​សម្របសម្រួល​គម្រោង​សង្កេតការណ៍​សវនាការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឌុច ពិសិដ្ឋ បាន​មាន​ប្រសាសន៍​ថា ច្បាប់​ទាំង ៣​នេះ មាន​សារសំខាន់​ណាស់​ចំពោះ​មុខ​ងារ​របស់​តុលាការ​នៅ​កម្ពុជា ដែល​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ឯករាជភាព ប្រសិទ្ធភាព និង​តម្លាភាព​របស់​តុលាការ។ តែ​លោក​ថា កង្វះ​តម្លាភាព​ជា​ទូទៅ​ជុំវិញ​ច្បាប់​ទាំង​នេះ ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ជា​ខ្លាំង និង​មាន​មន្ទិល​ទៅ​លើ​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ព្យាយាម​លាក់បាំង។ លោក​ថា ការ​ពិភាក្សា និង​ការ​ចូលរួម​ជា​ចំហ​នៅ​ក្នុង​ដំណើរ​ការ​តាក់តែង និង​អនុម័ត​ច្បាប់​ទាំង​នេះ នឹង​ជួយ​កសាង​ទំនុក​ចិត្ត​ឡើង​វិញ​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

លោក ឌុច ពិសិដ្ឋ៖ «នៅ​ពេល​ដែល​យើង​យក​ទៅ​អនុវត្ត ច្បាប់​នេះ​មាន​បញ្ហា អា​ហ្នឹង​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​ប្រជាជន ហើយ​ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល អ៊ីចឹង​យើង​ចង់​ឲ្យ​ពលរដ្ឋ​ទាំង​មូល​រួម​គ្នា​ទទួល​ខុស​ត្រូវ ទៅ​លើ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ ពីព្រោះ​ច្បាប់​នេះ គឺ​ជា​កាំបិត​មុខ​២ មាន​ន័យ​ថា វា​អាច​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​ឯករាជ្យ និង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ហើយ​ក៏​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​គាប​សង្កត់ ឬ​ការ​ជះ​ឥទ្ធិពល​ជា​ខ្លាំង​ពី​អង្គ​នីតិប្រតិបត្តិ​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ដែរ​អ៊ីចឹង​ហើយ បាន​ជា​យើង​ចង់​ឲ្យ​មាន​ការ​ជជែក​គ្នា​ឲ្យ​បាន​ច្រើន​មុន​នឹង​យើង​អនុម័ត​ច្បាប់​នេះ»

ជា​ថ្មី​ម្ដង​ទៀត មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋ​សភា​រង់ចាំ​រហូត​ដល់​បញ្ហា​ជាប់​គាំង​នយោបាយ​ត្រូវ​បាន​ដោះស្រាយ មុន​នឹង​ធ្វើ​ការ​ជជែក​ពិភាក្សា​និង​អនុម័ត​ច្បាប់​ថ្មី។ ស្ថាប័ន​សិទ្ធិ​មនុស្ស​មួយ​នេះ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា សេចក្ដី​ព្រាង​ច្បាប់​នឹង​មិន​ត្រូវ​បាន​ពិនិត្យ​ពិច័យ​ឲ្យ​បាន​គ្រប់គ្រាន់ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ទាំង​ស្រុង​នោះ​ទេ ប្រសិន​បើ​មាន​តែ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អង្គុយ​នៅ​ក្នុង​រដ្ឋ​សភា​តែ​មួយ​នោះ។

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ មន្ត្រី​ជាន់​ខ្ពស់​និង​ជា​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​មាន​ប្រសាសន៍​ដោយ​ខ្លី​នៅ​ថ្ងៃ​ទី​២០ មេសា ថា លោក​មិន​ខ្វល់​នឹង​ការ​លើក​ឡើង​នេះ​ទេ៖ «ខ្ញុំ​អត់​ឈឺ​ក្បាល​ទេ គេ​លើក​អី​លើក​ទៅ អ៊ីចឹង​ហើយ​ណា សុំ​ទោសៗ ខ្ញុំ​ឲ្យ​គេ​លើក​ចុះ មិន​មែន​រឿង​របស់​ខ្ញុំ​ផង»

រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​ទាក់ទង​នឹង​ប្រព័ន្ធ​តុលាការ​ទាំង​៣​នេះ ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ផ្អែក​តាម​បទពិសោធន៍​នៃ​ប្រទេស​ដែល​មាន​នីតិរដ្ឋ​រីក​ចម្រើន និង​រឹងមាំ​នានា និង​ដោយ​មាន​ការ​ជួយ​រៀបចំ​ពី​អ្នក​ជំនាញ​ការ​ច្បាប់​របស់​សាធារណរដ្ឋ​បារាំង ទៀត​ផង។ តែ​ប្រការ​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា រដ្ឋាភិបាល​មិន​គួរ​បោះបង់​ចោល​គំនិត​អ្នក​នៅ​ក្នុង​ស្រុក​នោះ​ទេ។ សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំង​នៅ​ក្នុង​ស្រុក​និង​អន្តរជាតិ។

ជុំវិញ​ការ​ព្យាយាម​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថ្មីៗ ក្នុង​ពេល​ដែល​បញ្ហា​ជាប់​គាំង​នយោបាយ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នេះ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ជាមួយ​លោក ជុន ច័ន្ទបុត្រ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា យ៉ាង​ដូច្នេះ​ថា៖ «ប្រសិន​ជា​មាន​ការ​ជួប​គ្នា​ភ្លាម​ទៀត គឺ​យើង​នឹង​លើក​រឿង​ហ្នឹង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា នៅ​ពេល​ដែល​យើង​ចង់​ដោះស្រាយ​បញ្ហា​នយោបាយ លោក​អត់​ត្រូវ​ឆ្លៀត​ឱកាស ឆក់​ឱកាស​យក​មក​ធ្វើ​ច្បាប់​ឯកបក្ស​អ៊ីចឹង​ទេ បើ​ច្បាប់​ជា​ឯកបក្ស​ជា​ច្បាប់​អត់​តម្លៃ ព្រោះ​ច្បាប់​យើង​ធ្វើ​ដើម្បី​អី? ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ មិន​មែន​ធ្វើ​ច្បាប់​ដើម្បី​បម្រើ​តែ​ប្រជាពលរដ្ឋ​ដែល​បោះ​ឆ្នោត​ឲ្យ​តែ​គណបក្ស​ប្រជាជន​ទេ ច្បាប់​ត្រូវ​តែ​មាន​តម្លៃ​មួយ​ដែល​សម្រាប់​សកល​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​អស់​គ្នា»

លោក កឹម សុខា ថ្លែង​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​ធ្វើ​ច្បាប់​ប្រញាប់​ប្រញាល់​បែប​នេះ គឺ​មាន​បំណង​ឆក់​យក​ឱកាស​ជ្រើសរើស​ធ្វើ​ច្បាប់​ទាំង​ឡាយ​ណា​ដែល​គណបក្ស​កាន់​អំណាច​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​គាំទ្រ​ចំពោះ​ច្បាប់​ទាំង​នោះ។ ទោះ​យ៉ាង​ណា លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​យល់​ខុស​ចំពោះ​ការ​ឆក់​ឱកាស​នេះ ព្រោះ​ថា បើ​គណបក្ស​កាន់​អំណាច​នៅ​តែ​ចចេស​ធ្វើ​ច្បាប់​ទាំង​នេះ នោះ​មាន​ន័យ​ថា គណបក្ស​កាន់​អំណាច​កំពុង​តែ​​បង្ហាញ​មុខ​អាក្រក់​ខ្លួន​ឯង​ឲ្យ​សហគមន៍​អន្តរជាតិ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។