អង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើលិខិតកាលពីខែមិថុនា ឆ្នាំ២០១១ ទៅប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យពិនិត្យ និងដោះស្រាយ។ ប៉ុន្តែរហូតដល់ខែឧសភា ឆ្នាំ២០១៣ មិនទាន់មានការឆ្លើយតបពីរដ្ឋបាលព្រៃឈើទេ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ បានអំពាវនាវនៅថ្ងៃទី១០ ខែឧសភា សុំឲ្យក្រសួងពាក់ព័ន្ធចុះអនុវត្តច្បាប់ និងទប់ស្កាត់បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នោះ។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ ថ្លែងអះអាងថា បទល្មើសព្រៃឈើនៅបន្តមានមកដល់ពេលនេះ ព្រោះតែមន្ត្រីរបស់ក្រសួងពាក់ព័ន្ធ មិនព្រមចុះត្រួតពិនិត្យព្រៃអភិរក្សសម្រាប់ជម្រកសត្វនៅភ្នំឱរ៉ាល់ ដែលបានការពារដោយព្រះរាជក្រឹត្យ។ លោកបន្តថា អង្គការនេះបានប្ដឹងអំពីបទល្មើសព្រៃឈើនោះទៅព្រះមហាក្សត្រ ទៅក្រសួងបរិស្ថាន ទៅក្រសួងកសិកម្ម ទៅអង្គភាពប្រឆាំងអំពើពុករលួយ ទៅតុលាការសាលាដំបូងខេត្តកំពង់ស្ពឺ សាលាឧទ្ធរណ៍ និងថ្មីៗនេះប្ដឹងទៅតុលាការកំពូល។
លោក ជា ហ៊ាន៖ «ក្នុងតំបន់ដែនជម្រក គឺក្រសួងបរិស្ថាន ជាអ្នកទទួលខុសត្រូវក៏ពិតមែន ក៏ប៉ុន្តែការដឹកជញ្ជូនមក គឺឆ្លងកាត់រដ្ឋបាលព្រៃឈើ។ អីចឹងរដ្ឋបាលព្រៃឈើ គួរតែមានវិធានការទប់ស្កាត់ បើសិនជាការដឹកអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាល រដ្ឋបាលព្រៃឈើគួរតែចាប់ដើម្បីកសាងបញ្ជូនទៅតុលាការ។ តែទីបំផុត ខាងរដ្ឋបាលព្រៃឈើអត់ចាត់វិធានការ ហើយខ្ញុំបានរាយការណ៍ជូនរដ្ឋបាលព្រៃឈើ។ រដ្ឋបាលព្រៃឈើបានដោះសារថា ខ្ញុំអត់មានតួនាទីទេ កម្លាំងខ្ញុំតិច អត់មានកងកម្លាំងប្រដាប់អាវុធ»។
បណ្ដឹងរបស់អង្គការនេះ ត្រូវបានប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានផ្ញើលិខិតមួយច្បាប់ទៅប្រធានរដ្ឋបាលព្រៃឈើ លោក ឆេង គឹមស៊ុន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១១ សូមឲ្យពិនិត្យ និងដោះស្រាយ ហើយសូមបញ្ជូនរបាយការណ៍អំពីលទ្ធផលដោះស្រាយនោះ មកអង្គភាពប្រឆាំងអំពើពុករលួយវិញ។
ឆ្លើយតបបញ្ហានោះ ប្រធានរដ្ឋបាលព្រៃឈើ លោក ឆេង គឹមស៊ុន មានប្រសាសន៍នៅថ្ងៃទី១០ ខែឧសភា ថា បទល្មើសព្រៃឈើដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នោះ ជាសមត្ថកិច្ចការពាររបស់ក្រសួងបរិស្ថាន មិនពាក់ព័ន្ធរដ្ឋបាលព្រៃឈើទេ៖ «អីចឹងការងារហ្នឹង ខាងអង្គភាពប្រឆាំងអំពើពុករលួយប្រគល់ឲ្យទៅខាងបរិស្ថាន ពីព្រោះមិនស្ថិតនៅក្រោមសមត្ថកិច្ចខាងខ្ញុំ ជាអ្នកចាត់ចែងតាមដានការងារនេះទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ លោក ឈុន ឈៀហេង បានភ្លាមៗទេ នៅទី១០ ខែឧសភា ដើម្បីបំភ្លឺតបទៅនឹងបណ្ដឹងរបស់អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ។
កាលពីថ្ងៃទី៨ និងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ តំណាងរាស្ត្រនៅក្នុងរដ្ឋសភាបង្ហាញនៅក្នុងការពិភាក្សាលើសេចក្តីព្រាងច្បាប់សហគមន៍កសិកម្ម ពីការបំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា ថា ដោយសារការទន្ទ្រានយកដីដាំដុះ និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់ការវិនិយោគដំណាំកសិឧស្សាហកម្ម។ ការដោះស្រាយបញ្ហាបទល្មើសព្រៃឈើនេះ ត្រូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន ថ្លែងប្រាប់អ្នកតំណាងរាស្ត្រទាំងអស់វិញថា គឺរដ្ឋាភិបាលបានដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនចំនួន៦៣ មានផ្ទៃដីទំហំ ៥១ម៉ឺនហិកតារ ដោយសារតែក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចទាំងនោះមិនគោរពគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ចំណែកអ្នកតំណាងរាស្ត្រ ហែម ខន បញ្ជាក់ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់សហគមន៍កសិកម្មថា ដីដកហូតពីក្រុមហ៊ុននោះមិនចែកឲ្យក្រុមហ៊ុនដទៃវិនិយោគទេ គឺចែកជូនប្រជាពលរដ្ឋកាន់កាប់។ រីឯដីសម្បទានសេដ្ឋកិច្ចនោះជាង ១លាន ៥សែនហិកតារ ក្នុងនោះមានដំណាំកៅស៊ូ ១លាន ២សែនហិកតារ ស្មើនឹង ៨០% នៃផ្ទៃដីដែលរដ្ឋាភិបាលបានធ្វើការសម្បទានដីទៅឲ្យក្រុមហ៊ុនវិនិយោគ។
ទោះជាយ៉ាងណា បណ្ដឹងរបស់អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ ត្រូវតុលាការកំពូលទទួលពាក្យបណ្ដឹងសាទុក្ខ តាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ និងរង់ចាំចាត់ការនាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
