មេធាវីការពារក្ដីរបស់លោក មាជ សុវណ្ណារ៉ា ឲ្យដឹងថា លោកនឹងដាក់ពាក្យស្នើសុំឲ្យសាលាឧទ្ធរណ៍បើកការជំនុំជម្រះឲ្យបានលឿន។ ការសម្រេចបែបនេះរបស់មេធា គឺតាមបំណងរបស់លោក មាជ សុវណ្ណារ៉ា ដើម្បីចង់បានយុត្តិធម៌ពីសាលាឧទ្ធរណ៍។
មេធាវីការពារក្តីរបស់លោក មាជ សុវណ្ណារ៉ា គឺលោក សំ សុគង់ ឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ថា កូនក្ដីលោកផ្ដល់ការទុកចិត្តលើតុលាការជាន់ខ្ពស់មួយនេះ។ ម្យ៉ាងវិញទៀត លោកថា រយៈពេលដែលកូនក្ដីជាប់ឃុំក៏កាន់តែអូសបន្លាយទៅហើយដែរ ដូច្នេះលោកត្រូវរកច្រកចេញផ្សេងទៀតដើម្បីឲ្យកូនក្ដីលោកមានសេរីភាព៖ «គាត់ (លោក មាជ សុវណ្ណរ៉ា) នៅតែរង់ចាំយុត្តិធម៌ដែលមួយអាចកើតមាននៅសាលាឧទ្ធរណ៍ជាតុលាការជាន់ខ្ពស់ មានចៅក្រម ៣រូប ដែលឈរលើជំហរឯករាជ្យ គាត់ចង់ដឹងថា តើមានការប្រែប្រួល ឬរក្សាបទចោទនៅសាលាដំបូង»។
លោក មាជ សុវណ្ណារ៉ា ធ្លាប់ស្នើសុំតុលាការកំពូលនៅក្រៅឃុំបណ្ដោះអាសន្នម្ដងរួចហើយ ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ។ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ រូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោមបទចោទថា ជាអ្នកដឹកនាំកុប្បកម្ម និងបង្កឲ្យមានហិង្សានៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ២០១៤។ ជាមួយគ្នានេះ នៅមានសកម្មជន ១០នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងដូចគ្នានេះដែរក្នុងថ្ងៃបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
