ក្រៅពីកិច្ចប្រជុំចរចាគ្នាលើកំណែទម្រង់ការបោះឆ្នោតរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទ ទី១០ វិច្ឆិកា ក៏មានកិច្ចប្រជុំនៅក្នុងគណៈកម្មការជំនាញទីពីរនៃរដ្ឋសភាលើការវាយតម្លៃច្បាប់ថវិកាជាតិ សម្រាប់ចំណាយនៅឆ្នាំ២០១៥។ លទ្ធផលនៃកិច្ចប្រជុំនោះ គណៈកម្មការជំនាញរវាងគណបក្សទាំងពី បានពិភាក្សាដោយរលូនក្នុងការរៀបចំច្បាប់ថវិកាជាតិ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត។
គណៈកម្មការជំនាញទីពីរនៃរដ្ឋសភា នៅថ្ងៃច័ន្ទនេះ បានបញ្ចប់កិច្ចប្រជុំវាយតម្លៃរបាយការណ៍ច្បាប់ថវិកាជាតិប្រចាំឆ្នាំ២០១៥ ដោយគ្មានការខ្វែងគំនិតគ្នា ឬប្រឆាំងគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិឡើយ។ លទ្ធផលនៃកិច្ចប្រជុំនេះ ភាគីទាំងពីនៅក្នុងគណៈកម្មការជំនាញទីពីរនៃរដ្ឋសភា បានព្រមព្រៀងស្នើសុំឯកសារបន្ថែមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធ្វើជាមូលដ្ឋានរៀបចំច្បាប់ថវិកាជាតិចំណាយប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព ប៉ុន្តែការអនុវត្ត លើការស្នើសុំឯកសារនេះ ហាក់នៅមានភាពស្រពេចស្រពិលនៅឡើយ។
អនុប្រធានទីមួយនៃគណៈកម្មការជំនាញទីពីរនៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានអះអាងថា ទោះបីជាលទ្ធផលបានព្រមព្រៀងបែបនេះក្ដី ប៉ុន្តែលោកនៅតែសរសេរលិខិតដាច់ដោយឡែកស្នើសុំឯកសារស្ដីពីរបាយការណ៍ចំណូលចំណាយថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដដែល ព្រោះច្បាប់ថវិកាជាតិនេះ នៅមានភាពខ្វះចន្លោះមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងការប្រមូលពន្ធពីប្រេងសាំង និងពន្ធពីវិស័យកាស៊ីណូ៖ «គណៈកម្មការហាក់ដូចជាយល់ស្របគ្នា ថាត្រូវមានឯកសារបន្ថែម ដើម្បីយកជាមូលដ្ឋានក្នុងការបញ្ជាក់ជាមួយរាជរដ្ឋាភិបាល នៅពេលណាដែលយើងហៅមកបំភ្លឺនៅក្នុងគណៈកម្មការ។ នេះជាចំណុចមួយ ហើយយើងឃើញមានការខ្វះខាតមួយចំនួន ព័ត៌មានទាំងការប្រមូលធនធាន ក៏ដូចជាការចាយវាយមានចន្លោះប្រហោងច្រើន ពាក់ព័ន្ធនឹងប្រមូលពន្ធ ទាំងពន្ធដារ និងពន្ធផ្សេងៗ ដូចជាពន្ធប្រេង»។
លោក សុន ឆ័យ មានប្រសាសន៍បន្ថែមទៀតថា លទ្ធផលកិច្ចព្រមព្រៀងនេះ ហាក់មិនមានប្រសិទ្ធភាពប្រសិនបើគ្មានការចូលរួមពីស្ថាប័នក្រសួងជំនាញ ជាពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ បញ្ហានេះ នឹងជះឥទ្ធិពលដល់ការអនុម័តច្បាប់ថវិកាជាតិនៅចុងខែវិច្ឆិកានេះ នឹងមានការតវ៉ាប្រឆាំង ឬធ្វើពហិការពីសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ។
ទោះជាយ៉ាងណាក៏ដោយ តាមគម្រោង មុននឹងឈានដល់ការអនុម័តច្បាប់ថវិកាជាតិនេះ គណៈកម្មការជំនាញទីពីរនៃរដ្ឋសភា នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ នៅវិមានរដ្ឋសភា នៅថ្ងៃទី១៨ វិច្ឆិកា ដើម្បីសួរដេញដោលអំពីគម្រោងច្បាប់ថវិកាជាតិដែលមានការចូលរួមពីអង្គការសង្គមស៊ីវិលនានានៅកម្ពុជា និងនៅថ្ងៃទី២៤ ខែវិច្ឆិកា គណៈកម្មការនេះ ក៏គ្រោងនឹងអញ្ជើញខាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សាកសួរនិងពិគ្រោះយោបល់បន្ថែម។
ក្រៅពីនេះ រដ្ឋសភានឹងអញ្ជើញស្ថាប័នផ្ដល់ជំនួយអភិវឌ្ឍន៍ដ៏ធំមួយនៅកម្ពុជា ជាពិសេសធនាគារពិភពលោក ដើម្បីរិះគន់ និងវាយតម្លៃច្បាប់ថវិកាជាតិប្រចាំឆ្នាំ២០១៤ មុននឹងប្រគល់ជូនសភាអនុម័ត។ របាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញថា ធនាគារនេះបានផ្ដល់ហិរញ្ញប្បទាន លើគម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាច្រើន គិតចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន ក្នុងនោះគម្រោងនីមួយៗ មានតម្លៃយ៉ាងហោចណាស់ ៣០លានដុល្លារអាមេរិក។
សេចក្ដីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៥ មាន ៦ជំពូក ដែលបានកំណត់ការចំណាយថវិកាជាតិសរុប ស្មើនឹង ២០% នៃទំហំសេដ្ឋកិច្ចជាតិ ដែលទឹកប្រាក់នេះ កើនឡើងជាងឆ្នាំមុនប្រមាណ ១០% ហើយមានទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
