មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​នៅ​បាត់ដំបង​ត្រូវ​ប្ដឹង​ពី​បទ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ

0:00 / 0:00

មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​បវេល ខេត្ត​បាត់ដំបង រង​ការ​ចោទ​ប្រកាន់​ថា បាន​បើក​ឡាន​ចូល​ទៅ​ឈប់​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ បន្ទាប់​មក​ចុះ​ពី​លើ​រថយន្ត​ចូល​ទៅ​ក្នុង​ផ្ទះ​ចាប់​បោច​សក់​អូស​យុវជន​ម្នាក់​មក​ខាង​ក្រៅ យក​អាវុធ​ភ្ជង់​ក្បាល​វាយ​នឹង​ស្វាយ​កាំភ្លើង បណ្ដាល​ឲ្យ​បែក​ក្បាល​ដោយ​ពុំ​មាន​មូលហេតុ​ច្បាស់​លាស់។ ករណី​ហិង្សា​នេះ ក្រុម​គ្រួសារ​ជន​រងគ្រោះ​កំពុង​ស្វះ​ស្វែង​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ដោយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ។

គ្រួសារ​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​ចោទ​ប្រកាន់​មេ​បញ្ជាការ​ប៉េអិម​ស្រុក​បវេល ម្នាក់​ពី​បទ​ប្រើ​អំពើ​ហិង្សា អាវុធ​ភ្ជង់ និង​វាយ​នឹង​ស្វាយ​កាំភ្លើង​ទៅ​លើ​ប្រជាពលរដ្ឋ​ម្នាក់​ដោយ​ពុំ​មាន​មូលហេតុ​ច្បាស់​លាស់ បណ្ដាល​ឲ្យ​ជន​រងគ្រោះ​របួស​បែក​ក្បាល។

ប្រជាពលរដ្ឋ​ឈ្មោះ យួម យឿត អាយុ ៥០​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំងក្បាលស្វា ឃុំ​ឃ្លាំងមាស ស្រុក​បវេល ខេត្ត​បាត់ដំបង។ លោក​ថ្លែង​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ថា កាល​ពី​ម៉ោង ៩ និង ៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៤ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​បវេល ឈ្មោះ សុខ ជាសំណាង បាន​បើក​ឡាន​ទៅ​ឈប់​នៅ​ផ្ទះ​របស់​គាត់។ បន្ទាប់​មក លោក សុខ ជាសំណាង បាន​ចុះ​ពី​លើ​រថយន្ត​ចូល​ទៅ​ក្នុង​ផ្ទះ ចាប់​ក្របួច​សក់​ក្មួយ​របស់​គាត់​ឈ្មោះ មិន ស៊ីថា ហៅ​ក្ដឹប អាយុ ២១​ឆ្នាំ ដែល​កំពុង​អង្គុយ​មើល​ទូរទស្សន៍ យក​កាំភ្លើង​ខ្លី​ភ្ជង់​ក្បាល​អូស​ចេញ​មក​ក្រៅ​ផ្ទះ បន្ទាប់​មក​វាយ​នឹង​ស្វាយ​កាំភ្លើង​បណ្ដាល​ឲ្យ​របួស​បែក​ក្បាល៖ «ពេល​វាយ​ក្មួយ​ខ្ញុំ​បែក​ក្បាល​ហើយ ស្រែក​ហៅ​ខ្ញុំ អា យឿត។ ដល់​ខ្ញុំ​ងើប​ពី​ដេក​ចេញ​មក អា​កៃ​កាំភ្លើង​ភ្ជង់​ខ្ញុំ​នៅ​មាត់​ទ្វារ ភ្ជង់​ខ្ញុំ​ហើយ​ខ្ញុំ​គេច​ទៅ​ចង្ក្រាន​បាយ ហើយ​ប្រពន្ធ​ខ្ញុំ​ចេញ កាំភ្លើង​ខ្លី​នៅ​តែ​ភ្ជង់​កាន់​ជាប់ ប្រពន្ធ​ខ្ញុំ​មក​ជួប​និយាយ​ប្រហែល​ជិត​កន្លះ​ម៉ោង ក្រោយ​មក​បើក​ឡាន​ចេញ​ទៅ​ផ្ទះ​គាត់​វិញ»

លោកស្រី ឡាំង សេន អាយុ ៣៨​ឆ្នាំ ត្រូវ​ជា​ភរិយា​របស់ លោក យួម យឿត បញ្ជាក់​ថា នៅ​មុន​ការ​ប្រើ​អំពើ​ហិង្សា លោក សុខ ជាសំណាង បាន​ទៅ​ដល់​ផ្ទះ​របស់​គាត់​ស្រែក​រក​ឈ្មោះ ឆានី។ បន្ទាប់​មក​ចូល​ទៅ​ក្នុង​ផ្ទះ​ឃើញ​ក្មួយ​របស់​គាត់​កំពុង​អង្គុយ​មើល​ទូរទស្សន៍ ក៏​ចាប់​ក្របួច​សក់​ទាញ​យក​ទៅ​វាយ​តែ​ម្ដង៖ «វាយ​នឹង​កាំភ្លើង​ខ្លី គាត់​មុន​ហ្នឹង​គាត់​មក​អូស​ក្មួយ​ខ្ញុំ​ហ្នឹង គាត់​យក​ដៃ​មួយ​ចំហៀង​កាន់​សក់​ក្មួយ​ខ្ញុំ​អូស ហើយ​គាត់​យក​កាំភ្លើង​ភ្ជង់​ក្បាល​ក្មួយ​ខ្ញុំ​ទៀត វាយ​បី​កាំភ្លើង​ខ្លី ខ្ញុំ​ក៏​មិន​តបត​អី​ដែរ ខ្ញុំ​នៅ​ស្ងៀម ហើយ​គាត់​លែង​ក្មួយ​ខ្ញុំ ទៅ​គាត់​បក​មក​រក​ប្ដី​ខ្ញុំ​វិញ មក​ស្រែក​ហៅ អា យឿត បី​មាត់​ក៏​ប្ដី​ស្ទុះ​ពី​ដេក ងើប​ដើរ​ចេញ​មក​មាត់​ទ្វារ គាត់​អា​កៃ​កាំភ្លើង​ភ្ជង់»

លោកស្រី ឡាំង សេន បន្ត​ថា ដោយ​មាន​ការ​ភ័យ​ខ្លាច ប្ដី​របស់​គាត់​បាន​រត់​គេច​ចេញ ចំណែក​ឯ​ឈ្មោះ សុខ ជាសំណាង ជា​មេ​ប៉េអិម​ស្រុក​បវេល នៅ​តែ​យក​កាំភ្លើង​ភ្ជង់​លើ​រូប​លោកស្រី​ថែម​ទៀត៖ «កាំភ្លើង​នៅ​ភ្ជង់​រហូត ខ្ញុំ​ក៏​និយាយ​ស្រួល​ដែរ​ថា អ្នក​អើយ​អ្នក​ឯង​ស្ដាប់​ខ្ញុំ​សិន​រឿង​ឈ្មោះ ឆានី មិន​មែន​នៅ​ក្នុង​គ្រួសារ​ខ្ញុំ​ទេ គាត់​ក៏​ឆ្លើយ​មក​វិញ ខ្ញុំ​មិន​ចង់​និយាយ​ជាមួយ​អ្នក​ឯង​ទេ ខ្ញុំ​ចង់​និយាយ​ជាមួយ អា យឿត ខ្ញុំ​ថា ប្ដី​ខ្ញុំ​ក៏​មិន​ពាក់ព័ន្ធ​អី​ដែរ​អ្នក​ឯង​រក​វា​ទៅ​ខ្ញុំ​មិន​ដឹង​ទេ គាត់​ថា មាន​គេ​ប្រាប់​ខ្ញុំ​ថា អា ឆានី នៅ​ផ្ទះ​អ្នក​ឯង ហើយ​ក្មួយ​ខ្ញុំ​ក៏​បាន​ឆ្លើយ​ជាមួយ​គាត់​ខ្ញុំ​មិន អា ឆានី ទេ ខ្ញុំ អា ក្ដឹប ទេ»

ជន​រងគ្រោះ​ឈ្មោះ មិន ស៊ីថា ហៅ ក្ដឹប បញ្ជាក់​ថា នៅ​យប់​កើត​ហេតុ​នោះ រូប​គាត់​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ផ្ទះ​ម្ដាយ​មីង​របស់​ខ្លួន។ ស្រាប់​តែ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ឈ្មោះ សុខ ជាសំណាង ទៅ​ស្រែក​ហៅ​រក​ឈ្មោះ ឆានី ចំនួន​ពីរ​ទៅ​បី​មាត់៖ «នៅ​ពេល​គាត់​មក​រក អា ឆានី ខ្ញុំ​កំពុង​អង្គុយ​លើ​សាឡុង​មើល​ទូរទស្សន៍​ហ្នឹង គាត់​ចាប់​បោច​សក់​ខ្ញុំ​ចេញ​មក​ក្រៅ ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​មិន​មែន អា ឆានី ទេ ខ្ញុំ​ប្អូន អា ឆានី ឈ្មោះ អា ក្ដឹប គាត់​ថា អា ក្ដឹប ក៏​អា ក្ដឹប ទៅ ស្រាប់​តែ​ចាប់​ទាញ​សក់​យក​មក​វាយ​បី​ដង​ចំ​បង្ហើយ ពេល​គេ​លែង​ខ្ញុំ​វិញ​ខ្ញុំ​រត់​ឲ្យ​បង​បិទ​ថ្នាំ​ឲ្យ»

កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​មេសា មេ​បញ្ជាការ​កង​រាជ​អាវុធ​ឈ្មោះ សុខ ជាសំណាង បាន​ជិះ​រថយន្ត​ទៅ​ឈប់​នៅ​ផ្ទះ​ជន​រងគ្រោះ​ស្រែក​ហៅ​រក​ឈ្មោះ ឆានី ដែល​ត្រូវ​ជា​ក្មួយ​របស់​ម្ចាស់​ផ្ទះ​ឈ្មោះ យួប។ ពេល​នោះ​ឈ្មោះ ក្ដឹប ត្រូវ​ជា​ប្អូន​របស់​ឈ្មោះ ឆានី បាន​ចេញ​ទៅ​ជួប ក៏​ត្រូវ លោក សុខ ជាសំណាង ដក​កាំភ្លើង​ខ្លី​វាយ​ចំ​ក្បាល បណ្ដាល​ឲ្យ​របួស​បែក​ក្បាល។ បន្ទាប់​មក ឈ្មោះ សុខ ជាសំណាង បាន​ស្រែក​រក​ឈ្មោះ យឿត នៅ​ឯណា។ ក្រោយ​មក​ក៏​មាន​ការ​ភ្ជង់​កាំភ្លើង​ទៅ​លើ​ម្ចាស់​ផ្ទះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ឈ្មោះ សុខ ជាសំណាង ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៤។

ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​វរសេនីយ៍ឯក ខេង ទីតូ បញ្ជាក់​ថា លោក​ពុំ​ទាន់​បាន​ទទួល​របាយការណ៍​ជុំវិញ​ករណី​ជា​ផ្លូវ​ការ​ទេ គឺ​គ្រាន់​តែ​បាន​ដឹង​តាម​សារព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា បើ​សិន​ជា​ករណី​ស៊ើប​អង្កេត​រក​ឃើញ​ការ​ពិត​នោះ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​បវេល រូប​នោះ នឹង​ត្រូវ​ទទួល​ទោស​តាម​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​អង្គភាព​កង​រាជ​អាវុធហត្ថ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក លោក យិន ម៉េងលី ថ្លែង​ថា តាម​ការ​ស៊ើប​អង្កេត​ប្រមូល​ភស្តុតាង​រក​ឃើញ​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​មិន​គប្បី​ធ្វើ​ដូច្នេះ​ទេ។ លោក​បន្ត​ថា ក្នុង​សាច់​រឿង​នេះ មន្ត្រី​កង​រាជ​អាវុធហត្ថ​បាន​រំលោភ​ចូល​ទៅ​ក្នុង​លំនៅឋាន​របស់​ជន​រងគ្រោះ​នៅ​ម៉ោង​ជាង ៩​យប់។ ករណី​ទី​២ មន្ត្រី​កង​រាជ​អាវុធហត្ថ​បាន​ប្រើ​ហិង្សា​វាយ​នឹង​កាំភ្លើង​ទៅ​លើ​ជន​រងគ្រោះ​ឈ្មោះ មិន ស៊ីថា បណ្ដាល​ឲ្យ​របួស​បែក​ក្បាល និង​ករណី​ទី​៣ មន្ត្រី​កង​រាជ​អាវុធហត្ថ​រូប​នោះ​បាន​យក​កាំភ្លើង​ភ្ជង់​ទៅ​លើ​ឪពុកមា​របស់​ឈ្មោះ មិន ស៊ីថា៖ «អ៊ីចឹង​នេះ​ជា​បទល្មើស​ដែល​មាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​របស់​យើង ហេតុ​អី​បាន​ជា​គាត់​ធ្វើ​របៀប​នេះ ដែល​គាត់​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភិតភ័យ អ៊ីចឹង​ចំណុច​នេះ​ដែល​ធ្វើ​ឲ្យ​ជន​រងគ្រោះ​គាត់​មិន​ត្រូវ​ការ​សំណង គាត់​ចង់​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ គាត់​សុខ​ចិត្ត​ប្ដឹង​ឲ្យ​ធ្វើ​តាម​ច្បាប់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​មាន​ជំនឿ​ទុក​ចិត្ត»

មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​បន្ត​ថា ទោះ​បី​រឿង​នេះ​ជា​រឿង​បុគ្គល ប៉ុន្តែ​ករណី​នេះ​បាន​ប៉ះពាល់​ទៅ​ដល់​អង្គភាព ធ្វើ​ឲ្យ​មាន​ឈ្មោះ​មិន​ល្អ​ទៅ​ដល់​ស្ថាប័ន​របស់​រដ្ឋ។ ហើយ​បញ្ហា​នេះ ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​វិធាន​ការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។