ក្រសួងមហាផ្ទៃ បានបញ្ជូនសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីការស្នើសុំលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតមួយចំនួន នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកទៅរដ្ឋាភិបាលរួចហើយ ដើម្បីឲ្យរដ្ឋាភិបាលពិនិត្យមើល មុននឹងបញ្ជូនទៅព្រះមហាក្សត្រ ប្រទានលើកលែងទោសដល់ទណ្ឌិតមួយចំនួននៅទូទាំងប្រទេស។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីអង្គការសង្គមស៊ីវិល សាទរចំពោះការស្នើសុំលើកលែងទោសដល់ទណ្ឌិតនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ក៏ប៉ុន្តែការលើកលែងទោស និងបន្ធូរបន្ថយទោសនេះ មានភាពមិនប្រក្រតីមួយចំនួន។
ក្រសួងយុត្តិធម៌ កំពុងរង់ចាំព្រះរាជក្រឹត្យព្រះមហាក្សត្រ សម្រេចព្រះរាជទានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតប្រមាណជាង ៤០០នាក់នៅទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុរដ្ឋលេខាធិការ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ក្រសួងបានផ្ញើសេចក្ដីព្រាងព្រះរាជក្រឹត្យស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសទណ្ឌិត ទៅដល់រដ្ឋាភិបាលរួចហើយ ដើម្បីថ្វាយជូនព្រះមហាក្សត្រ នរោត្តម សីហមុនី ត្រួតពិនិត្យ និងសម្រេចព្រះទ័យលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតប្រមាណ ៤៧១នាក់ ប៉ុន្តែការសម្រេចចំនួនប៉ុន្មានពិតប្រាកដនោះ អាស្រ័យលើព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រជាក់ស្ដែង៖ «បែបមិនយូរទេបាទ តែមិនអាចសន្មតថាពេលណាបានទេ អាស្រ័យលើស្ថានភាពជាក់ស្ដែង»។
លោក ជិន ម៉ាលីន បញ្ជាក់ថា ការស្នើសុំព្រះមហាក្សត្រព្រះប្រទានលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតទាំងនោះ គឺខាងគណៈកម្មការ បានសម្រេចស្នើសុំទៅព្រះមហាក្សត្រអាស្រ័យទៅលើការកែប្រែរបស់ទណ្ឌិតម្នាក់ៗ ដែលខាងគណៈកម្មការយល់ថា ទណ្ឌិតទាំងនោះមិនប្រព្រឹត្តបទល្មើសទៀតក្រោយពីមានសេរីភាព។
ការលើកលែងទោស និងបន្ធូរបន្ថយទោសទណ្ឌិតក្នុងមួយឆ្នាំមាន ៣ដង គឺក្នុងព្រះរាជពិធីបុណ្យអុំទូក ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងបុណ្យវិសាខបូជា។ ក្រៅពីនេះ ក៏មានករណីពិសេស គឺនាយករដ្ឋមន្ត្រីអាចស្នើសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតដែរ ដូចជាករណីទណ្ឌិតជនជាតិថៃ កន្លងមកជាដើម។
ការស្នើសុំព្រះមហាក្សត្រប្រទានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតនេះ ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិល សម្ដែងការគាំទ្រចំពោះសកម្មភាពនេះ។ ក៏ប៉ុន្តែកន្លងមក គេបានរកឃើញសកម្មភាពមួយចំនួន តាមរយៈសម្ភាសទណ្ឌិតមួយចំនួននៅក្រោយពេលទទួលបានការលើកលែងទោស គឺជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក (adhoc) លោក នី ចរិយា មានប្រសាសន៍ថា ការលើកលែងទោស និងបន្ធូរបន្ថយទោសកន្លងមក ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ពោលគឺទណ្ឌិតមានការសូកប៉ាន់មន្ត្រីពាក់ព័ន្ធមួយចំនួន ទើបគេបញ្ជូនបញ្ជីឈ្មោះទណ្ឌិតមួយចំនួននោះទៅក្រសួងយុត្តិធម៌ និងព្រះមហាក្សត្រ៖ «ក៏ប៉ុន្តែ យើងឃើញថា យកតួនាទីយកភារកិច្ចព្រះរាជកិច្ចនេះទៅធ្វើអំពើមិនល្អមិនគួរគប្បី»។
អគ្គនាយកនាយកដ្ឋានពន្ធនាគារ លោក គុយ ប៊ុនសន មិនបានអត្ថាធិប្បាយអំពីករណីនេះទេ ដោយបានឆ្លើយយ៉ាងខ្លីដូច្នេះ៖ «អ្នកនៅក្នុង (ពន្ធនាគារ) គេអត់ខ្វល់ យើងក៏ខ្វល់ម្ល៉េះ? លោក ហ្សាការីយ៉ា៖ អត់ទេ ខ្ញុំអ្នកព័ត៌មាន ខ្ញុំសួរចង់ដឹង? ព្រះអីហា ចាំបាច់សួរ?»។
ក្រសួងយុត្តិធម៌ បានស្នើសុំការលើកលែងទោស និងបន្ធូរបន្ថយទោសនេះ ធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ។ ហើយការលើកលែង និងបន្ធូរបន្ថយទោសនោះ គឺផ្ដោតលើឥរិយាបថទណ្ឌិតណាដែលមានការកែប្រែនៅក្នុងពន្ធនាគារ។ ចំពោះទណ្ឌិតដែលនឹងត្រូវបានបន្ធូរបន្ថយទោស គឺទណ្ឌិតណាដែលបានជាប់ពន្ធនាគារចំនួន ១ភាគ៣។ រីឯទណ្ឌិតដែលទទួលបានការប្រទានលើកលែងទោសនោះ គឺចំពោះទណ្ឌិតណាដែលអនុវត្តទោស ឬជាប់ពន្ធនាគារចំនួន ២ភាគ៣ នៃទោសសរុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
