ក្រសួងយុត្តិធម៌ ស្នើឲ្យសមត្ថកិច្ចចាត់វិធានការលើអង្គការសង្គមស៊ីវិល និងមនុស្សមួយចំនួនទៀតដែលត្រូវកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចោទប្រកាន់ថា បានបង្គាប់នាងឲ្យនិយាយកុហក។ ចំណែកមន្ត្រីអង្គការសង្គមស៊ីវិលដែលរងការចោទ អះអាងថា ពួកគេមិនបានប្រាប់ទៅកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ឲ្យនិយាយខុសពីការពិតនោះទេ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ ចោទប្រកាន់ថា ទង្វើរបស់ក្រុមអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ជាសកម្មភាពល្មើសច្បាប់ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាព និងសេចក្ដីថ្លៃថ្នូររបស់កញ្ញា ខុម ចាន់តារាទី។
ក្រៅពីក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី២៣ ខែមេសា ក៏ចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ថ្កោលទោសជនដែលរំលោភបំពានសិទ្ធិស្ត្រី ព្រមទាំងប្រកាសផ្ដល់មេធាវីការពារក្ដីដល់កញ្ញា ខុម ចាន់តារាទី។ ដូចគ្នានេះដែរ ម្ចាស់ទំព័រហ្វេសប៊ុកល្បីឈ្មោះម្នាក់ គឺកញ្ញា ធី សុវណ្ណថា ប្រកាសផ្ដល់មេធាវីដល់កញ្ញា ខុម ចាន់តារាទី និងគ្រោងដាក់ពាក្យប្ដឹងលោក កឹម សុខា ពីបទបរិហារកេរ្តិ៍ ដោយទាមទារជំងឺចិត្តលុយ ១លានដុល្លារ។
លិខិតចំហកម្រាស់ ៤ទំព័រ របស់កញ្ញា ខុម ចាន់តារាទី ចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនៅយប់ថ្ងៃទី២២ ខែមេសា រៀបរាប់ថា កញ្ញាមានការឈឺចាប់ និងថ្កោលទោស ព្រមទាំងប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចចំពោះមន្ត្រីសមាគមអាដហុក (ADHOC) រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី ប្រធានអង្គការសីលការ អ្នកស្រី ធីតា ឃឹះ មន្ត្រីអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស លោក ស៊ឺន សាលី និងមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម លោក ស៊ាង ចែត ព្រោះអ្នកទាំងនេះប្រាប់ទៅនាងឲ្យនិយាយប្រាប់សមត្ថកិច្ចថា មិនជាប់ពាក់ព័ន្ធខ្សែអាត់សំឡេងសន្ទនាស្នេហាជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
នាយិកាអង្គការសីលការ អ្នកស្រី ធីតា ឃឹះ យល់ឃើញថា ការចោទប្រកាន់របស់កញ្ញា ខុម ចាន់តារាទី លើអ្នកស្រីនៅពេលនេះ គឺជាការរៀបចំរបស់មនុស្សមួយក្រុម។ អ្នកស្រីអះអាងថា អ្នកស្រីបានជួបនិយាយជាមួយកញ្ញា ខុម ចាន់តារាទី ម្ដងដែរ ប៉ុន្តែអ្នកស្រីមិនបាននិយាយដូចការចោទប្រកាន់ទេ៖ « ខ្ញុំបានជួបគាត់មុនមួយថ្ងៃគាត់ឡើងតុលាការ បានជួបមួយភ្លែត ថ្ងៃនោះឯងគ្រាន់តែចង់ដឹងថា រឿងនោះយ៉ាងម៉េចអីយ៉ាងម៉េច ព្រោះយើងអត់ដែលបានជួប»។
អ្នកស្រី ធីតា ឃឹះ អះអាងថា ប្រសិនបើតុលាការកោះហៅ អ្នកស្រីនឹងរកមេធាវីឲ្យជួយការពារអ្នកស្រី។
ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្ស លោក នី សុខា ដែលផ្ដល់មេធាវីការពារដល់ កញ្ញា ខុម ចាន់តារាទី ច្រានចោលរាល់ការចោទប្រកាន់របស់កញ្ញា ខុម ចាន់តារាទី។ លោកយល់ថា អ្វីដែលកញ្ញា ខុម ចាន់តារាទី សរសេរលិខិតចំហបែបនេះ ប្រហែលកញ្ញាអន់ចិត្តចំពោះសមាគមអាដហុក ដែលមិនបន្តផ្ដល់មេធាវីដល់កញ្ញា៖ « យើងមិនដែលមានចំណុចណាមួយទៅបង្ខិតបង្ខំទៅលួងលោមទេ ហើយបើពាក្យគាត់ថា លួងលោមក៏ខុសទៅទៀត ព្រោះគាត់មកអាដហុក ខ្លួនឯងទេ ពីមុនមកអាដហុក មិនដែលស្គាល់គាត់ទេ »។
មន្ត្រីសង្គមស៊ីវិលរូបនេះបង្ហាញជំហរថា នឹងចូលខ្លួនទៅបំភ្លឺ ប្រសិនតុលាការហៅទៅបំភ្លឺពីការចោទប្រកាន់របស់កញ្ញា ខុម ចាន់តារាទី។
ផ្ទុយពីការចោទប្រកាន់របស់ស្ថាប័នរដ្ឋមួយចំនួនដែលថ្កោលទោស ក្រុមអង្គការសង្គមស៊ីវិល លោកមេធាវី សុក សំអឿន ប្រធានក្រុមមេធាវីអម្រិន្ទ ងឿងឆ្ងល់ថា តើហេតុអ្វីមនុស្សមួយក្រុមមកពីស្ថាប័នផ្សេងគ្នា មានគំនិតតែមួយគឺណែនាំឲ្យកញ្ញា ខុម ចាន់តារាទី និយាយកុហក។ អ្នកច្បាប់រូបនេះ យល់ថា ប្រសិនបើលិខិតរបស់កញ្ញា ខុម ចាន់តារាទី ជាការពិត ក៏ពិបាកចោទក្រុមអង្គសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមានទោសដែរ ព្រោះការបញ្ជាឲ្យនិយាយកុហក មិនមែនជាបទល្មើសទេ ព្រោះក្រុមអ្នកទាំងនេះមិនមែនជាមេធាវីដែលត្រូវរក្សាវិជ្ជាជីវៈ៖ «បើសិនជាយើងយល់ថា ទាំងអស់គ្នាផ្គុំគំនិតគ្នាអត់ត្រូវ ហើយនិយាយម្តងម្នាក់ៗ សួរម្នាក់ៗ និយាយយ៉ាងម៉េចខ្លះ យើងអត់ដឹងដែរ តើសម្ដីរបស់គាត់ពិតកម្រិតណា យើងមិនដែរ ព្រោះគាត់ធ្លាប់កុហកគេម្តងហើយ »។
កាលពីថ្ងៃទី៩ ខែមីនា កញ្ញា ខុម ចាន់តារាទី បានទៅសុំអន្តរាគមន៍ពីសមាគមអាដហុក ដែលនៅពេលនោះ កញ្ញាអះអាងថា កញ្ញាគ្មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា និងថា មិនជាប់ពាក់ព័ន្ធនឹងខ្សែអាត់សំឡេងទេ។ បន្ទាប់មកទៀត កាលពីថ្ងៃទី១១ ខែមីនា នាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ កោះហៅកញ្ញាឲ្យទៅផ្ដល់សក្ខីកម្ម ហើយកញ្ញានៅតែប្រាប់ដដែលថា កញ្ញាគ្មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា នោះទេ។
ប៉ុន្តែ សាលាដំបូងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី១៩ ខែមេសា បានចេញសេចក្ដីថ្លែងការណ៍មួយដោយបញ្ជាក់ថា កញ្ញា ខុម ចាន់តារាទី បានសារភាពថា ខ្លួនធ្លាប់មានទំនាក់ទំនងជាមួយលោក កឹម សុខា ហើយទទួលស្គាល់ថា សំឡេងក្នុងខ្សែអាត់ជាសំឡេងរបស់ខ្លួន និងអះអាងថា ការបដិសេធកន្លងមកដោយសារមានការណែនាំពីលោក កឹម សុខា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។