ក្រសួងយុត្តិធម៌នឹងប្រើយន្តការរដ្ឋបាលដើម្បីស្វែងរកការពិតពីចំនួននៃជនប្រើប្រាស់គ្រឿងញៀន ដែលត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងក្រោយ ពីសមត្ថកិច្ចបញ្ជូនខ្លួនពួកគេទៅតុលាការកាលពីថ្ងៃទី៣ ខែកុម្ភៈ។
តុលាការអះអាងថា ចំនួនជនប្រើប្រាស់គ្រឿងញៀនដែលត្រូវបានដោះលែងនោះមានចំនួន ១៣នាក់ ខណៈសមត្ថកិច្ចថា មានរហូតដល់ចំនួន ២៥នាក់។
រឿងរ៉ាវនៃការដោះលែងជនប្រើប្រាស់គ្រឿងញៀនដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ បានធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនមានប្រតិកម្ម ពិសេសគឺពីកម្លាំងសមត្ថកិច្ចដែលអះអាងថា បានព្យាយាមស្វែងរកចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនដោយលំបាក តែទីបំផុតត្រូវបានតុលាការដោះលែងទៅវិញ។
វាជារឿងសមរម្យដែលសមត្ថកិច្ចមានប្រតិកម្មភ្លាមៗបែបនេះ ព្រោះថា ការតាមរកចាប់ជនប្រើប្រាស់គ្រឿងញៀនគឺជាការពិបាក ម្យ៉ាងអ្នកប្រើប្រាស់គ្រឿងញៀនក៏ស្ថិតក្នុងចំណោមមនុស្សដែលកន្លងមកសមត្ថកិច្ចធ្លាប់អះអាងថា បានប្រព្រឹត្តបទល្មើសផ្សេងៗ និងបង្កអសន្តិសុខក្នុងសង្គមផងដែរ។
ទោះជាយ៉ាងណា ក្រោយពីមានប្រតិកម្មរបស់សមត្ថកិច្ច ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុំ សុភក្តី ដែលជាអ្នកសម្រេចដោះលែងជនប្រើប្រាស់គ្រឿងញៀនទាំងនោះ បានចេញលិខិតមួយបំភ្លឺពីការដោះលែងនេះ។
លោក អ៊ុំ សុភក្តី លើកឡើងថា ជន ១៣នាក់ ដែលត្រូវបានតុលាការដោះលែង គឺជាអ្នកប្រើប្រាស់គ្រឿងញៀន ដូច្នេះហើយទើបពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបទចោទនេះ ត្រូវបានបញ្ញត្តិឲ្យផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ។ ប៉ុន្តែលោកថា យោងតាមមាត្រា ២០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការឃុំខ្លួនបណ្ដោះអាសន្ន បុគ្គលណាម្នាក់អាចនឹងអនុវត្តបានតែក្នុងករណីការចោទប្រកាន់ពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដែលច្បាប់កំណត់ឲ្យដាក់ពន្ធនាគារស្មើ ឬលើសពី ១ឆ្នាំប៉ុណ្ណោះ។ ដូចនេះ ជាទូទៅបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មិនអាចជាកម្មវត្ថុនៃការឃុំខ្លួនបណ្ដោះអាសន្ន បានឡើយ។
លោក អ៊ុំ សុភក្តី អះអាងបន្តថា យោងតាមស្មារតី នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ជនដែលប្រើប្រាស់គ្រឿងញៀនត្រូវបានចាត់ទុកជាជនរងគ្រោះនៃគ្រឿងញៀន ដូចនេះវិធានការនៃការឃុំខ្លួនបណ្ដោះអាសន្ន មិនមែនជាវិធានការសមស្របនោះឡើយ ដោយត្រូវជំនួសវិញនូវវិធានការនៃការព្យាបាល ហើយក្នុងករណីដែលជនប្រើប្រាស់គ្រឿងញៀន មិនព្រមទទួលយកការព្យាបាល ទើបតំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់តាមនីតិវិធី។
លោក អ៊ុំ សុភក្ដី បញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ តុលាការនឹងធ្វើការកោះហៅជនជាប់ចោទមកធ្វើការជំនុំជម្រះក្នុងរយៈពេល ១៥ថ្ងៃ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីចេញសាលក្រមផ្ដន្ទាទោសតាមច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២។
ទោះជាមានការបកស្រាយក្បោះក្បាយតាមផ្លូវច្បាប់ទាក់ទងការដោះលែងនេះក្តី អ្វីដែលធ្វើឲ្យមហាជននៅមិនទាន់អស់ចិត្តនោះគឺនៅត្រង់ថា ហេតុអ្វីបានតុលាការ និងសមត្ថកិច្ចអះអាងខុសគ្នាពីចំនួនមនុស្សដែលត្រូវបានដោះលែង។
ផ្ទុយពីការបញ្ជាក់នៅក្នុងលិខិតបំភ្លឺរបស់លោក អ៊ុំ សុភក្តី ដែលថា ចំនួនមនុស្សដោះលែងមានតែ ១៣នាក់ និងថ្នាំញៀនមានតែ ២កញ្ចប់តូច។ ចំណែកសមត្ថកិច្ចបានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ជនប្រើប្រាស់គ្រឿងញៀនដែលត្រូវបានដោះលែងដោយតុលាការមានទាំងអស់ ២៥នាក់ និងមានថ្នាំញៀនរហូតដល់ទៅ ៥២កញ្ចប់។
មកដល់ចំណុចនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន។ លោកមានប្រសាសន៍នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ថា ក្រសួងយុត្តិធម៌ នឹងប្រើយន្តការរដ្ឋបាលដើម្បីពិនិត្យមើលមូលហេតុនៃការអះអាងខុសគ្នារវាងតុលាការ និងសមត្ថកិច្ចនេះ៖ «យើងនឹងប្រើយន្តការរដ្ឋបាលដើម្បីពិនិត្យមើលទៅលើបញ្ហាហ្នឹង ថាតើអំណះអំណាងខាងប៉ូលិសពិតជាត្រឹមត្រូវអ៊ីចឹងមែន ឬការអំណះអំណាងរបស់តុលាការត្រឹមត្រូវ អ៊ីចឹងមែនឬក៏អត់? នេះជាយន្តការរដ្ឋបាលដែលក្រសួងយុត្តិធម៌អាចធ្វើជាមួយស្ថាប័ននគរ បាលដើម្បី clear បញ្ហានេះកុំឲ្យមានការមន្ទិលសង្ស័យ ហើយឆ្លងឆ្លើយគ្នាទៅតាមសារព័ត៌មាន ដែលវាមិនល្អទេ ដែលធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំ»។
លោក ជិន ម៉ាលីន មិនអាចបញ្ជាក់ថា តើក្រសួងនឹងមានវិធានការបែបណាចំពោះអ្នកផ្ដល់អំណះអំណាងខុស ឬយ៉ាងណានោះទេ ដោយលោកថា នេះជាយន្តការផ្ទៃក្នុង។ យ៉ាងណា លោកថា ក្រសួងយុត្តិធម៌ កំពុងទាក់ទងជាមួយមន្ត្រីនគរបាលយុត្តិធម៌ដើម្បីជជែកពីរឿងនេះ។
មួយថ្ងៃក្រោយការដោះលែងនេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីនគរបាល មន្ត្រីអាវុធហត្ថ និងអាជ្ញាធរខណ្ឌទូទាំងរាជធានីភ្នំពេញ។ របៀបវារៈសំខាន់នៃកិច្ចប្រជុំនោះ គឺការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននេះតែម្ដង។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ ក៏បានក្រើនរម្លឹកឲ្យយុវជនកម្ពុជា នៅឲ្យឆ្ងាយពីគ្រឿងញៀន។ ដោយឡែក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសជំរុញឲ្យសមត្ថកិច្ចបង្កើនការស្រាវជ្រាវតាមរកចាប់ខ្លួនមេខ្លោងធំៗជួញដូរគ្រឿងញៀនមកផ្ដន្ទាទោស និងកាត់ផ្ដាច់ខ្សែបណ្ដាញការជួញដូរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។ លោក ស ខេង ដែលចាត់ទុកការងារបង្ក្រាបការជួញដូរគ្រឿងថា ជាការងាររ៉ាំរ៉ៃ និងស្មុគស្មាញ ថ្លែងថា សកម្មភាពជួញដូរគ្រឿងញៀនជាការងារព្រួយបារម្ភរបស់រដ្ឋាភិបាល និងរបស់ពលរដ្ឋគ្រប់រូបនៅក្នុងមូលដ្ឋានតាំងពីយូរមកហើយ។
មន្ត្រីការពារសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា ដើម្បីបញ្ចៀសនូវការបកស្រាយយកត្រូវរៀងខ្លួនរវាងសមត្ថកិច្ច និងតុលាការ និងដើម្បីកុំឲ្យប៉ះពាល់ដល់ដំណើរការប្រព័ន្ធយុត្តិធម៌ ឬជាការបំបាក់ទឹកចិត្តដល់សមត្ថកិច្ច គេគួរបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស្វែងរកការពិតឲ្យបានច្បាស់លាស់។ បើមិនដូច្នោះទេ លោកថា ភាគីទាំងសង្ខាងនឹងនៅបន្តចោទប្រកាន់គ្នាទៅវិញទៅមក។
ទាក់ទងនឹងផ្លូវច្បាប់នៃការដោះលែងរបស់តុលាការវិញ លោក អំ សំអាត មានប្រសាសន៍ថា គឺធ្វើឡើងដោយស្របច្បាប់៖ «ចង់ឲ្យមានតម្លាភាព និងយុត្តិធម៌ទាំងអស់គ្នា គួរតែមានការស្រាវជ្រាវឡើងវិញជាជាងការថ្នាំងថ្នាក់ និងការចោទប្រកាន់គ្នាទៅវិញទៅមក ពីព្រោះយើងឃើញថា កាលពីឆ្នាំ១៩៩៨ ឬឆ្នាំ២០០០ នោះ មានការចោទប្រកាន់គ្នាទៅវិញទៅមករហូតទៅដល់មានវិធានការកណ្ដាប់ដៃដែករបស់លោកនាយករដ្ឋមន្ត្រីអន្តរាគមន៍លើរឿងនេះទៀត។ ទាក់ទងនឹងការលែង ហើយចាប់មកវិញ យើងអត់ចង់ឃើញមានបញ្ហាអ៊ីចឹងកើតឡើងចំពោះប្រព័ន្ធយុត្តិធម៌ទៀតនោះទេ»។
របាយការណ៍អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យដឹងថា នៅឆ្នាំ២០១៥ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនសរុបបានជាង ៣ពាន់ (៣.០៦១) ករណី និងឃាត់ខ្លួនជនល្មើសសរុបជាង ៧ពាន់ (៧.០០៨) នាក់។ ជាមួយគ្នានោះ សមត្ថកិច្ចចាប់បានវត្ថុតាង និងសារធាតុផ្សំគ្រឿងញៀនសរុបជាង ១.៦០០ (១.៦២០) គីឡូក្រាម។
ទោះជាយ៉ាងណា លោក អំ សំអាត កត់សម្គាល់ឃើញថា កន្លងមកមានតែអ្នកប្រើប្រាស់ ឬអ្នកចែកចាយគ្រឿងញៀនតូចតាចប៉ុណ្ណោះដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ចំណែកឈ្មួញជួញដូរគ្រឿងញៀនធំៗ សមត្ថកិច្ចពុំសូវចាប់បាននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
