ក្រុមស្ត្រីជនជាតិដើមភាគតិច ៧ជនជាតិផ្សេងគ្នាមកពីខេត្តចំនួន៨ ក្នុងប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីមានកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិរយៈពេលពីរថ្ងៃនៅភ្នំពេញ ស្ដីពីស្ត្រីជនជាតិដើមភាគតិចចូលរួមការពារដីធ្លី និងធនធានធម្មជាតិ។
សេចក្តីថ្លែងការណ៍បានព្រមានប្ដឹងអាជ្ញាធររដ្ឋាភិបាលទៅតុលាការជាតិ និងអន្តរជាតិ បើសិនពុំមានដំណោះស្រាយ ឬមានវិធានការដើម្បីការពារសិទ្ធិ បញ្ឈប់ការរំខានដល់ការរស់នៅអាស្រ័យផលពីធនធានធម្មជាតិក្នុងសហគមន៍របស់ពួកគាត់នោះ។
ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ផ្ដោតលើបញ្ហា ៥ចំណុចជាគោលសំខាន់ ក្នុងចំណោមបញ្ហាប្រឈមជាច្រើនរបស់ស្ត្រីជនជាតិដើមភាគតិច។
បញ្ហាប្រឈមទាំងនោះរំលេចចេញ បន្ទាប់ពីមានកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិរយៈពេលពីរថ្ងៃកន្លងមក គឺនៅថ្ងៃទី៥ និងទី៦ មិថុនា។ បញ្ហាទាំងនោះរួមមាន ការសាងសង់ទំនប់វារីអគ្គិសនី ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការកាប់ព្រៃឈើ និងទាញយករ៉ែពីធម្មជាតិ ការរើសអើងស្ត្រីជនជាតិដើមភាគតិច និងបញ្ហាខ្វះសេវាសាធារណៈ ជាដើម។
បញ្ហាទាំងនេះ ជាការលើកឡើងរបស់ស្ត្រីជនជាតិដើមភាគតិចកួយ ពូនង ជង ព័រ ក្រឹង ព្រៅ ស្ទៀង នៅក្នុងខេត្តចំនួន៨ គឺខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ បន្ទាយមានជ័យ កោះកុង កំពង់ធំ និងខេត្តក្រចេះ៖ «ប៉ះពាល់ពីវារីអគ្គិសនីហ្នឹង គឺប៉ះដល់ដីស្រែចម្ការជនជាតិរបស់ខ្ញុំ! និយាយឲ្យចំទៅ សហគមន៍ជនជាតិរបស់ខ្ញុំកំពុងប្រឈមនឹងការបណ្ដេញចេញ ដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយខាងខ្ញុំនោះអស់ព្រៃអស់ឈើ ធ្លាប់រស់នៅតាំងពីចាស់ទុំដូនតា ពីដើមទម្លាប់សែនព្រេន ហើយឥឡូវបាត់បង់ច្រើន»។
ទាក់ទងបញ្ហានេះ អ្នកសម្របសម្រួលសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា លោក ង៉ាច សាមីន មានប្រសាសន៍ថា មន្ត្រីរដ្ឋាភិបាលដែលចូលរួមក្នុងកិច្ចពិគ្រោះយោបល់នោះ ហាក់មិនបង្ហាញជំហរឲ្យមុតមាំក្នុងការជួយដោះស្រាយបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិច ដែលលើកយកមកបង្ហាញនោះឡើយ៖ «យើងមើលថាគោលជំហរឃើញក្រសួងមួយចំនួនទៀត មិនបានធ្វើសេចក្តីសម្រេចចិត្ត ឬបង្ហាញគោលជំហរថានឹងដោះស្រាយនូវបញ្ហា ដែលពួកគាត់បានលើកឡើង ជាពិសេសខាងក្រសួងបរិស្ថាន គឺគាត់អត់មានមតិអ្វីសូម្បីតែមួយមាត់ បង្ហាញគោលជំហរក៏ដូចជាអនុសាសន៍ផ្សេងៗទេ ហើយក្រសួងអភិវឌ្ឍន៍ជនបទ ក៏មានឆ្លើយតបអ្វីដែរ ដោយឡែកក្រសួងរ៉ែ គាត់ថានឹងពាំនាំក្តីកង្វល់ទាំងអស់ហ្នឹង ជូនថ្នាក់ដឹកនាំដើម្បីដោះស្រាយ»។
ក្នុងកិច្ចពិគ្រោះយោបល់នោះ ពួកគេលើកពីក្តីកង្វល់ជូនទៅតំណាងក្រសួងជំនាញចំនួន៤ ដែលគេអញ្ជើញអោយចូលរួម។ ក្នុងនោះរួមមាន តំណាងក្រសួងរៀបចំដែនដី និងសំណង់ តំណាងក្រសួងកិច្ចការនារី តំណាងក្រសួងរ៉ែ និងថាមពល ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន ចំណែកក្រសួងកិច្ចការនារី ពុំបានចូលរួមឡើយ។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អ្នកស្រី អ៊ូ វ័ឌី ដែលបានចូលរួមកិច្ចពិភាក្សានោះបញ្ជាក់ថា រដ្ឋាភិបាលមិនមានវិធានការអ្វីដែលលើសពីគោលការណ៍ ដែលមានស្រាប់ឡើយ។
យ៉ាងណាក្តី រាល់សំណូមពរ និងបញ្ហាប្រឈមដែលលើកក្នុងសេចក្តីថ្លែងការណ៍នោះ បានផ្ញើថ្វាយព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី អង្គការជាតិ អន្តរជាតិ និងបណ្ដាក្រុមហ៊ុនដែលមានជាប់ពាក់ព័ន្ធនឹងរឿងដីសម្បទានសេដ្ឋកិច្ច ហើយកំពុងមានទំនាស់ជាមួយប្រជាពលរដ្ឋចូលរួមដោះស្រាយជាបន្ទាន់។
ស្របពេលគ្នានេះដែរ សហគមន៍ស្នើសុំឲ្យរដ្ឋាភិបាលបញ្ឈប់រាល់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងសហគមន៍ជនជាតិដើមភាគតិច និងអំពាវនាវកុំឲ្យសហគមន៍អន្តរជាតិ ធនាគារ កុំផ្តល់ជំនួយ ឬប្រាក់កម្ចីគាំទ្រដល់គម្រោងវារីអគ្គិសនីនោះ។
សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា ប្រសិនបើនៅតែមានគម្រោងអភិវឌ្ឍន៍ណាមួយ ដែលផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋសហគមន៍នោះ ពួកគាត់នឹងកសាងសំណុំរឿងប្ដឹងអាជ្ញាធរក្នុងរដ្ឋាភិបាល ក្រុមហ៊ុន ទៅតុលាការជាតិ និងអន្តរជាតិ ដើម្បីឲ្យមានវិធានការការពារសិទ្ធិ ការរំខានដល់ការរស់នៅអាស្រ័យផល ការពារកុំឲ្យមានអ្នកមកបំផ្លាញធនធានធម្មជាតិក្នុងសហគមន៍របស់ពួកគាត់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
