ការសម្លាប់ដោយហ្វូងមនុស្ស (Mob Killing) តែងកើតមានជាញឹកញាប់នៅកម្ពុជា។ អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) រកឃើញថា ក្នុងមួយឆ្នាំៗមានមនុស្សពី ៣ ទៅ ៤នាក់ ត្រូវបានគេព្រួតវាយសម្លាប់ដោយភាគច្រើនត្រូវចោទថាជាចោរ ឬចេះអំពើអាបធ្មប់។ ការប្រើអំពើហិង្សាជាក្រុមរហូតឈានដល់ការសម្លាប់ រំលោភទៅនឹងសេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្សត្រង់មាត្រា ១០ ដែលចែងថា មនុស្សម្នាក់ៗមានសិទ្ធិទទួលបានការជំនុំជម្រះដោយស្មើភាព។
កំពុងអង្គុយក្រោមផ្ទះជាមួយសាច់ញាតិប្រមាណ ១០នាក់ អ្នកស្រី ចេវ ចិន្តា គឺជាស្ត្រីមេម៉ាយម្នាក់ដែលប្តីរបស់គាត់ត្រូវបានគេព្រួតវាយសម្លាប់ដោយចោទថា ចេះអំពើអាបធ្មប់។
ស្ថិតក្នុងវ័យជាង ៣០ឆ្នាំ អ្នកស្រី ចេវ ចិន្តា នៅភូមិព្រៃជន្លួញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ត្រូវប្រឹងរស់ដោយត្រដរ ចាប់តាំងពីប្តីទទួលមរណភាព។ ជីវិតជាស្រីមេម៉ាយគ្មានទីពឹង ជំរុញឱ្យអ្នកស្រីឡើងមករាជធានីភ្នំពេញ ដើម្បីធ្វើការងារក្នុងរោងចក្រ។ ជាកម្មការិនីរោងចក្រស្បែកជើង អ្នកស្រីទទួលបានប្រាក់ខែ ២០០ដុល្លារក្នុងមួយខែ ដែលមួយផ្នែកធំសម្រាប់ចំណាយលើការសងបំណុល និងប្រាក់ដែលនៅសល់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
រំលឹកដល់ការស្លាប់របស់ប្តី អ្នកស្រី ចេវ ចិន្តា ចាប់ផ្ដើមប្រែទឹកមុខភ្លាម រួចពោលដោយសម្តីម៉ាត់ៗថា៖ «ពេលនោះខ្ញុំនៅជាមួយគ្នា ប៉ុន្តែពេលគេវាយប្ដីខ្ញុំ ប្ដីខ្ញុំរត់ឡើងលើផ្ទះឪពុកខ្ញុំ ខ្ញុំឡើងលើផ្ទះមីងខ្ញុំ។ កុំអីក៏ខ្ញុំនៅទាំងពីរនាក់ដែរ ប៉ុន្តែបងប្អូនខាងប្ដីខ្ញុំចាប់ខ្ញុំបំបែកពីប្ដីខ្ញុំ។ បើនៅទាំងពីរ ងាប់ទាំងពីរហ្នឹង។ ខ្ញុំនិងក្រុមគ្រួសារអត់ដឹងផង តែគេមកចោទបែបហ្នឹង ខ្ញុំខឹងមែនទែនតែម្ដង តែមិនដឹងនិយាយថាម៉េចវិញ។ អង្វរនោះ អង្វរពេកលែងនិយាយហើយ តែអង្វរអត់បាន។ គេដឹងតែថាសម្លាប់យើងឱ្យខានតែបាន»។
មិនមានអ្នកណាម្នាក់នៅក្នុងគ្រួសារសប្បាយចិត្តឡើយពេលដែលអ្នកសារព័ត៌មានសាកសួរអំពីការស្លាប់របស់ប្ដីអ្នកស្រី ចេវ ចិន្តា។ មានសាច់ញាតិរបស់គាត់ខ្លះបានដើរចេញពីក្រោមផ្ទះ និងខ្លះបន្ទោសអ្នកសារព័ត៌មាន។ ពួកគេមានអារម្មណ៍ក្រេវក្រោធ នៅពេលដែលសមាជិកគ្រួសារបាត់បង់ជីវិតដោយអយុត្តិធម៌ និងគ្មានអ្នកណាទទួលខុសត្រូវ។
ប្ដីរបស់អ្នកស្រី ចេវ ចិន្តា ឈ្មោះ ពៅ សុវណ្ណ ហៅ ម៉ៅ អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រៃជន្លួញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ លោក ពៅ សុវណ្ណ ត្រូវបានអ្នកភូមិរាប់រយនាក់ចោមរោមវាយសម្លាប់នៅក្នុងផ្ទះរបស់ខ្លួន កាលពីចុងខែមេសា ឆ្នាំ២០១៤ ដោយចោទថា ចេះអំពើអាបធ្មប់។
ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចបញ្ជាក់បានថា លោក ពៅ សុវណ្ណ ពិតជាចេះអំពើអាបធ្មប់ និងបានសម្លាប់អ្នកភូមិនោះទេ។ ឃាតកម្មទៅលើលោក ពៅ សុវណ្ណ ធ្វើឡើងដោយផ្អែកលើការសន្និដ្ឋានតែប៉ុណ្ណោះ។ លើសពីនេះ បើតាមការបញ្ជាក់របស់អ្នកស្រី ចេវ ចិន្តា ជនដៃដល់ទាំងប៉ុន្មានកំពុងរស់នៅដោយមានសេរីភាពនៅក្នុងភូមិ និងខ្លះទៀតធ្វើចំណាកស្រុកទៅកន្លែងដទៃ។
និយាយដល់ត្រឹមនេះ មុខរបស់អ្នកស្រី ចេវ ចិន្តា ឡើងក្រហម ទឹកភ្នែកក៏ចាប់ផ្ដើមស្រក់។ បាត់បង់ប្តី និងម្យ៉ាងគ្មានកូនផង អ្នកស្រីហាក់គ្មានសង្ឃឹមអ្វីឡើយនៅក្នុងជីវិត។ ប៉ុន្តែដើម្បីបំពេញបំណងប្ដីដែលចង់បានផ្ទះថ្មីមួយខ្នង កាលពីពេលនៅរស់ អ្នកស្រី ចេវ ចិន្តា ប្ដេជ្ញាថា នឹងខំប្រឹងប្រែងរកប្រាក់ដើម្បីធ្វើផ្ទះឱ្យរួចរាល់។ បច្ចុប្បន្ន ផ្ទះនេះស្ថាបនាបានប្រហែល ៦០ភាគរយ ហើយអ្នកស្រី ចេវ ចិន្តា នៅជំពាក់បំណុលគេជិត ២ម៉ឺនដុល្លារទៀត ដើម្បីបញ្ចប់ការសាងសង់។
អ្នកស្រី ចេវ ចិន្តា៖ «ខ្ញុំសង្ឃឹមថា ខ្ញុំអាចធ្វើផ្ទះហើយ ពីព្រោះប្តីខ្ញុំស្រឡាញ់ណាស់ផ្ទះខ្ញុំ។ ទាំងពីរនាក់ប្តីប្រពន្ធខំតស៊ូណាស់។ ទោះខ្ញុំជំពាក់គេក៏ដោយ ក៏ខ្ញុំខំធ្វើផ្ទះហ្នឹងឱ្យហើយដែរ។ នឹកឃើញថា គាត់ចង់បានផ្ទះស្អាត ផ្ទះល្អដូចគេ»។
ការសម្លាប់ដោយហ្វូងមនុស្សត្រូវបានរាប់បញ្ចូលទៅក្នុង “យុត្តិធម៌ព្រៃ” (Jungle Justice)។ អ្នកស្រាវជ្រាវ ថេសា ឡឺវីន (Tessa V. Levine) នៃអង្គការ គ្លបល ខនស្សឺន អ៊ិននីឈីអេធីវ (Global Conscience Initiative) ឱ្យនិយមន័យពាក្យ “យុត្តិធម៌ព្រៃ” ថា ជា “សកម្មភាពរបស់មនុស្សមួយក្រុមដែលយកច្បាប់មកប្រើដោយខ្លួនឯង និងអនុវត្តយុត្តិធម៌បែបហិង្សាទៅលើជនសង្ស័យ”។
អ្នកស្រាវជ្រាវ ថេសា ឡឺវីន បញ្ជាក់ថា “យុត្តិធម៌ព្រៃ" គឺជាលទ្ធផលនៃការមិនទុកចិត្តលើសមត្ថកិច្ចមូលដ្ឋាន និងប្រព័ន្ធយុត្តិធម៌។
នៅប្រទេសកម្ពុជា ភាគច្រើននៃការសម្លាប់ដោយហ្វូងមនុស្ស ផ្តើមចេញពីអំពើចោរកម្ម និងការចោទប្រកាន់ថា ចេះអំពើអាបធ្មប់។ ជាញឹកញាប់ គេឃើញមានការបង្ហោះវីដេអូហិង្សាជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងយូធូប (YouTube) ដែលបង្ហាញពីសកម្មភាពពលរដ្ឋឡោមព័ទ្ធ និងព្រួតគ្នាវាយទៅលើបុគ្គលណា ដែលគេអះអាងថា ជាចោរ ឬដែលគេគិតថា ប្រព្រឹត្តអំពើខុសឆ្គងខ្លាំង។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បញ្ជាក់ថា វប្បធម៌នៃការសម្លាប់ដោយហ្វូងមនុស្សនៅកម្ពុជា កើតចេញមកពីការបាត់ទំនុកចិត្តរបស់ពលរដ្ឋចំពោះការអនុវត្តច្បាប់របស់សមត្ថកិច្ច និងតុលាការ៖ «តាមពិតបើគាត់ជាជនសង្ស័យក្នុងការលួចរបស់ ឬក៏ជាចោរប្លន់របស់របរពលរដ្ឋ នោះគេត្រូវអនុវត្តតាមច្បាប់។ បានន័យថា ចាប់បញ្ជូនទៅតុលាការ ហើយដាក់ទោសទៅតាមផ្លូវច្បាប់។ បើសិនជាការអនុវត្តរបៀបនេះ ប្រជាពលរដ្ឋលោកមិនមានការចងគំនុំ ចងកំហឹងរហូតទៅដល់បង្កើតនូវវប្បធម៌អាក្រក់មួយ គឺការព្រួតគ្នាវាយសម្លាប់នោះទេ»។
យ៉ាងណាក៏ដោយ លោក អំ សំអាត កត់សម្គាល់ថា ការសម្លាប់ដោយហ្វូងមនុស្សក្រៅប្រព័ន្ធច្បាប់នៅកម្ពុជា មានការធ្លាក់ចុះនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចាប់តាំងពីឆ្នាំ២០០៨ មកអង្គការសិទ្ធិមនុស្សលីកាដូ រកឃើញថា ការសម្លាប់ដោយហ្វូងមនុស្សមានចន្លោះពី ៣ ទៅ ៤ករណី ក្នុងមួយឆ្នាំ ខុសពីពេលមុនដែលមានរហូតដល់ទៅជាង ១០ករណី ក្នុងមួយឆ្នាំៗ។
ទាក់ទងនឹងទិដ្ឋភាពច្បាប់វិញ លោក អំ សំអាត លើកឡើងថា ការសម្លាប់ដោយហ្វូងមនុស្ស គឺជាអំពើមនុស្សឃាតដោយចេតនា ដែលត្រូវផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌចំពោះអ្នកប្រព្រឹត្ត៖ «ការដែលអន្តរាគមន៍ ឬការដែលស្វែងរកយុត្តិធម៌ហ្នឹង គឺមិនសូវជាមានប្រសិទ្ធភាពទេ ដោយខ្ញុំលើកមូលហេតុថា ដោយសារអាជ្ញាធរលោកចាត់ទុក។ ការសម្លាប់ដោយហ្វូងមនុស្សអ៊ីចឹងច្រើនណាស់ រាប់រយនាក់ មិនដឹងថា អ្នកណាជាអ្នកសម្លាប់ ហើយសមត្ថកិច្ចរកឃើញជនដៃដល់ភាគច្រើនមិនមែនជាអ្នកដែលប្រព្រឹត្ត ឬក៏អ្នកវាយដំបង្កឱ្យស្លាប់នោះទេ បានន័យថា ជាអ្នកដែលបង្កមូលហេតុ ប៉ុន្តែចំពោះអ្នកដែលវាយដំរហូតដល់ស្លាប់ គឺកម្រណាស់»។
មាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌកម្ពុជាចែងថា ឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារអស់មួយជីវិត។
មន្ត្រីអង្គការសិទ្ធិមនុស្ស លោក អំ សំអាត មើលឃើញថា បើទោះជាក្រមព្រហ្មទណ្ឌចែងពីស្ថានទម្ងន់ទោសធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏គេកម្រឃើញសមត្ថកិច្ច ឬតុលាការអាចស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះណាស់៖ «វាពិបាកក្នុងការរកអ្នកទទួលខុសត្រូវ ប៉ុន្តែគ្រាន់តែជាក់ស្ដែងបទល្មើសព្រហ្មទណ្ឌ បើគេចង់ចាប់ឧទាហរណ៍មនុស្ស ១០០នាក់ ដែលកំពុងតែព្រួតវាយ កំពុងតែវាយៗ ប៉ុន្តែមនុស្សចុងក្រោយដែលគ្រាន់តែប៉ះមួយជើង ឬប៉ះមួយដៃ មនុស្សនោះស្លាប់។ អ៊ីចឹងបើកាលណាគេចាប់ចុងក្រោយ គឺគាត់ហ្នឹងហើយដែលត្រូវគេចោទពីបទមនុស្សឃាតដោយចេតនា»។
ការលើកឡើងរបស់មន្ត្រីសិទ្ធិមនុស្សរូបនេះ ឆ្លុះបញ្ចាំងពីតថភាពនៃឃាតកម្មលើរូបលោក ពៅ សុវណ្ណ។ អ្នកស្រី ចេវ ចិន្តា ដែលត្រូវជាភរិយា រួមទាំងក្រុមគ្រួសារមិនមានជំនឿថា នឹងទទួលបានយុត្តិធម៌ឡើយ ត្បិតជាងមួយឆ្នាំមកនេះ មិនឃើញមានអាជ្ញាធរ ឬមន្ត្រីតុលាការណា ចុះមកសួរនាំអ្នកស្រីអំពីឃាតកម្មលើលោក ពៅ សុវណ្ណ នោះឡើយ៖ «ខ្ញុំប្រហែលជាអត់សង្ឃឹមទេ ព្រោះប្តីខ្ញុំស្លាប់ជាងមួយឆ្នាំមកហើយ អត់មានឃើញអីផង។ ប្រសិនបើខ្ញុំមានលុយទើបមានសង្ឃឹម បើខ្ញុំអត់មានលុយអត់មានសង្ឃឹមទេ។ អត់មានខាងណាជួយខ្ញុំទេ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
