តុលាការ​មិន​ចាត់ការ​បណ្ដឹង​ប្ដឹង​មេការ​ក្រុមហ៊ុន​ភរិយា​អភិបាល​រង​ខេត្ត​មណ្ឌលគិរី

0:00 / 0:00

ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​មណ្ឌលគិរី បដិសេធ​មិន​ចាត់ការ​បណ្ដឹង​ចោទ​ប្រកាន់​មេការ​ក្រុមហ៊ុន​ឯកជន​មួយ​ជា​កម្មសិទ្ធិ​របស់​ភរិយា​អភិបាល​រង​ខេត្ត ពី​បទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​មក​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ឡើយ។ សកម្មជន​សិទ្ធិ​មនុស្ស​ជា​ដើម​បណ្ដឹង​អះអាង​ថា ការ​បដិសេធ​នេះ​​គឺ​ជា​ការ​សម្រេច​មិន​ផ្ដល់​យុត្តិធម៌​ក្នុង​រឿង​ក្ដី​នេះ​ទេ។

សកម្មជន​សិទ្ធិមនុស្ស​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កក្កដា អះអាង​ថា នឹង​រៀបចំ​ប្ដឹង​តវ៉ា​សេចក្ដី​បដិសេធ​នេះ​ទៅ​តុលាការ​សាលាឧទ្ធរណ៍​ដើម្បី​ដំណើរការ​រឿង​ក្តី​នេះ​បន្ត។

ការ​អះអាង​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ឃុត សុភាង កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា បាន​ចេញ​លិខិត​ជូន​ដំណឹង​តម្កល់​ទុក​ឥត​ចាត់ការ​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត លោក សុក រដ្ឋា ដែល​បាន​ប្ដឹង​មេការ​ក្រុមហ៊ុន វីឡេក ឌីវឺឡុបមែន (Village Development) លោក គង់ សុខុម ដែល​បាន​ប្រើប្រាស់​រថយន្ត​ដេញ​បុក​សម្លាប់​លោក សហការី និង​សហគមន៍​កំពុង​ធ្វើ​ដំណើរ​នៅ​ចម្ងាយ ២០០​ម៉ែត្រ ពី​ច្រក​ចូល​ក្រុមហ៊ុន​ដើម្បី​ស៊ើប​អង្កេត​ពាក្យ​ប្ដឹង​របស់​សហគមន៍​ដែល​អះអាង​ថា ក្រុមហ៊ុន​រំលោភ​ឈូស​ឆាយ​ដើម​ឈើ​ផលិត​ជ័រទឹក និង​ព្រៃឈើ​សហគមន៍។

ថ្លែង​ជំទាស់​នៅ​នឹង​សេចក្ដី​ជូន​ដំណឹង​នេះ លោក សុក រដ្ឋា ចាត់​ទុក​ការ​សម្រេច​នេះ​មាន​ភាព​លំអៀង​ទៅ​លើ​ភាគី​ក្រុមហ៊ុន និង​មិន​បាន​ស៊ើប​អង្កេត​ហ្មត់ចត់។ លោក​សំដែង​សុទិដ្ឋិនិយម​ថា មន្ត្រី​ស្ថាប័ន​អយ្យការ​សាលាឧទ្ធរណ៍​នឹង​ចាត់ការ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​រឿង​នេះ និង​ធ្វើ​ការ​ចោទ​ប្រកាន់​ជន​ពាក់ព័ន្ធ​ប្រើ​អំពើ​ហិង្សា​រំលោភ​សិទ្ធិ​មនុស្ស​ដើម្បី​តុលាការ​សម្រេច​ផ្ដន្ទាទោស​តាម​ច្បាប់។
លោក សុក រដ្ឋា៖ «តុលាការ​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​តម្កល់​រឿង​នីមួយៗ អ៊ីចឹង​រឿង​ហ្នឹង​កើត​ឡើង​យើង​ត្រូវតែ​ប្ដឹង​ដើម្បី​ស្វែង​រក​ភាព​យុត្តិធម៌​ចំពោះ​ខ្លួនឯង​ផង ក៏​ដូច​ប្រជាពលរដ្ឋ​ផង​ដែរ»

សកម្មជន​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ចំនួន​បី​នាក់ រួម​ទាំង​ប្រជាពលរដ្ឋ​សហគមន៍​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ៩​នាក់ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា អះអាង​ថា ពួកគាត់​បាន​រង​ការ​គំរាម​ពី​សំណាក់​បុគ្គលិក​ក្រុមហ៊ុន ខណៈ​ពេល​ពួកគេ​ចុះ​ស៊ើប​អង្កេត​ពី​សកម្មភាព​ឈូស​ឆាយ​​កាប់​យក​ដើម​ឈើ​ផលិត​ជ័រ​ទឹក ដែល​ជា​មុខ​របរ​ប្រពៃណី​ជនជាតិ​ដើម​នៅ​តំបន់​នោះ។

ឆ្លើយ​តប​បញ្ហា​នេះ ព្រះរាជអាជ្ញា​អម​តុលាការ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ឃុត សុភាង អះអាង​ថា ការ​ចោទ​ប្រកាន់​នេះ​មិន​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​អាច​ដាក់​បន្ទុក​ទៅ​លើ​ភាគី​ចុង​ចោទ​បាន។ លោក​បន្ត​ថា ភាគី​ដើម​ចោទ​អាច​ប្ដឹង​ទាស់​ការ​សម្រេច​នេះ​បាន​តាម​ការ​កំណត់​នៃ​ច្បាប់៖ «នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​អយ្យការ ពិនិត្យ​លើ​ធាតុ​ផ្សំ​បទល្មើស​វា​អត់​មាន​អយ្យការ​អាច​តម្កល់​ឥត​ចាត់ការ ហើយ​ទុក​សិទ្ធិ​ជូន​ភាគី​ម្ខាង​មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍ គាត់​មាន​សិទ្ធិ​ប្ដឹង​មួយ​ខែ»

យ៉ាង​នេះ​ក្ដី ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក លោក នី ចរិយា ហៅ​ចំណាត់ការ​របស់​មន្ត្រី​អយ្យការ​​ថា បម្រើ​ផលប្រយោជន៍​សម្រាប់​អ្នក​មាន​អំណាច​និង​ឈ្មួញ។ លោក​បន្ត​ថា មេធាវី​ការពារ​ក្តី​សកម្មជន​​នឹង​ដាក់​ពាក្យ​ប្ដឹង​ទាស់​ការ​សម្រេច​មិន​ចាត់ការ​នេះ៖ «យើង​ថា​វា​គ្មាន​យុត្តិធម៌​សម្រាប់​យើង។ យើង​ដឹង​ហើយ​ថា តុលាការ​នេះ​មិន​អាច​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​បាន​ទេ យើង​មិន​សង្ឃឹម​ទេ តាំង​ពី​ដើម​ទី​មក ប៉ុន្តែ​យើង​ត្រូវ​តែ​អនុវត្ត​នៃ​ជម្រើស​តាម​ផ្លូវ​តុលាការ»

​សមាគម​អាដហុក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ដាច់​អហង្កា​ចំពោះ​ការ​​ប៉ុនប៉ង​ធ្វើ​ឃាត​សកម្មជន​សិទ្ធិមនុស្ស គឺ​លោក សុក រដ្ឋា និង​សហការី​ពីរ​រូប គឺ​លោក ប៊ុន ចន្ថា ឡេ កៅ រួម​ទាំង​ប្រជា​សហគមន៍ ៩​នាក់​ផ្សេង​ទៀត។ សមាគម​នេះ​ចាត់​ទុក​ថា នេះ​គឺ​ជា​សកម្មភាព​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បាន​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់​វិធានការ​ផ្លូវ​ច្បាប់ និង​ដាក់​ទោសទណ្ឌ​ជន​ដៃដល់​ក្នុង​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។