តុលាការ​ខេត្ត​មណ្ឌលគិរី​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​សហគមន៍​ព្នង​បណ្ដោះ​អាសន្ន

0:00 / 0:00

សភា​ស៊ើបសួរ​នៃ​តុលាការ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​ត្រូវ​ជាប់​ឃុំ​អស់​ជាច្រើន​ខែ។

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​មណ្ឌលគិរី សម្រេច​ឲ្យ​ឃុំ​ខ្លួន​សកម្មជន​នោះ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្នុង​បទ​ចោទ​ពីរ​ករណី​ផ្សេង​គ្នា គឺ​បាន​រួម​ភេទ​ជាមួយ​ភរិយា​ជា​អនីតិជន និង​ប៉ះពាល់​ទៅ​លើ​កម្មសិទ្ធិ​ឯកជន។

តើ​សកម្មជន​រូប​នេះ ពិត​ជា​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ទាំង​ពីរ​ករណី​ដូច​ការ​ចោទ​ឬ​យ៉ាង​ណា?

សកម្មជន​ដែល​ដឹក​នាំ​តវ៉ា​ការពារ​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ចក់ចារ គឺ​លោក យ៉ាន ម៉ៅ ឬ យ៉ាន សីហា បាន​វិល​ត្រឡប់​ទៅ​ជួប​ជុំ​គ្រួសារ​វិញ​ហើយ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​ចៅក្រម​តុលាការ​ខេត្ត​មណ្ឌលគិរី សម្រេច​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ៤​ខែ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ពីរ​ករណី។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ប៉ូលិស​ឃុំ​ស្រែឈូក បាន​ចាប់​ខ្លួន លោក យ៉ាន ម៉ៅ ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​នៅ​ចំណុច​ភូមិ​ប៉ោដើមស្វាយ ក៏ប៉ុន្តែ​ភ្លាមៗ​នៃ​ការ​ចាប់​ខ្លួន ឪពុក​ម្តាយ​ក្មេក​លោក និង​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ ថា​ជា​គម្រោង​ការ​របស់​មន្ត្រី​មូលដ្ឋាន​ដើម្បី​បំភិត​បំភ័យ​បំបាក់​ស្មារតី​អ្នក​ភូមិ មិន​ឲ្យ​តវ៉ា​ទាមទារ​ដី​សហគមន៍​ដែល​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ប៊ិញ ភឿក​១ បាន​ឈូស​ឆាយ​យក​អស់​ជាង ៥០០​ហិកតារ។

សភា​ស៊ើបសួរ​នៃ​តុលាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា បាន​ចេញ​ដីកា​ពីរ​ផ្សេង​គ្នា បដិសេធ​ដីកា​សម្រេច​របស់​តុលាការ​ខេត្ត​មណ្ឌលគិរី ដែល​មិន​អនុញ្ញាត​ឲ្យ យ៉ាន ម៉ៅ នៅ​ក្រៅ​ការ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន ពោល​គឺ​អនុញ្ញាត​ឲ្យ យ៉ាន ម៉ៅ បាន​នៅ​ក្រៅ​ឃុំ​តាម​សំណើ​របស់​មេធាវី​ការពារ​ក្តី ប៉ុន្តែ​តុលាការ​សម្រេច​ដាក់ យ៉ាន ម៉ៅ ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និង​ភ្ជាប់​កាតព្វកិច្ច មិន​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ត្រូវ​ឆ្លើយ​តប​ការ​កោះ​ហៅ​ពី​គ្រប់​បុគ្គល​ដែល​មាន​ការ​ចាត់​តាំង​ពី​ចៅក្រម​ស៊ើបសួរ ត្រូវ​ចូល​ខ្លួន​មក​បង្ហាញ​នៅ​មុខ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ក្នុង​មួយ​ខែ​ម្តង​រៀង​រាល់​ថ្ងៃ​ទី​១ នៃ​ដើម​ខែ​នីមួយៗ។ ប្រសិន​បើ​គេចវេះ ចៅក្រម​ស៊ើបសួរ ឬ​សភា​ស៊ើបសួរ អាច​សម្រេច​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ឡើង​វិញ។

ចំពោះ លោក យ៉ាន ម៉ៅ ចាត់​ទុក​ការ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​នេះ ថា​ជា​ឱកាស​ល្អ​មួយ​សម្រាប់​លោក បន្ត​ដឹក​នាំ​ការ​ទាមទារ​ដីធ្លី​សហគមន៍​បន្ត​ទៀត ពីព្រោះ​ហេតុផល​ដែល​លោក​ត្រូវ​ចាប់​ឃុំ​ខ្លួន គឺ​ជា​រឿង​អយុត្តិធម៌ ដោយសារ​តែ​លោក​បាន​ដឹក​នាំ​តវ៉ា​រឿង​ដីធ្លី​សហគមន៍ ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន​សម្បទាន បាន​ចោទ​ប្រកាន់ និង​ប្រឌិត​រឿង​ដើម្បី​ចាប់​ខ្លួន​លោក​បំពាន​ច្បាប់៖ «ទៅ​វិញ​ហ្នឹង ខ្ញុំ​តាំង​ចិត្ត​តស៊ូ​មតិ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​យក​ដីធ្លី​មក​ជូន​ប្រជាពលរដ្ឋ​វិញ ខ្ញុំ​មិន​ចុះ​ចាញ់​ទេ ព្រោះ​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ ខ្ញុំ​ជា​ជនជាតិ​ដើម​ភាគ​តិច​ល្ងឹតល្ងង់​ផ្នែក​ច្បាប់​ហ្នឹង»

លោក យ៉ាន ម៉ៅ មាន​កំណើត​ជនជាតិ​ខ្មែរ អាយុ ៣១​ឆ្នាំ។ លោក និង​ភរិយា បាន​ព្រមព្រៀង​សែនព្រេន​រួម​រស់​ជា​ប្ដី​ប្រពន្ធ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច និង​មាន​ចាស់​ទុំ​ទាំង​សង​ខាង​បាន​សែនព្រេន​ទទួល​ស្គាល់ ២​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ភរិយា​លោក​មាន​កំណើត​ជនជាតិ​ដើម​ភាគ​តិច​ព្នង ទើប​អាយុ​បាន ១២​ឆ្នាំ។

ឪពុក​បង្កើត លោក យ៉ាន ម៉ៅ គឺ​លោក សន ស៊ីយ៉ាន ចាត់​ទុក​ការ​ចាប់​ខ្លួន​កូន​ប្រុស​លោក ថា​ជា​ចេតនា​បំភិត​បំភ័យ និង​បំបាក់​ស្មារតី​អ្នក​ភូមិ​មិន​ឲ្យ​តវ៉ា​ទាមទារ​ដី​សហគមន៍។ លោក​ថា កូន​ប្រុស​លោក​ត្រូវ​បាន​គេ​រៀបចំ​គម្រោង​ចោទ​ពី​បទ​រួម​ភេទ​ជាមួយ​ប្រពន្ធ​ជា​អនីតិជន ក៏ប៉ុន្តែ​កូន​គាត់ និង​ប្រពន្ធ បាន​ព្រមព្រៀង​រួម​រស់​ជា​ប្ដី​ប្រពន្ធ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច និង​មាន​ចាស់​ទុំ​ទាំង​សង​ខាង បាន​សែនព្រេន​ទទួល​ស្គាល់៖ «បើ​ឪពុក​ម្ដាយ​គេ​មិន​ពេញ​ចិត្ត គេ​ប្តឹងផ្តល់​គ្នា​យូរ​ហើយ គេ​មិន​បណ្តោយ​ឲ្យ​កូន​គេ​យក​គ្នា​រស់នៅ​សុខសាន្ត។ ខ្ញុំ​ដឹង​ថា ល្បិច​រឿង​ដី​ហ្នឹង អ៊ីចឹង​យក​ល្បិច​យក​ប្រពន្ធ​ក្មេង​ប៉ះពាល់​សង្គម​ស្អីៗ​ណា»

បន្ថែម​លើ​នេះ​ទៀត ឪពុក​ក្មេក លោក យ៉ាន ម៉ៅ គឺ​លោក មាន មីន កាល​ពី​ដើម​ខែ​មេសា ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​មក​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី ចោទ​មន្ត្រី​ប៉ូលិស​ពីរ​នាក់​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​មណ្ឌលគិរី ថា​បាន​នាំ​កង​ប៉ូលិស​ប្រដាប់​អាវុធ​មាន​គ្នា ៦​នាក់ ចូល​ទៅ​ផ្ទះ​គាត់​នៅ​វេលា​ម៉ោង​ជាង ៩​យប់ ហើយ​គំរាម​ឲ្យ​គាត់​ផ្ដិត​មេដៃ​លើ​កំណត់​ហេតុ​បញ្ជាក់​ថា ឈ្មោះ យ៉ាន ម៉ៅ បាន​រួមរ័ក​ជាមួយ​កូន​ស្រី​គាត់​ជា​ក្មេង​ស្រី​អាយុ ១២​ឆ្នាំ​នោះ​ដែរ។

ទាក់ទិន​រឿង​ក្តី​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា រក​ឃើញ​ថា រឿង​ក្តី​ប្ដឹង​ចោទ​សកម្មជន​ដីធ្លី​ទាំង​ពីរ​ករណី គឺ​មួយ​ករណី​នេះ​កើត​ចេញ​ពី​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក​១ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​សហគមន៍ និង​មួយ​ករណី​ទៀត គឺ​ប៉ូលិស​ជា​អ្នក​រៀបចំ​ពាក្យ​ប្ដឹង​សកម្មជន​ក្នុង​រឿង​រួម​ភេទ​ជាមួយ​ភរិយា ផ្ទុយ​ពី​ឪពុក​ម្ដាយ​ភរិយា​ជន​ជាប់​ចោទ​ទទួល​ស្គាល់​ថា ជា​ការ​ព្រមព្រៀង​ប្ដី​ប្រពន្ធ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច។

លោក​កត់​សម្គាល់​ថា ជនជាតិ​ដើម​ភាគ​តិច​ភាគ​ច្រើន នារី​បាន​រៀបការ ឬ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​នៅ​អាយុ ១៣​ឆ្នាំ ឬ ១៤​ឆ្នាំ ឲ្យ​តែ​អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា ហើយ​ឪពុក​ម្ដាយ​ទាំង​សង​ខាង​ទទួល​ស្គាល់​សែនព្រេន​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច៖ «ប្រជាពលរដ្ឋ​ដែល​ជា​ជនជាតិ​ដើម​ភាគ​តិច​ថា តើ​មាន​ប៉ុន្មាន​គ្រួសារ​ដូច លោក យ៉ាន ម៉ៅ ហ្នឹង ឲ្យ​លោក​អនុវត្ត​ទៅ​តាម​ច្បាប់​ជាតិ​ឲ្យ​គ្រប់​គ្នា​ទៅ បើ​យើង​យល់​អ៊ីចឹង។ បើ​គាត់​យល់​ថា​នេះ​ជា​អំពើ​ខុស​ច្បាប់ សង្គម​ស៊ីវិល​យើង​សាទរ​ចំពោះ​សមត្ថកិច្ច​ដែល​អនុវត្ត​ភារកិច្ច​របស់​ខ្លួន និង​គោរព​ច្បាប់»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មេធាវី​ការពារ​ក្តី លោក យ៉ាន ម៉ៅ គឺ​លោក ហាន ម៉េងហឿន អះអាង​ថា នឹង​ប្រឹងប្រែង​អស់​លទ្ធភាព ស្វែងរក​វត្ថុ​តាង​ដោះ​បន្ទុក​កូន​ក្តី​របស់​លោក ឲ្យ​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។ លោក​ថា ការ​ចោទ​ប្រកាន់​របស់​ដើម​ចោទ មិន​មាន​មូលដ្ឋាន​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ៖ «ខ្ញុំ​នឹង​ខិតខំ​ដាក់​ភស្តុតាង​បន្ថែម ដើម្បី​សុំ​ឲ្យ​ចៅក្រម​លុប​បទ​ចោទ។ ទាំង​ពីរ​ករណី​មើល​ឃើញ​ថា ជា​រឿង​មួយ​ដែល​មិន​មាន​ការ​ចោទ​ប្រកាន់​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​ភស្តុតាង​ទាំងឡាយ​អត់​មាន​លក្ខណៈ​គ្រប់គ្រាន់»

ដូច​គ្នា​នេះ​ដែរ លោក យ៉ាន ម៉ៅ ក៏​បាន​សម្រេច​ចិត្ត​ថា នឹង​ចូល​ខ្លួន​ទៅ​តវ៉ា​រឿង​ក្តី​ចោទ​ប្រកាន់​នេះ​រហូត​ទទួល​បាន​សេរីភាព និង​យុត្តិធម៌។ លោក​អំពាវនាវ​សុំ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ការ​កាត់​ដី​សហគមន៍​ចេញ​ពី​ដី​សម្បទាន​ក្រុមហ៊ុន ប្រគល់​ជូន​ប្រជាពលរដ្ឋ​គ្រប់គ្រង​តាម​ប្រពៃណី​ដូច​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។