តុលាការ​ខេត្ត​មណ្ឌលគិរី​ស៊ើប​អង្កេត​ករណី​អ្នក​ភូមិ​ប្ដឹង​អាជ្ញាធរ​ដុត​ផ្ទះ​ប្រជាពលរដ្ឋ

ដោយ រដ្ឋា វិសាល
2015.07.25
ជម្លោះ​ដី មណ្ឌលគិរី ៦២០ ប្រជាពលរដ្ឋ​ព្នង​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី លើក​គ្នា​មក​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន ប៊ិញ ភឿក១ ដែល​នាំ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​សហគមន៍​កាល​ពី​ថ្ង​ទី​១៧ ខែ​ធ្នូ ២០១៤។
Adhoc Photo

មន្ត្រី​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ដែល​បាន​ចោទ​ប្រកាន់​អភិបាល​ស្រុក និង​កងកម្លាំង​ប្រដាប់​អាវុធ​ពី​​បទ​ប្រើ​អំពើ​ហិង្សា​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ និង​បណ្ដេញ​ចេញ​ពី​ដី​តាំង​ទី​លំនៅ​របស់​អ្នក​ភូមិ។

​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​មណ្ឌលគិរី ចេញ​ដីកា​កោះហៅ​តំណាង​អ្នក​ភូមិ​ចក់ចារ ៧​នាក់ ក្នុង​ចំណោម ១០​នាក់ ក្នុង​នាម​ជា​ដើម​បណ្ដឹង​ព្រហ្មទណ្ឌ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​តុលាការ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ដែល​បាន​ប្ដឹង​ចោទ​អភិបាល​ស្រុក​កែវសីមា ពី​បទ​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា កងកម្លាំង​អាជ្ញាធរ​ស្រុក​កែវសីមា ដឹកនាំ​ដោយ​លោក ស៊ិន វណ្ណវុឌ្ឍន៍ ​បាន​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ទំហំ​ពី ២០ ទៅ ៣០​ម៉ែត្រក្រឡា​អស់ ៧​ខ្នង បន្ទាប់​ពី​អាជ្ញាធរ​តម្រូវ​ឲ្យ​អ្នក​ភូមិ​រុះរើ​លំនៅឋាន​ចេញ​ពី​កន្លែង​រស់​នៅ​ដោយ​សំអាង​ថា ដី​នោះ​ជា​ដី​រដ្ឋ ហើយ​ប្រជាពលរដ្ឋ​មក​ស្នាក់នៅ​ទី​នោះ​ខុស​ច្បាប់ ក៏​ប៉ុន្តែ​អ្នក​ភូមិ​មិន​ព្រម​ចាកចេញ។

តំណាង​អ្នក​ភូមិ អ្នកស្រី រិទ្ធ ផាន់ណា កត់សំគាល់​ថា នេះ​ជា​អំពើ​ហិង្សា​រំលោភ​សិទ្ធិ​រស់រាន​មាន​​ជីវិត​របស់​ពលរដ្ឋ​ក្រីក្រ និង​ខ្លះ​ទៀត​ជា​ជនជាតិ​ដើម​ភាគតិច។ អ្នកស្រី​បន្ត​ថា អ្នក​ភូមិ​បាន​ត្រៀម​ឯកសារ រូបថត សកម្មភាព​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​មន្ត្រី​អាជ្ញាធរ​ស្រុក​ដែល​បង្ហាញ​ពី​អំពើ​​ឃោរឃៅ និង​ហិង្សា ជា​សក្ខីកម្ម​ជូន​មន្ត្រី​តុលាការ​ជួយ​រក​យុត្តិធម៌៖ «ខ្ញុំ​យក​ភស្តុតាង​ទាំង​រូប​លោក ស៊ិន វណ្ណវុឌ្ឍន៍ ទាំង​កងកម្លាំង​ទាំង​អស់ ពួក​ខ្ញុំ​ប្រមូល​ធ្វើ​ឯកសារ។ ទូរស័ព្ទ​ខ្ញុំ​ថត​បាន​ជា​វីដេអូ យក​ទៅ​ទាំង​អស់។ ដុត​អស់ ៧​ផ្ទះ​ធំៗ​ដែរ សសរ ៩ ​សសរ ៨»

​ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ ៧២​គ្រួសារ ក្នុង​នោះ ៣០​ភាគរយ​ជា​ជនជាតិ​ដើម​ភាគតិច និង ៧០​ភាគរយ​ទៀត​ជា​ប្រជាពលរដ្ឋ​ចំណាកស្រុក​បាន​មក​តាំងទី​លំនៅ​ក្នុង​តំបន់​សាយ៉ង់ក្រូច ដោយសារ​តែ​តំបន់​នោះ​ជា​តំបន់​ព្រៃ​ដែល​អ្នក​ភូមិ​ជនជាតិ​ស្ទៀង មួយ​ក្រុម ប្រកប​មុខ​របរ​ដង​ជ័រ​ទឹក និង​រស់​អាស្រ័យ​អនុផល​ព្រៃឈើ​នោះ​តាំង​ពី​របប ប៉ុល ពត ដួល​រលំ​ទៅ។ ក៏​ប៉ុន្តែ​ក្នុង​រយៈពេល​បី ទៅ បួន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដើម​ឈើ​ផលិត​ជ័រទឹក​របស់​អ្នក​ភូមិ​ត្រូវ​ជន​អនាធិបតេយ្យ​កាប់​យក​ឈើ​អស់​ហេតុ​នេះ អ្នក​ភូមិ និង​ពលរដ្ឋ​​ចំណាក​ស្រុក​បាន​កាប់​ឆ្ការ​ព្រៃ​ធ្វើ​ចម្ការ និង​តាំងទី​លំនៅ​រហូត​បច្ចុប្បន្ន។ ប្រជាពលរដ្ឋ​ខ្លះ​មាន​​សៀវភៅ ឬ​ប័ណ្ណ​គ្រួសារ និង​ខ្លះ​ទៀត​មាន​ប័ណ្ណ​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់ និង​ការ​អះអាង​របស់​ពលរដ្ឋ​នេះ អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍន៍ មាន​ប្រសាសន៍​ថា ដី​តំបន់​នោះ​ជា​តំបន់​ព្រៃ​ស្រោង ហេតុ​នេះ​អ្នក​ភូមិ​មិន​មាន​​សិទ្ធិ​ទៅ​តាំង​ទីលំនៅ​បាន​ឡើយ។ ចំណែក​ពាក្យ​ប្ដឹង​របស់​អ្នកភូមិ​លោក​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ស្ថាប័ន​អយ្យការ​រួច​ហើយ ក៏​ប៉ុន្តែ​អ្វី​ដែល​អាជ្ញាធរ​បាន​ចាត់​វិធានការ គឺ​ជា​យន្តការ​ច្បាប់​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បង្ខំ​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ និង​មាន​ការ​ចូលរួម​ពី​មន្ត្រី​អយ្យការ​ផង​ដែរ។

លោក ស៊ិន វណ្ណវុឌ្ឍន៍៖ «យើង​មើល​ទៅ​តាម​ផ្លូវ​ច្បាប់​ទៅ យើង​ក៏​មិន​អាច​ប្រឈមមុខ​ស្អី​ដែរ កាល​ដែល​ទៅ​ចូល​រួម​ព្រះរាជអាជ្ញា​គាត់​ដឹក​នាំ​ទៅ​ដែរ។ យើង​បាន​ណែនាំ​គាត់​ដែរ យើង​មិន​ដឹង ដោះស្រាយ​យ៉ាង​ម៉េច​ជូន​គាត់​ទេ ព្រោះ​ខុសច្បាប់​ព្រៃស្រោង»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក លោក សុក រដ្ឋា ចាត់​ទុក​អំពើ​ហិង្សា​របស់​អាជ្ញាធរ​ថា ដំណោះស្រាយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ធ្លាក់​ក្នុង​សភាព​ក្រីក្រ និង​រង​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ យ៉ាង​ណា​មិញ លោក​ថា អាជ្ញាធរ​គួរតែ​ស្វែង​រក​ដំណោះស្រាយ​សន្តិវិធី​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​ផ្ដល់​លទ្ធភាព​រក​ដី​សង់​លំនៅឋាន និង​ធ្វើ​កសិកម្ម​ជូន​ប្រជាពលរដ្ឋ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក សុក រដ្ឋា៖ «ចូល​ទៅ​រស់​នៅ​លើ​ដី​រដ្ឋ​វា​ខុស​ច្បាប់​ហើយ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​តែង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​ខ្វះខាត។ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី គួរ​ផ្លាស់ប្ដូរ​ឥរិយាបថ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​​ពួកគាត់​មាន​ដី​សាងសង់​លំនៅឋាន និង​បង្កបង្កើនផល​ជា​លក្ខណៈ​គ្រួសារ បញ្ចៀស​ភាព​ក្រីក្រ​នៅ​​ប្រទេស​កម្ពុជា»

រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ ៧២​គ្រួសារ ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​រុះរើ និង​ដុត​ផ្ទះ ព្រម​ទាំង​រោង​ប្រក់​កៅស៊ូ​របស់​អ្នក​ភូមិ​ពីរ​លើក​រួច​មក​ហើយ។ ចំណែក​អ្នក​ភូមិ​នៅ​តែ​បន្ត​ធ្វើ​រោង​ប្រក់​តង់​កៅស៊ូ​រស់​នៅ​ទី​នោះ​ដដែល បើ​ទោះ​បី​រដូវភ្លៀង​នេះ​ធ្វើ​ឲ្យ​កូនចៅ​អ្នក​ភូមិ​ប្រឈម​មុខ​ការ​លំបាក​នឹង​កើត​មាន​ជំងឺ​ច្រើន​គ្រួសារ​យ៉ាង​ណា​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។