ក្នុងការពិភាក្សានោះ ក្រុមសមាជិកសភាគណបក្សប្រជាជនកម្ពុជា ប្រើពាក្យឌឺដង និងអំនួតចំអកដាក់សមាជិកសភាគណបក្សប្រឆាំង ដែលព្យាយាមបកស្រាយមាត្រានៃច្បាប់នោះ ដោយរិះគន់ពីអំពើពុករលួយរបស់មន្ត្រីក្នុងជួររាជរដ្ឋាភិបាលដែលភាគច្រើនជាគណបក្សប្រជាជន។
ទោះជាយ៉ាងណា សមាជិកសភាបានអនុម័តមាត្រាទាំង ៣នោះ នៅថ្ងៃ៨ ខែឧសភា ដោយទទួលបានសំឡេងគាំទ្រ ៨៣ សំឡេង លើ ៨៩ សំឡេង នៃសមាជិកសភាដែលចូលរួមពិភាក្សា។
ទេសាភិបាលធនាគារជាតិកម្ពុជា លោក ជា ចាន់តូ ថ្លែងប្រាប់អំពីអត្ថប្រយោជន៍នៃមាត្រាច្បាប់ដែលសុំធ្វើវិសោធនកម្មទៅកាន់សមាជិកសភាជាង ៨០នាក់ នៅព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៣ ថា សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្ម ៣មាត្រា នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ មាន ២មាត្រា។ មាត្រា ១ គឺមានមាត្រា ៣ និយាយពីនិយមន័យនៃពាក្យបច្ចេកទេស។ មាត្រា ២៩ និយាយពីទណ្ឌកម្មខាងព្រហ្មទណ្ឌ និងមាត្រា ៣០ និយាយពីការឃាត់ទុក និងរឹបអូសទ្រព្យសម្បត្តិ។ មាត្រា ២ ចែងអំពីការអនុវត្តច្បាប់នេះជាប្រញាប់។
លោក ជា ចាន់តូ៖ «ដោយអំពើសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មមានលក្ខណៈធ្ងន់ធ្ងរ ហើយបទល្មើសមួយចំនួនមិនទាន់មាននៅក្នុងច្បាប់ និងដោយសារច្បាប់ស្ដីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានប្រកាសឲ្យប្រើប្រាស់មុនក្រមព្រហ្មទណ្ឌ ហើយច្បាប់នេះនៅពុំទាន់បានបំពេញឲ្យគ្នាទៅវិញទៅមក រវាងច្បាប់ពីរផ្សេងគ្នា គឺក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីការប្រឆាំងនឹងភេរវកម្ម»។
នៅក្នុងការពិភាក្សាមាត្រាទាំងនោះ លោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សប្រឆាំងបានគាំទ្រច្បាប់នេះ តែសុំបន្ថែមយោបល់ខ្លះ៖ «កំណើនសេដ្ឋកិច្ចមានការរីកចំរើនទៅមុខ ៧% ៨% គួរជាទីមោទនៈ។ បើផ្អែកទៅលើកំណើនសេដ្ឋកិច្ចបែបនេះ គួរណាស់តែមន្ត្រីរាជការ ប៉ូលិស ទាហាន ប្រាក់ខែគាត់បានយ៉ាងតិច ១លានរៀល កម្មករ កម្មការិនី ក៏អាចទទួលបានប្រាក់ខែយ៉ាងតិច ១៥០ដុល្លារ ហើយក៏ត្រូវមានសុខុមាលភាពសង្គម ដើម្បីជួយប្រជាពលរដ្ឋយើងទូទាំងប្រទេសផងដែរ។ ក៏ប៉ុន្តែ ស្ថានភាពនេះយើងចេញអត់រួច ដោយសារលុយទាំងអស់នោះ វាហូរចូលទៅក្នុងប្រាក់កខ្វក់ វាមិនហូរចូលទៅក្នុងវិស័យផលិតកម្មទេ។ លុយនេះមួយចំនួនបាននិងកំពុងវិនិយោគ ហើយក្នុងក្របខ័ណ្ឌនៃការបំផ្លាញសេដ្ឋកិច្ចមួយដែលមានការប្រណាំងប្រជែងស្មើភាព។ ដូច្នេះហើយមានតែក្រុមហ៊ុន ២ ៣ ទេ ដែលមកពីប្រទេសចិន ប្រទេសវៀតណាម មករកស៊ីអ៊ីចឹងទៅ បន្លំអីទៅ ស្គាល់មន្ត្រីនេះ ស្គាល់មន្ត្រីនោះចេះតែសូកប៉ាន់ទៅ ហើយចេះតែរស់ទៅអ៊ីចឹងទៅ ព្រោះយើងបានតែក្រុមហ៊ុនមួយក្ដាប់តូច អាក្រុមហ៊ុនដែលគេរកស៊ីល្អៗ កម្រទាន់មកដល់ណាស់»។
ក្នុងពេលលោក យឹម សុវណ្ណ កំពុងតែផ្ដល់យោបល់នោះ អនុប្រធានទី១ នៃរដ្ឋសភា លោក ងួន ញ៉ិល បានណែនាំកុំឲ្យបកស្រាយខុសប្រធានបទ៖ «ពីព្រោះវារាលដាលទៅដល់ដំណើរការអនុញ្ញាតដល់វិនិយោគិនបរទេស ដែលប្រព្រឹត្តនូវអំពើពុករលួយនៅកម្ពុជា វាមិនត្រឹមត្រូវ វាអាចពាក់ព័ន្ធនៅរឿងដូចថា វាចំណេញរឿងនយោបាយ គឺថា រាជរដ្ឋាភិបាលនេះអនុវត្តមិនបានត្រឹមត្រូវ»។
ក្រោយពីលោក ងួន ញ៉ិល ណែនាំលោក យឹម សុវណ្ណ កុំឲ្យបកស្រាយចាកប្រធានបទនោះ បែរជាលោក ស៊ិក ប៊ុនហុក តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បកស្រាយក្រៅពីមាត្រាច្បាប់ដែលកំពុងពិភាក្សា ហើយប្រធាននិងអនុប្រធានសភាមិនណែនាំដូចលោក យឹម សុវណ្ណ បកស្រាយឡើយ៖ «ពាក្យរបស់នាយករដ្ឋមន្ត្រីតែម្ដង គាត់បានប្រកាសច្បាស់ ហើយខ្ញុំសុំជូនយោបល់ រាល់បញ្ហាទាំងឡាយណាដែលមានការលូកដៃជើងចូលរបស់គណបក្សប្រឆាំង ខ្ញុំមិនចូលរួមដោះស្រាយឡើយ។ មូលហេតុអី? អាហ្នឹងគឺដូចជាជំទាវម្សិលមិញ គាត់ឆ្ងល់ហេតុអីបានជាអ៊ីចឹង?»។
បន្ទាប់ពីលោក ស៊ិក ប៊ុនហុក បកស្រាយក្រៅមាត្រា លោក ឈាង វុន និងលោក ជាម យៀប អះអាងអំពីការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដែលគ្មាននៅក្នុងមាត្រាច្បាប់ ហាក់សង្កត់មិនឲ្យគណបក្សប្រឆាំងមានយោបល់ទៅលើច្បាប់នោះ។
នៅក្នុងការពិភាក្សាសេចក្ដីព្រាងច្បាប់វិសោធនកម្ម មាត្រា ៣ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម មិនមានកែប្រែចំណុចណាឡើយ ហើយសមាជិកសភាបានអនុម័តសំឡេង ៨៣ លើ ៨៩ សំឡេង។
គេសង្កេតឃើញថា នៅពេលថ្ងៃបោះឆ្នោតកំពុងតែខិតចូលមកដល់ រដ្ឋសភាបានបើកកិច្ចប្រជុំរបស់ខ្លួនឡើងវិញ ពិភាក្សាអនុម័តច្បាប់មួយចំនួនចាប់តាំងពីថ្ងៃទី៧ ឧសភា មក។ នៅក្នុងដំណើរការពិភាក្សានេះ គេសង្កេតឃើញថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ព្រួតគ្នាវាយប្រហារ និងដាក់គំនាបលើកសមាជិកសភាគណបក្សជំទាស់រហូត។ រដ្ឋសភានឹងបន្តពិភាក្សាលើសេចក្ដីព្រាងច្បាប់មួយទៀត គឺច្បាប់សហគមន៍កសិកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
