រដ្ឋសភា​នឹង​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ​សមាគម​នៅ​ថ្ងៃ​ទី​២៣​មិថុនា

0:00 / 0:00

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ​សមាគម នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ មិថុនា ដើម​សប្ដាហ៍​ក្រោយ។ នៅ​មុន​ពេល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជុំ​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ដាក់​សំណើ​ទៅ​អនុប្រធាន​រដ្ឋសភា ឲ្យ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ និង​ថា ប្រសិន​បើ​ចាំបាច់​ត្រូវ​មាន​ច្បាប់​នេះ គួរ​តែ​មាន​កិច្ច​ពិគ្រោះ​យោបល់​ឲ្យ​បាន​ពេញលេញ​ជា​មុន​សិន។

អ្នក​តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា បញ្ជាក់​ថា កិច្ច​ពិភាក្សា​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​មុន​ពេល​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ​សមាគម ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​ពាក់ព័ន្ធ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មិថុនា ថា បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ គណៈកម្មការ​ជំនាញ​ពាក់ព័ន្ធ នឹង​ចាប់​ផ្ដើម​ស្រាវជ្រាវ​ច្បាប់​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ​ជា​មុន​សិន។ លោក​ថា ក្នុង​ដំណាក់​កាល​នោះ​ហើយ​ដែល​គណៈកម្មការ​ជំនាញ​ត្រូវ​សម្រេច​ថា តើ​គួរ​ចេញ​ច្បាប់​នេះ ឬ​ទម្លាក់​ចោល មុន​ពេល​បង្កើត​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ។ លោក ឈាង វុន ពុំ​បាន​ឆ្លើយ​ថា​យ៉ាង​ណា​ឡើយ នៅ​ពេល​ដែល​ចោទ​សួរ​ថា តើ​ច្បាប់​អង្គការ​នេះ​ជា​ការ​ប្រញាប់​ឬ​ទេ? ប៉ុន្តែ​លោក​បញ្ជាក់​ថា កម្ពុជា គួរ​តែ​មាន​ច្បាប់​នេះ​នៅ​ពេល​ដែល​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក មាន​ច្បាប់​នេះ​ដែរ៖ «គណៈកម្មការ​ត្រូវ​ពិភាក្សា​ផ្ទៃ​ក្នុង​នឹង​គណៈកម្មការ​ពាក់ព័ន្ធ​ផ្សេង​ទៀត។ ជា​ទម្លាប់ គឺ​នីតិវិធី​មាន​តែ​មួយ​ទេ ច្បាប់​នេះ​ត្រូវ​យក​ទៅ​ពិគ្រោះ​យោបល់ ក្នុង​នោះ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ធំ ត្រូវ​អញ្ជើញ​មក មន្ត្រី​រាជការ​ដែល​ពាក់ព័ន្ធ អង្គ​ទូត​ផ្សេងៗ​ដែល​យក​ចិត្ត​ទុក​ដាក់​ក្នុង​ហ្នឹង»

ពាក់ព័ន្ធ​នឹង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ​សមាគម​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០​ស្ថាប័ន បាន​ជួប​ជាមួយ​អនុប្រធាន​រដ្ឋសភា លោក កឹម សុខា។ ពួក​គេ​ស្នើ​ឲ្យ​សភា​ទម្លាក់​ចោល​ច្បាប់​នេះ ប្រសិន​បើ​ពុំ​មាន​ការ​ពិគ្រោះ​យោបល់។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​ស្ដីពី​អង្គការ​សមាគម មាន​បញ្ហា​ជាច្រើន ដែល​រដ្ឋសភា​គួរ​តែ​ពិចារណា​ឲ្យ​បាន​ដិតដល់៖ «ធ្វើ​ឲ្យ​ទីធ្លា​ប្រជាធិបតេយ្យ​រួម​តូច និង​ដើរ​ថយ​ក្រោយ ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ខាង​សមាគម នយោបាយ និង​ប៉ះពាល់​ដល់​ក្រុម​យុវជន និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​ក្នុង​សហគមន៍ ដែល​រៀបចំ​ក្រៅ​ផ្លូវ​ការ ហើយ​គាត់​ធ្វើ​សកម្មភាព​ជួយ​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ និង​អភិបាល​កិច្ច។ យើង​សង្ឃឹម​ថា រដ្ឋសភា និង​តំណាង​រាស្ត្រ ពិចារណា​ដិតដល់​ពី​បញ្ហា​នេះ​មុន​នឹង​អនុម័ត»

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​វិភាគ​សេចក្ដី​ព្រាង​ច្បាប់​នេះ ថា​មាន​ចំណុច​ព្រួយ​បារម្ភ​ចំនួន​៥ រួម​មាន ការ​មិន​ចែង​ពី​អង្គការ​សហគមន៍​មូលដ្ឋាន ដែល​អាច​ឲ្យ​មាន​ការ​បកស្រាយ​ប៉ះពាល់​ដល់​ដំណើរ​ការ​ពួក​គេ។ សមាគម និង​អង្គការ តម្រូវ​ឲ្យ​ចុះ​បញ្ជី​ដែល​លែង​ជា​ជម្រើស ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គការ​សមាគម ដែល​ត្រូវ​គេ​បដិសេធ​មិន​ឲ្យ​ចុះ​បញ្ជី។ ចំណែក​អង្គការ​អន្តរជាតិ ក៏​តម្រូវ​ឲ្យ​ចុះ​បញ្ជី​តាម​នីតិវិធី​សាំញ៉ាំ។ ការ​បង្ហាញ​បញ្ញត្តិ​មិន​ច្បាស់លាស់​ពី​ឯករាជ​ភាព​របស់​អង្គការ​សមាគម​ពី​គណបក្ស​នយោបាយ និង​ការ​ផ្ដល់​អំណាច​ឲ្យ​ក្រសួង​មហាផ្ទៃ លុប​ឈ្មោះ​អង្គការ​សមាគម​ពី​បញ្ជី ដែល​ជា​ចំណុច​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​គេ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​ស្នើ​ដែរ​ថា ប្រសិន​បើ​ពុំ​មាន​កិច្ច​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំទូលាយ​ទេ ច្បាប់​នេះ​គួរ​តែ​ត្រូវ​រដ្ឋសភា​បដិសេធ​ចោល។

ឆ្លើយ​តប​នឹង​សំណើ​នេះ អនុប្រធាន​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា លោក និង​អ្នក​តំណាង​រាស្ត្រ​ដទៃ​ទៀត​របស់​គណបក្ស​លោក នៅ​តែ​ប្រកាន់​ជំហរ​ថា ច្បាប់​នេះ​ពុំ​ចាំបាច់​ឡើយ៖ «បើ​អាច​ពន្យារពេល​បាន គួរ​តែ​យក​ច្បាប់​ដែល​ចាំបាច់​មក​ធ្វើ​មុន។ បើ​សិន​រដ្ឋាភិបាល​យល់​ឃើញ​ថា​ចាំបាច់ ហើយ​បង្ហាញ​ពី​ហេតុផល​ច្បាស់លាស់ យើង​គួរ​តែ​មាន​ការ​ពិភាក្សា​បើក​ឲ្យ​ទូលំទូលាយ»

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ​សមាគម ដែល​ទើប​ទៅ​ដល់​ដៃ​រដ្ឋសភា​នេះ​មាន ៩​ជំពូក និង ៣៩​មាត្រា បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​លុប​ចេញ​មាត្រា​ចំនួន​២ ទាក់ទង​នឹង​ថវិកា​អង្គការ​សមាគម។ ទាំង​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​តំណាង​រាស្ត្រ គណបក្ស​កាន់​អំណាច​អះអាង​ជាច្រើន​លើក​ច្រើន​សា​ហើយ​ថា ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម​ដែល​ត្រៀម​ចាំ​ការ​អនុម័ត​ពី​រដ្ឋសភា​នេះ គឺ​ជា​បទដ្ឋាន​ច្បាប់​គាំពារ​ដល់​អង្គការ​សមាគម គឺ​មិន​ដូច​អ្វី​ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល​បារម្ភ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។