រដ្ឋ​សភា​ធ្វើ​សិក្ខាសាលា​"ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦"

ដោយ ឡេង ម៉ាលី
2015.05.19
សិក្ខាសាលា ៦២០ សិក្ខាសាលា​ស្ដីពី​​ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ នា​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៥។
RFA/Leng Maly

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​លំនឹង​នៅ​ក្នុង​ឆ្នាំ​២០១៤ គឺ ៧%។ ក្នុង​ទិសដៅ​រក្សា​អត្រា​កំណើន​នេះ រដ្ឋ​សភា​កំពុង​ស្វែង​យល់​បន្ថែម​ទៀត​ពី​ការ​កសាង​ក្របខ័ណ្ឌ​គោល​នយោបាយ សម្រាប់​ការ​រៀបចំ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០១៦។​

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា សហការ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល អង្គការ​អុកស្វាម (Oxfam) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេ.ឌី.ប៊ី (ADB) រៀបចំ​សិក្ខាសាលា​មួយ នៅ​ថ្ងៃ​ទី​១៩ ឧសភា ដើម្បី​ស្វែង​យល់​ពី​ការ​កសាង​ក្របខ័ណ្ឌ​គោល​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​គោល​នយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​ការ​រៀបចំ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦។

ប្រធាន​រដ្ឋសភា លោក ហេង សំរិន ថ្លែង​បើក​សិក្ខាសាលា​ថា គោល​បំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​មាន​សមាជិក​រដ្ឋ​សភា ព្រឹទ្ធសភា បាន​ស្វែងយល់​កាន់​តែ​ច្បាស់​បន្ថែម​ទៀត អំពី​កម្មវិធី​គោល​នយោបាយ​យុទ្ធសាស្ត្រ​ថវិកា និង​ការងារ​បច្ចេកទេស​នៃ​ការ​កសាង​ថវិកា​ជាតិ៖ «ដូច្នេះ​ការ​រៀបចំ​សិក្ខាសាលា​នេះ ពិត​ជា​មាន​សារសំខាន់ និង​សម​ស្រប​បំផុត​សម្រាប់​យើង​ទាំង​អស់​គ្នា ជា​ពិសេស​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ដែល​ជា​អ្នក​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មណ្ឌល ក៏​ដូច​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដែល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា សេចក្ដីព្រាង​ច្បាប់​ថវិកា​ឆ្នាំ ២០១៦ មាន​លក្ខណៈ​សុក្រឹត គ្រប់​ជ្រុងជ្រោយ និង​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជាក់​ស្ដែង​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត»

ទន្ទឹម​គ្នា​នេះ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​រិះគន់​ថា ការ​អនុវត្ត​ជាក់ស្ដែង​ចំពោះ​ការ​ចូល​រួម​របស់​ពលរដ្ឋ​នៅ​ក្នុង​ការ​រៀបចំ​ថវិកា និង​ខ្វះ​តម្លាភាព ហើយ​ទាមទារ​ឱ្យ​កែ​លម្អ​បញ្ហា​នេះ​ចាប់​តាំង​ពី​ថ្នាក់​មូលដ្ឋាន។

តំណាង​ក្រុម​ការងារ​ថវិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល អ្នកស្រី គឹម ណាតាសា ថ្លែង​ថា ច្បាប់​នៅ​មាន​កម្រិត​ដែល​មិន​បាន​ចែង​អំពី​កាតព្វកិច្ច និង​ការ​ចូលរួម​រៀបចំ​ថវិកា ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន៖ «យើង​មើល​ឃើញ​ថា បញ្ញត្តិ​ច្បាប់​ទាក់ទង​តម្លាភាព​នៅ​មាន​កម្រិត​ដោយសារ​មាន​កង្វះខាត​នូវ​ចំណុច​ជាក់លាក់ ដើម្បី​ធានា​ថា មាន​ការ​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព។ យើង​ឃើញ​ថា ព័ត៌មាន​ថវិកា​មួយ​ចំនួន​អត់​ទាន់​បាន​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ មាន​ឯកសារ​ថវិកា​មួយ​ចំនួន​មិន​សូវ​បាន​ចូល​លម្អិត ហើយ​មួយ​ទៀត​របាយការណ៍​ស្ដីពី​ការ​អនុវត្ត​ថវិកា​មិន​សូវ​ទៀងទាត់ ឬ​ទាន់​ពេល​វេលា»

មន្រ្តី​នាំ​ពាក្យ​រដ្ឋ​សភា លោក ឈាង វុន និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ឆ្លើយ​តប​ថា រដ្ឋាភិបាល​មាន​នីតិវិធី​ធ្វើ​ការ​ច្បាស់លាស់ ហើយ​បាន​ធ្វើ​កិច្ចការ​ទាំង​នេះ៖ «ជួប​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ថ្នាក់​ក្រោម​ជាតិ យើង​បី​ខែ​យើង​ទៅ​ជួប​ម្ដង​អ្នក​តំណាងរាស្ត្រ។ ប្រជាពលរដ្ឋ​ត្រូវ​ការ​អី ជួប​អ្នក​តំណាង​របស់​ខ្លួន ជួប​និយាយ​គ្នា ហើយ​នាំ​ពាក្យ​ហ្នឹង​មក​ចូល​រួម​រដ្ឋសភា។ ថវិកា​ហ្នឹង​ក៏​អ៊ីចឹង​ដែរ ពេល​ធ្វើ​ថវិកា អ្នក​តំណាងរាស្ត្រ​ទាំង​អស់​ចុះ​ទៅ​មណ្ឌល​របស់​ខ្លួន​ជួប​ប្រជាពលរដ្ឋ ហើយ​សួរ​ឃុំ​សង្កាត់​ទាំង​អស់​ថា តើ​ត្រូវ​ធ្វើ​អី​ខ្លះ។ អ៊ីចឹង​ហើយ​យើង​ត្រូវ​ធ្វើ​កិច្ចការ​ហ្នឹង»

រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច ប្រទេស​កម្ពុជា​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំៗ។ រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​រំពឹង​ថា​នឹង​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧%​ទៀត នៅ​ឆ្នាំ ២០១៥​នេះ និង​ឆ្នាំ ២០១៦។ ទោះ​ជា​យ៉ាង​នេះ​ក្ដី តំណាងរាស្ត្រ​ក្នុង​សិក្ខាសាលា នៅ​តែ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​សេដ្ឋកិច្ច​ខ្នាត​តូច​របស់​ពលរដ្ឋ ដោយសារ​តែ​បំណុល និង​ការ​ប្រាក់​ថ្លៃ​ដដែល។ ប្រធាន​គណៈកម្មការ​ទី ២ រដ្ឋសភា លោក ជាម យៀប ថ្លែង​ថា ទន្ទឹម​នឹង​លទ្ធផល​សម្រេច​បាន​កន្លង​មក រាជរដ្ឋាភិបាល​ក៏​ទាមទារ​ឱ្យ​កែ​លម្អ ពង្រឹង​សមត្ថភាព និង​ការ​គ្រប់គ្រង​ស្ថាប័ន​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ព្រម​ទាំង​កែ​ទម្រង់​ស៊ីជម្រៅ​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។