រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​ល្បឿន​​បើកបរ​និង​ការ​ផាក​ពិន័យ

0:00 / 0:00

មុន​ពេល​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​មាន​លក្ខណៈ​រឹត​បន្តឹង​ជាង​ច្បាប់​ចាស់​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កំណត់​ពី​ល្បឿន​ក្នុង​ការ​បើកបរ និង​ទឹកប្រាក់​ដែល​ត្រូវ​ផាក​ពិន័យ​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​កំណត់។

​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៨ ខែ​កក្កដា ទាំង​អ្នក​បើក​បរ ទាំង​អ្នក​រួម​ដំណើរ​រាប់​ចាប់ពី​កុមារ​អាយុ ៣​ឆ្នាំ​ឡើង​ទៅ រួម​ទាំង​ព្រះសង្ឃ​ផង ដែល​មិន​ពាក់​មួក​សុវត្ថិភាព ឬ​ពាក់​មិន​ត្រឹមត្រូវ នឹង​ត្រូវ​ផាក​ពិន័យ​ចំនួន ១៥.០០០​រៀល ដែល​ខ្ពស់​ជាង​ការ​ពិន័យ​តាម​ច្បាប់​ចាស់ ៥​ដង។ ឯ​អ្នក​បើកបរ​រថយន្ត​ធុន​ស្រាល និង​អ្នក​រួម​ដំណើរ​អង្គុយ​នៅ​ខាង​មុខ​ដែល​មិន​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព នឹង​ត្រូវ​ផាក​ពិន័យ​ចំនួន ២៥.០០០​រៀល ដែល​កាល​ពី​ច្បាប់​ចាស់ ពិន័យ ៥.០០០​រៀល។

តាម​មាត្រា​៥ នៃ​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​ល្បឿន​សម្រាប់​យាន​ជំនិះ​ដែល​មាន​បី​ជំពូក ដប់​មាត្រា ធ្វើ​ឡើង​ក្នុង​បំណង​កាត់​បន្ថយ​គ្រោះថ្នាក់​នៅ​លើ​ដង​ផ្លូវ​នោះ តម្រូវ​ឲ្យ​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ប្រើ​ល្បឿន​ទៅ​តាម​ស្លាក​សញ្ញា​កំណត់​ល្បឿន​ដែល​បំពាក់​នៅ​តាម​ដង​ផ្លូវ។

ក្នុង​ករណី​ផ្លូវ​មិន​មាន​ស្លាក​សញ្ញា​កំណត់​ល្បឿន​ទេ មាត្រា​ដដែល​នេះ​ចែង​ថា ទោចក្រយានយន្ត ឬ​ម៉ូតូ ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក ត្រីចក្រយានយន្ត យានយន្ត​កសិកម្ម និង​គ្រឿងចក្រ​ដែល​មាន​កុងទ័រ មិន​លើស​ពី ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ត្រូវ​ប្រើ​ល្បឿន​មិន​ឲ្យ​លើស​ពី ៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បើ​បើកបរ​នៅ​តាម​ទីប្រជុំជន។ ឯ​ល្បឿន​ខ្ពស់​បំផុត​សម្រាប់​រថយន្ត​គ្រប់​ប្រភេទ គឺ​ត្រូវ​បាន​កំណត់​ថា មិន​អោយ​លើស​ពី ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

បើ​នៅ​ក្រៅ​ទីប្រជុំជន​វិញ ល្បឿន​ខ្ពស់​បំផុត​ត្រូវ​កំណត់​ត្រឹម ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សម្រាប់​ត្រីចក្រយានយន្ត ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក យានយន្ត​កសិកម្ម និង​គ្រឿងចក្រ​ដែល​មាន​កុងទ័រ​មិន​លើស​ពី ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំណែក​ទោចក្រយានយន្ត​ដែល​មាន​កម្លាំង​ម៉ាស៊ីន​តូច​ជាង ១២៥​គ្រឿងចក្រ​ដែល​មាន​កុងទ័រ មិន​លើស​ពី ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង រថយន្ត​សណ្ដោង​រ៉ឺម៉ក និង​រថយន្ត​ដឹក​កុងតឺន័រ គ្រប់​ប្រភេទ​វិញ ត្រូវ​បាន​កំណត់​ឲ្យ​បើកបរ​មិន​លើស​ពី ៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​ករណី​បើកបរ​ក្រៅ​ទីប្រជុំជន។ រី​ឯ​ទោចក្រយានយន្ត​ដែល​មាន​កម្លាំង​ម៉ាស៊ីន​លើស​ពី ១២៥ និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ អាច​បើកបរ​ក្នុង​ល្បឿន​ខ្ពស់​បំផុត​ត្រឹម ៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ សម្រាប់​រថយន្ត​ធុន​ស្រាល និង​រថយន្ត​ដឹក​អ្នក​ដំណើរ គឺ ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង សម្រាប់​រថយន្ត​ធុន​ស្រាល និង​រថយន្ត​ដឹក​អ្នកដំណើរ​ដែល​បើកបរ​នៅ​លើ​ផ្លូវ​មាន​ខឿន​បែងចែក​ទិស​ចរាចរណ៍​ជា​ពីរ ហើយ​មាន​គន្លង​ផ្លូវ​ចាប់​ពី ៤​ឡើង​ទៅ។

​ក្រៅ​ពី​នេះ អនុក្រឹត្យ​ក៏​មាន​ចែង​ពី​ការ​ផាក​ពិន័យ​អ្នកបើកបរ​ដែល​មិន​យក​តាម​ខ្លួន​នូវ​ឯកសារ​ដើម​ដូចជា ប័ណ្ណ​បើកបរ ប័ណ្ណ​សម្គាល់​យានយន្ត វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​លិខិត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត​ដែល​ប្រកប​របរ​អាជីវកម្ម​ដឹកជញ្ជូន។

នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ លោក ចេវ ហាក់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ កក្កដា ថា បច្ចុប្បន្ន រាល់​សម្ភារៈ ឧបករណ៍​វាស់​ស្ទង់​ល្បឿន ត្រូវ​បាន​បំពាក់ និង​យក​មក​ប្រើ​ប្រាស់​នៅ​តាម​ខេត្ត-​រាជធានី សំខាន់ៗ​នៅ​ជាប់​ផ្លូវ​ជាតិ​រួចរាល់​ហើយ។ ទន្ទឹម​នឹង​នេះ លោក​សំណូមពរ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ដែល​រង​ការ​ផាក​ពិន័យ ត្រូវ​ទាមទារ​រក​បង្កាន់ដៃ​ពី​នគរបាល​ចរាចរណ៍។

លោក ចេវ ហាក់៖ «រាល់​ការ​ផាក​ពិន័យ សុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ទាមទារ​រក​បង្កាន់​ដៃ បង្កាន់ដៃ​ផាក​ពិន័យ កាល​ណា​បើសិនជា​គាត់​អត់​ចេញ​បង្កាន់ដៃ​ផាក​ពិន័យ​ទេ បាន​ន័យ​ថា សមត្ថកិច្ច​ហ្នឹង​គាត់​អត់​អនុវត្ត​ត្រឹមត្រូវ​ទៅ​តាម​បទបញ្ញត្តិ​ដែល​ច្បាប់​បាន​កំណត់​ទេ។ ការ​ផាក​ពិន័យ​គឺ​ដាច់ខាត​ត្រូវ​តែ​ចេញ​បង្កាន់​ដៃ»

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ យល់​ថា គឺ​ដោយសារ​អសមត្ថភាព​របស់​នគរបាល​ចរាចរណ៍ និង​ភាព​លម្អៀង​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី។ លោក​ថា ទាំង​នេះ​គឺ​ជា​ចំណុច​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​គួរ​កែ​លម្អ។

លោក សុន ឆ័យ៖ «ច្បាប់​ចរាចរណ៍​ត្រូវ​តែ​អនុវត្ត​សម្រាប់​មនុស្ស​ទូទៅ មិន​អាច​បន្ត​ធ្វើ​ដូច​សព្វថ្ងៃ សម្រាប់​តែ​ពលរដ្ឋ​តូចតាច ហើយ​ពេល​អនុវត្ត​ចំពោះ​មន្ត្រី​ដែល​មាន​រថយន្ត​ល្អៗ និង​អ្នក​ដែល​ប្រើប្រាស់​រថយន្ត​ដែល​មាន​ស្លាក​នគរបាល ឬ​ស្លាក​កងទ័ព ឬ​រថយន្ត​ថ្លៃៗ ហើយ​អាច​គេច​ផុត​ពី​ការ​អនុវត្ត​ច្បាប់​ហ្នឹង មិន​អាច​ធ្វើ​បែប​ហ្នឹង​បាន​ទេ»

យ៉ាង​ណា អ្នក​ជំនាញ​ខាង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក អៀ ចរិយា យល់​ថា ការ​ចេញ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដោយ​រឹត​បន្តឹង​ការ​ផាក​ពិន័យ​បទល្មើស​ចរាចរណ៍​នេះ ជា​ជំហាន​ល្អ​មួយ​ក្នុង​ការ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ តែ​លោក​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា ការ​អនុវត្ត​ជាក់ស្ដែង​នឹង​មាន​លក្ខណៈ​បែប​ណា​នោះ​ទេ។ លោក អៀ ចរិយា សង្ឃឹម​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នេះ អាច​នឹង​មាន​ភាព​ប្រសើរ​ជាង​មុន។

លោក អៀ ចរិយា៖ «ដោយសារ​តែ​មាន​ការ​កែប្រែ​បន្ថែម​ពីលើ​ច្បាប់​ដែល​មាន​ពី​មុន​មក អ៊ីចឹង​ទិដ្ឋភាព​ប្រសើរ​ជាង​មុន ប៉ុន្តែ​យើង​អត់​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា តើ​ការ​អនុវត្ត​ហ្នឹង​វា​មាន​លក្ខណៈ​យ៉ាង​ម៉េច​នៅ​ឡើយ ពីព្រោះ​យើង​មិន​ទាន់​ឃើញ​ការ​អនុវត្ត​នៅ​ឡើយ​ពាក់ព័ន្ធ​នឹង​ច្បាប់​ថ្មី​នេះ»

​ក្នុង​រយៈពេល ៦​ខែ ដើម​ឆ្នាំ​២០១៥​នេះ មាន​ជនរងគ្រោះ​ច្រើន​ជាង ១.០០០​នាក់​ហើយ​ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ ជា​មធ្យម​មាន​ជនរងគ្រោះ ៦​នាក់ បាន​ស្លាប់​ក្នុង​មួយ​ថ្ងៃ ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។