សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក

ដោយ អ៊ុក សាវបូរី
2014.10.21
ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ៦២០ សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Ouk Savborey

សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ត្រូវ​បាន​អ្នក​តំណាង​រាស្ត្រ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សង្គម​ស៊ីវិល ម្ចាស់​ជំនួយ ក្រុម​យុវជន ព្រះសង្ឃ ប្រមាណ​ជាង ២០០​នាក់​និង​អង្គ ពិគ្រោះ​យោបល់​ពេញ​មួយ​ថ្ងៃ ដើម្បី​លម្អិត​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ នៅ​មុន​ពេល​សភា​អនុម័ត ហើយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ។

មន្ត្រី​រដ្ឋាភិបាល សមាជិក​អង្គការ​មិន​មែន​រដ្ឋាភិបាល សមាជិក​សភា បាន​បើក​វេទិកា​សាធារណៈ​ជួប​ប្រជុំ​គ្នា​ជាច្រើន​ដង ដើម្បី​ពិភាក្សា​អំពី​សេចក្តី​ព្រាង​ច្បាប់​ថ្មី ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ឲ្យ​ច្បាប់​ថ្មី​នោះ​មាន​ខ្លឹមសារ​គ្រប់គ្រាន់ អាច​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​អនុវត្ត​ច្បាប់។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា រយៈពេល ៩​ខែ​ឆ្នាំ​២០១៤ នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​ជិត ៤.០០០​ករណី មាន​អ្នក​ស្លាប់ ១.៦៣០​នាក់ របួស​ធ្ងន់ ៣.៤៧០​នាក់ របួស​ស្រាល ២.៥៤៨​នាក់។

តួលេខ​នេះ ត្រូវ​បាន​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឧត្តមសេនីយ៍ឯក ហ៊ឹម យាន បង្ហាញ​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក នៅ​ក្នុង​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៤៖ «ពិសេស គឺ​ភាព​ខ្លបខ្លាច​អ្នក​ប្រព្រឹត្តិ​ល្មើស ឲ្យ​គិតគូរ​ថា​បើ​សិន​ជា​មិន​ពាក់​មួក គឺ​ខ្លួន​ត្រូវ​បង់​ប៉ុន្មាន ១​ម៉ឺន ៥​ពាន់​រៀល​ក្នុង​១​ករណី បើ​ពួក​អ្នក​ដឹក​លើស​ចំណុះ យើង​នឹង​ផាក​ទៅ​តាម​ចំនួន​មនុស្ស​ដែល​ដឹក​លើស មិន​មែន​ផាក​រួម​មួយ​ករណី​ទេ បើ​លើស​ម្នាក់​គិត​ប៉ុន្មាន លើស​ពីរ​នាក់​គិត​ប៉ុន្មាន»

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក ថ្លែង​ថា ឆ្លើយ​តប​នឹង​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នេះ ក្រសួង​សហការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​ល្អ​ប្រសើរ ចូលរួម​អនុវត្ត​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក និង​ទិសដៅ​ពង្រឹង​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។ លោក​បន្ត​ថា ច្បាប់​ថ្មី​នេះ​តម្រូវ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​មាន​ទម្ងន់​លើស​ពី ១៦​តោន ឬ​រថយន្ត​ដឹក​អ្នក​ដំណើរ​ផ្ទុក​មនុស្ស​ចាប់​ពី ៣៥​នាក់ ត្រូវ​មាន​អ្នក​បើកបរ​ពីរ​នាក់ អនុញ្ញាត​ឲ្យ​ម៉ូតូ​ផ្ទុក​មនុស្ស​ពីរ​នាក់ និង​កុមារ​ម្នាក់ ហើយ​កុមារ​អាយុ ៣​ឆ្នាំ​ឡើង ត្រូវ​ពាក់​មួក​សុវត្ថិភាព​ដូច​មនុស្ស​ធំ​ដែរ តម្រូវ​ឲ្យ​កំណត់​ល្បឿន​សម្រាប់​យាន​ជំនិះ​គ្រប់​ប្រភេទ​នៅ​ក្នុង​អនុក្រឹត្យ ដើម្បី​ឲ្យ​ស្រប​តាម​ស្ថានភាព​អភិវឌ្ឍន៍​ផ្លូវ តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​សុំ​លុប​ចេញ​ពី​បញ្ជី​យានយន្ត បើ​ឈប់​ប្រើប្រាស់ តម្រូវ​ឲ្យ​ម្ចាស់​ហាង​លក់​យានយន្ត ចុះ​បញ្ជី​សម្គាល់ និង​ស្លាក​លេខ មុន​នឹង​ប្រគល់​ទៅ​ឲ្យ​អ្នក​ទិញ បន្ថែម​សុពលភាព​ប័ណ្ណ​បើកបរ​ប្រភេទ "ក ខ" រហូត​ដល់ ១០​ឆ្នាំ និង​ប្រភេទ "គ ឃ ង" រហូត​ដល់ ៥​ឆ្នាំ លើក​លែង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំពោះ​អ្នក​បើកបរ​ម៉ូតូ​ដែល​គ្មាន​ប័ណ្ណ​បើកបរ គ្មាន​ប័ណ្ណ​សម្គាល់ គ្មាន​ស្លាក​លេខ​សម្គាល់​យាន​ជំនិះ តែ​កំណត់​ការ​ពិន័យ​អន្តរកាល​វិញ បង្កើន​ការ​ពិន័យ​អ្នក​បើកបរ​មាន​ជាតិ​អាល់កុល​ចាប់​ពី ០,៤០​មិល្លីក្រាម​ក្នុង​១​លីត្រ​ខ្យល់ ឬ ០,៨០​ក្រាម​ក្នុង​១​លីត្រ​ឈាម ពិន័យ​ជា​ប្រាក់​ពី ៨០​ម៉ឺន​រៀល ទៅ ៤០​លាន​រៀល ជាដើម។

តំណាង​រាស្ត្រ និង​សង្គម​ស៊ីវិល ផ្តល់​យោបល់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​ឯកជន ត្រូវ​ជួយ​ផ្សាយ​អំពី​វិធី​ប្រើប្រាស់​ផ្លូវ សញ្ញា​ចរាចរណ៍ និង​ការ​អប់រំ​ផ្សេងៗ​ទៀត ដើម្បី​លើក​កម្ពស់​សីលធម៌​ជាតិ បន្ថយ​ការ​នាំ​យានយន្ត​ចាស់ៗ​ដែល​ជា​កត្តា​ចម្បង​បង្ក​គ្រោះថ្នាក់​តាម​ផ្លូវ និង​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ។ ទន្ទឹម​នោះ សុំ​បញ្ឈប់​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ ទោះ​បី​ជា​អំណោយ​ក៏ដោយ ព្រោះ​វា​ផ្ទុយ​ពី​ការ​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ស្រុក ដែល​បើកបរ​ប្រកាន់​ស្តាំ សុំ​បន្ថែម​ក្នុង​ច្បាប់​អំពី​ការ​ដាក់​ពិន័យ​អ្នក​បើកបរ​ប្រើប្រាស់​ទូរស័ព្ទ ការ​ចត​រថយន្ត ហើយ​អ្នក​បើកបរ​ចុះ​ចោល​ចង្កូត និង​ការ​តាំង​លក់​ឥវ៉ាន់​លើ​ចិញ្ចើម​ផ្លូវ និង​ចំណី​ផ្លូវ បង្ក​ការ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់៖ «ពីព្រោះ​ថា បើ​យើង​ទៅ​ដាក់​ទោសទណ្ឌ​ផាក​ពិន័យ ហើយ​មនុស្ស​មិន​យល់ វា​នឹង​ធ្វើ​ឲ្យ​ច្បាប់​ហ្នឹង​អត់​មាន​ប្រសិទ្ធភាព វា​នឹង​បង្កើន​ឲ្យ​មាន​ការ​កេង​ចំណេញ​ពី​អ្នក​អនុវត្តន៍​ច្បាប់​ទៅ​លើ​ពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រាស់​ច្បាប់​ហ្នឹង​ទៅ​វិញ»

ព្រះតេជព្រះគុណ ឆេង សីហា មាន​ថេរ​ដីកា​ថា ច្បាប់​ចរាចរណ៍​ថ្មី​តម្រូវ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ពី​ក្រោយ ត្រូវ​ពាក់​មួក​សុវត្ថិភាព ប៉ុន្តែ​មិន​ដឹង​ថា​តាម​ព្រះ​វិន័យ ព្រះសង្ឃ​ពាក់​មួក​សុវត្ថិភាព ត្រូវ ឬ​ខុស​ទេ៖ «បើ​សិន​ជា​ឲ្យ​លោក​ពាក់​មួក​សុវត្ថិភាព កាល​ណា​ដែល​លោក​គង់​ខាង​ក្រោយ​ខ្លាច​គ្រោះថ្នាក់​អ៊ីចឹង អាត្មា​គិត​ថា បើ​យើង​គិត​រឿង​សម​មិន​សម វា​ទាក់ទិន​នឹង​អាយុ​ជីវិត​ម្យ៉ាង​ទៀត»

ថ្លែង​ទៅ​ការ​អង្គ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា លោក ងួន ញិល គាំទ្រ​ឲ្យ​គណៈកម្មការ​ទី​៩ បន្ត​ពង្រឹង​ការ​ត្រួត​ពិនិត្យ និង​លើក​កម្ពស់​តាម​ដាន​ការ​អនុវត្ត​ច្បាប់ និង​គោល​នយោបាយ​ពាក់ព័ន្ធ​នានា សំដៅ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ និង​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។ បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ​អន្តរជាតិ វិស័យ​ឯកជន និង​គ្រឹះស្ថាន​សិក្សា ក្នុង​ការ​ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​កាន់​តែ​ទូលាយ និង​មាន​ប្រសិទ្ធភាព។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ចាន់ តារា ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក កើត​ចេញ​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ដោយ​កែ​សម្រួល​លើ​មាត្រា​ចំនួន ៦៤​មាត្រា រក្សា​ខ្លឹមសារ​ចាស់​ចំនួន ១៣​មាត្រា បន្ថែម​មាត្រា​ថ្មី​ចំនួន ១៥​មាត្រា និង​លុប​ចោល​ចំនួន ១៨​មាត្រា។ លោក​បន្ត​ថា សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក បាន​ដាក់​ជូន​រដ្ឋសភា​ពិនិត្យ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៤ ដែល​មាន ១២​ជំពូក និង ៩២​មាត្រា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។