គ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមមួយកើតមានរាល់ថ្ងៃ ធ្វើឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើន។ មូលហេតុនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះមានច្រើនយ៉ាង ហើយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល បានប្រឹងប្រែងរកវិធានការអប់រំទប់ស្កាត់ កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះកើតមានច្រើនពេក។
វិធានការមួយក្នុងចំណោមវិធានការទប់ស្កាត់នានា គឺការកែខ្លឹមសារច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យមានន័យច្បាស់លាស់ ត្រៀមដាក់ទោសពិន័យធ្ងន់ធ្ងរដល់ជនប្រព្រឹត្តិល្មើស ដើម្បីឲ្យពួកគេគោរពច្បាប់។
អ្នកបើកបរយានយន្តគ្រប់ប្រភេទមិនគោរពច្បាប់ចរាចរណ៍ គឺបានបង្កើតឲ្យមានគ្រោះថ្នាក់ចំពោះខ្លួនឯងផ្ទាល់ហើយ និងបង្កើតឲ្យមានគ្រោះថ្នាក់ចំពោះមនុស្សផ្សេងទៀត ដែលកំពុងធ្វើដំណើរនៅលើដងផ្លូវសាធារណៈ។
មូលហេតុចម្បងៗដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ មានដូចជា ការបើកបរក្នុងពេលស្រវឹង ការបើកបរលើសល្បឿនកំណត់ ការបើកបរដោយអសមត្ថភាព ឬគ្មានប័ណ្ណបើកបរ និងការបើកបរដោយមិនគោរពបញ្ញត្តិច្បាប់ និងផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវសាធារណៈ។
ច្បាប់ចរាចរណ៍របស់ប្រទេសកម្ពុជា បានប្រកាសឲ្យប្រើជាផ្លូវការក្នុងឆ្នាំ២០០៧ ប៉ុន្តែច្បាប់នោះនៅមានចំណុចមិនច្បាស់លាស់ជាច្រើនកន្លែង ហើយការអនុវត្តទៀតសោត មិនសូវមានប្រសិទ្ធភាពទេ ដោយសារការផ្ដន្ទាទោស និងផាកពិន័យនៅមានកម្រិតទាប ធ្វើឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទមិនគោរពកោតខ្លាចច្បាប់នោះទេ។
កាលពីថ្ងៃទី១៥ សីហា កន្លងទៅ រដ្ឋាភិបាលបានប្រជុំ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ថ្មី ស្ដីពីចរាចរណ៍ផ្លូវគោក។ សេចក្តីព្រាងច្បាប់ថ្មីនេះ រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្អែកលើច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០០៧។ សេចក្តីព្រាងច្បាប់ថ្មីនេះមាន ១២ជំពូក និង ៩២មាត្រា ដោយបានយកច្បាប់ចរាចរណ៍ផ្លូវគោកចាស់មកពិនិត្យ និងកែ ដើម្បីបង្កើតច្បាប់ថ្មី ក្នុងនោះបានកែសម្រួលលើមាត្រាចាស់ចំនួន ៦៤មាត្រា រក្សាខ្លឹមសារច្បាប់ចាស់ចំនួន ១៣មាត្រាឲ្យនៅដដែល បន្ថែមមាត្រាថ្មីចំនួន ១៥មាត្រា និងលុបចោលមាត្រាក្នុងច្បាប់ចាស់ ១៨មាត្រា។
អគ្គលេខាធិការគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ពៅ ម៉ាលី មានប្រសាសន៍នៅថ្ងៃទី២៨ សីហា ថា គោលបំណងសំខាន់ក្នុងការរៀបចំច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានលើដងផ្លូវសាធារណៈ ហើយនៅក្នុងខ្លឹមសារច្បាប់ថ្មីនោះ គឺសង្កត់ធ្ងន់ទៅលើការផាកពិន័យ ការកំណត់ប្រភេទទម្ងន់យានយន្តឲ្យច្បាស់ ការពាក់មួកសុវត្ថិភាពចំពោះអ្នកជិះម៉ូតូ និងការផ្ដន្ទាទោសចំពោះអ្នកបង្កឲ្យមានគ្រោះថ្នាក់៖ «បានន័យថាវាជាង ៥០% នៃច្បាប់ចាស់។ ដូច្នេះ វាមានច្រើនមាត្រា ហើយយើងលើកយកជំពូកមួយៗមកនិយាយ។ អ្វីដែលសង្កត់ធ្ងន់ក្នុងនោះ គឺបញ្ហាទោសបញ្ញត្តិ ដោយសារវាទាក់ទងគ្រឿងស្រវឹង ទាក់ទងល្បឿន។ ហើយចំណុចខ្លះក្នុងផាកពិន័យនោះ យើងយកមកដាក់ក្នុងអនុក្រឹត្យវិញ»។
លោក ពៅ ម៉ាលី បានឲ្យដឹងបន្ថែមថា សេចក្តីព្រាងច្បាប់ថ្មីនេះ ធ្វើឡើងឲ្យមានលក្ខណៈបច្ចុប្បន្នភាពជាងមុន ដោយសារបច្ចុប្បន្ន ប្រទេសកម្ពុជា មានក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី។ ដូច្នេះ ត្រូវញែកចេញឲ្យច្បាស់អំពីទោសកំហុស ដែលមានបង្កឲ្យមានគ្រោះថ្នាក់ និងការទទួលខុសត្រូវរវាងអ្នកប្រព្រឹត្តិផ្ទាល់ និងម្ចាស់យានយន្ត៖ «ដោយសារយើងមានបទពិសោធន៍ពីឆ្នាំ២០០៧ មក យើងអនុវត្តទៅវាមិនបានល្អ ជាពិសេសកាលណោះ ក្រមព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណីយើងមិនទាន់ចេញទេ។ យើងត្រូវកែសម្រួល ដូចជារឿងព្រហ្មទណ្ឌ បុកឲ្យគេស្លាប់។ បើកស្រវឹងទៅបើកបុកឲ្យគេស្លាប់អី អានេះជាកំហុសគាត់ហើយ។ ទាក់ទងរដ្ឋប្បវេណី យើងមើលទៅដូចជាក្រុមហ៊ុនមួយជួលគេមកបើកបរ ហើយបុកគេ ដូច្នេះម្ចាស់ក្រុមហ៊ុនត្រូវទទួលខុសត្រូវសំណងខាងរដ្ឋប្បវេណីដែរ»។
ទាក់ទងជាមួយសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ លោក អ៊ា ចរិយា អ្នកឯកទេសរបស់ក្រសួងសាធារណការ ឲ្យដឹងថា ការផាកពិន័យកើនចំនួនទឹកប្រាក់ច្រើនជាងមុន ហើយការផ្ដន្ទាទោស ក៏មានកម្រិតធ្ងន់ជាងមុនដែរ គឺអ្នកប្រព្រឹត្តិកំហុស ត្រូវមានសំណងរដ្ឋប្បវេណី ហើយជាប់ពន្ធនាគារទៀត៖ «ដូចជាអ្នករួមដំណើរជាមួយ ជិះម៉ូតូពីក្រោយ ត្រូវពាក់មួកសុវត្ថិភាពដែរ អ្នករួមដំណើរលើម៉ូតូមិនឲ្យលើសពី ២នាក់ទេ ហើយមានកុមារម្នាក់ទៀត ៣នាក់ ហើយចំណុចថ្មីមួយទៀត គឺផាកពិន័យចំពោះអ្នកបើកបរមានជាតិស្រវឹងនោះ គឺពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល»។
បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានច្រើន បើទោះបីជាមានការអប់រំតាមប្រព័ន្ធឃោសនា និងការផាកពិន័យជាច្រើនក៏ដោយ។ របាយការណ៍របស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៤ នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជិត ៣.០០០លើក បណ្ដាលឲ្យមនុស្សស្លាប់ជាង ១.០០០នាក់ របួសទាំងធ្ងន់ និងស្រាលជាង ៤.០០០នាក់ និងខូចខាតយានយន្តគ្រប់ប្រភេទប្រមាណ ៤.០០០គ្រឿង។ បើគិតជាមធ្យមក្នុងមួយថ្ងៃ មានមនុស្សស្លាប់ប្រហែល ៦នាក់ និងរងរបួសប្រហែល ២៤នាក់។
ក្រៅពីស្ថាប័នរដ្ឋដែលមានកម្លាំងអាជ្ញាធរផាកពិន័យ ឃាត់ចាប់យានយន្តបង្កបទល្មើសគ្រោះថ្នាក់ចរាចរណ៍នោះ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល ក៏បានចូលរួមចំណែកអប់រំ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែរ។
លោក គឹម បញ្ញា នាយកប្រចាំកម្ពុជា របស់អង្គការមូលនិធិបង្ការរបួសអាស៊ី មានប្រសាសន៍ឲ្យដឹងថា បើសិនជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះអនុម័តចូលជាធរមាន វាអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយចំណែកដែរ៖ «យើងមានជំនឿថា អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែវាអាស្រ័យលើការអនុវត្តច្បាប់នោះដែរ បើមានច្បាប់ល្អ ហើយការអនុវត្តមិនល្អ ក៏វាអត់ជួយបានដែរ»។
គ្រោះថ្នាក់ចរាចរណ៍ មិនគ្រាន់តែធ្វើឲ្យអ្នកបង្ក និងអ្នកជួបគ្រោះថ្នាក់ស្លាប់របួសប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ និងផ្តល់ផលវិបាកដល់សមាជិកគ្រួសារ និងសង្គមជាតិទៀតផង។ លោក គឹម បញ្ញា បានឲ្យដឹងថា អង្គការរបស់លោកធ្លាប់ធ្វើការសិក្សាស្រាវជ្រាវលើផលវិបាក ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍នេះ និងរកឃើញថា វាធ្វើឲ្យគ្រួសារដែលមានសមាជិកជួបប្រទះគ្រោះថ្នាក់ចរាចរណ៍នេះ ប្រឈមភាពក្រីក្រ។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញឲ្យដឹងថា មូលហេតុ និងអត្រាបង្កគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺបើកលើសល្បឿនកំណត់ ៤៥% បើកបរស្រវឹង ១៤% មិនគោរពសិទ្ធិអាទិភាព ១១% បើកប្រជែង ១០% និងបត់ឆ្វេង ឬស្តាំដោយមិនប្រយ័ត្ន ៦%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
