ការប្រកាសនេះ បន្ទាប់ពីសាលាឧទ្ធរណ៍ប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូងខេត្តស្វាយរៀង លើករណីប្ដឹងទាស់របស់លោក ឈូក បណ្ឌិត ក្នុងសំណុំរឿងបាញ់កម្មកររោងចក្រកៅវ៉េ (Kaoway) ៣នាក់ឲ្យរបួស។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រកាសថា ការប្រកាសសាលដីការបស់សាលាឧទ្ធរណ៍គឺជាការដាក់ទម្ងន់ថែមមួយកម្រិតទៀត ទៅលើការជំរុញឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនជាប់ចោទ ឈូក បណ្ឌិត មកផ្ដន្ទាទោស។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍នៅថ្ងៃទី៥ ខែវិច្ឆិកា ថា សមត្ថកិច្ចកំពុងខិតខំនិងរួសរាន់ធ្វើយ៉ាងណាអនុវត្តទៅតាមសាលដីកាសាលាឧទ្ធរណ៍ដែលបានសម្រេចកាលពីថ្ងៃទី៤ ខែវិច្ឆិកា៖ «មិនទាន់បានជាផ្លូវការនៅឡើយ ម្ដងថានៅនេះ ម្ដងថានៅណោះ ព័ត៌មានខ្លះម្ដងលឺថានៅមណ្ឌលគិរី ទៅ ម្ដងថានៅក្រៅប្រទេសអីណា។ សង្ឃឹមថា អាចអនុវត្តបាន ដើម្បីបំពេញអនុវត្តតាមដីកាហ្នឹង។ ទន្ទឹមនឹងនេះ តាមរយៈបងប្អូនអ្នកស្ដាប់វិទ្យុអាស៊ីសេរី ផ្ដល់នូវព័ត៌មាន ថាឈ្មោះហ្នឹងនៅទីណា លាក់ខ្លួននៅទីណា សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ចយើងដើម្បីបានអនុវត្តទៅតាមតុលាការកាន់តែឆាប់កាន់តែល្អ»។
ការអំពាវនាវនេះ នៅបន្ទាប់ពីចៅក្រមសាលាឧទ្ធរណ៍បានប្រកាសសាលដីកាដោយតម្កល់សាលក្រមសាលាដំបូងខេត្តស្វាយរៀងដដែល លើករណីប្ដឹងទាស់របស់លោក ឈូក បណ្ឌិត។ សាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង សម្រេចឲ្យលោក ឈូក បណ្ឌិត មានទោសជាប់ពន្ធនាគារ ១ឆ្នាំកន្លះ បង្គាប់ឲ្យបង់ប្រាក់សំណងឲ្យជនរងគ្រោះជាកម្មការិនីទាំង ៣រូប ចំនួន ៣៨លានរៀល និងបន្តអនុវត្តដីកាចាប់ខ្លួនអតីតអភិបាលក្រុងបាវិតរូបនេះ ដាក់ក្នុងពន្ធនាគារ ពីបទបង្ករបួសស្នាមដោយអចេតនា។
ពាក់ព័ន្ធបញ្ហានេះ សហជីពសេរីកម្មករក៏បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចាប់ខ្លួនលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត យកមកផ្ដន្ទាទោសដែរ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ដែលបានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៥ វិច្ឆិកា បានជំរុញឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែកខ្នះខ្នែងស្វែងរកចាប់ខ្លួនជនជាប់ចោទ ឈូក បណ្ឌិត។ លោកថា ការពន្យារពេលចាប់ខ្លួនជនជាប់ចោទនេះ គឺដើម្បីបង្ហាញពីប្រព័ន្ធយុត្តិធម៌នៅពុំទាន់ឯករាជ្យ លំអៀងទៅអ្នកមានលុយនិងមានអំណាច។
លោក ជា មុនី៖ «ជនដៃដល់បាញ់កម្មករកណ្ដាលហ្វូងរាប់ពាន់នាក់ គឺជាបទល្មើសជាក់ស្ដែង អ្នកចាប់ខ្លួនទេ ហើយរយៈពេលកន្លងមកហ្នឹង តុលាការសាលាដំបូងក្ដី តុលាការសាលាឧទ្ធរណ៍ក្ដី បានកាត់សេចក្ដីឲ្យគាត់មែន ក៏ប៉ុន្តែសមត្ថកិច្ចត្រូវចាប់ខ្លួនគាត់យកមកដាក់ពន្ធនាគារ»។
ប៉ុន្តែលោក ជា មុនី បានសម្ដែងនូវការសាទរ និងគាំទ្រចំពោះការវិនិច្ឆ័យសេចក្ដីរបស់សាលាឧទ្ធរណ៍ដែលបានតម្កល់ការផ្ដន្ទាទោសលើជនជាប់ចោទ ឈូក បណ្ឌិត ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
យ៉ាងណាក៏ដោយ មេធាវីការពារក្ដីឲ្យលោក ឈូក បណ្ឌិត គឺលោកមេធាវី កៃ វិសាល បានថ្លែងថា លោកបានជូនដំណឹងពីលទ្ធផលប្រកាសសាលដីកាសាលាឧទ្ធរណ៍ទៅសាច់ញាតិរបស់លោក ឈូក បណ្ឌិត ជាកូនក្ដីរបស់លោករួចរាល់ហើយ។ ប៉ុន្តែពុំអាចអត្ថាធិប្បាយអំពីថាតើកូនក្ដីរបស់លោកនឹងប្ដឹងសារទុក្ខទៅតុលាការកំពូលទៀតឬយ៉ាងណានោះទេ៖ «គាត់ប្ដឹងសាទុក្ខ ឬមិនប្ដឹង ខ្ញុំមិនទាន់អាចបញ្ជាក់ជូនបានទេ ពីព្រោះអីមានសល់ពេលយូរដែរ រង់ចាំថាតើគាត់គួរប្ដឹង ឬមិនប្ដឹង»។
បើទោះជាសាលាឧទ្ធរណ៍បានប្រកាសសាលដីកា តម្កល់សាលក្រមសាលាដំបូងខេត្តស្វាយរៀង ទុកដដែលក៏ដោយ ក៏មេធាវីរបស់ជនរងគ្រោះទាំង ៣រូប គឺ ប៊ុន ចិន្តា នុត សាខន និង កែវ នា រួមទាំងមន្ត្រីសិទ្ធិមនុស្សបានស្នើសុំឲ្យចៅក្រមសាលាឧទ្ធរណ៍ពិចារណាប្ដូរបទចោទ លោក ឈូក បណ្ឌិត ពីបទបង្ករបួសស្នាមដោយអចេតនា ទៅជាបទប៉ុនប៉ងមនុស្សឃាតដោយចេតនាវិញ ហើយឆាប់ចាប់ខ្លួនឈូក បណ្ឌិត មកដាក់ពន្ធនាគារ ពីព្រោះជនរងគ្រោះទាំងនោះ កំពុងមានការភ័យខ្លាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
