មន្ត្រីអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលសវនាការពេញមួយថ្ងៃកាលពីថ្ងៃទី១២ ខែវិច្ឆិកា យល់ឃើញថា ការសម្រេចផ្ដន្ទាទោសប្រឆាំងស្ត្រីដែលជាសកម្មជនការពារដីធ្លី ៣នាក់បន្ថែមទៀត និងអតីតព្រះសង្ឃវត្តស្ទឹងមានជ័យ មួយអង្គផង ប្រៀបដូចជាឆាកកំប្លែង។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សលីកាដូ (Licadho) ចាត់ទុកការសម្រេចឲ្យសកម្មជនទាំងនោះមានទោស គឺពុំបានផ្អែកលើភស្តុតាងដាក់បន្ទុកណាមួយទាល់តែសោះ។
«ឲ្យឯងទៅណាតៃហោង អាពួកតុលាការថោកទាប ផ្ដាច់ការ បក្ខពួកនិយម។ ខ្ញុំដាក់បណ្ដាសាឲ្យតុលាការណាដែលពុករលួយ»។
ភ្លាមៗបន្ទាប់សាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ ១ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ប្រឆាំងព្រះសង្ឃមួយអង្គគង់នៅវត្តស្ទឹងមានជ័យ និងស្ត្រីបីនាក់ផង សាច់ញាតិជនជាប់ចោទទាំងនេះ បានស្រែកយំយ៉ាងកងរំពង មានអ្នកខ្លះឱបគ្នា ហើយអ្នកខ្លះទៀតបោកខ្លួននៅក្បែររបងសាលាដំបូងរាជធានីភ្នំពេញ ខណៈដែលរថយន្តកំពុងព្យាយាមបង្កើនល្បឿនបើកដោយប្រញាប់ចេញពីតុលាការ ដឹកពួកគេបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញ។
រស់នៅភូមិ១ ក្នុងតំបន់បឹងកក់ លោក លឹម សំអឿន ដែលភរិយារបស់លោកត្រូវបានកងសន្តិសុខខណ្ឌ៧មករា ចាប់ខ្លួនកាលពីថ្ងៃទី១១ នៅខាងមុខតុលាការ ថ្លែងថា លោកពិតជាអស់ជំនឿចំពោះចំណាត់ការរបស់តុលាការនៅពេលនេះ ដែលរកឃើញថា ប្រពន្ធរបស់លោកមានទោសពីបទចោទថាបានមើលងាយសមត្ថកិច្ច។ លោកថ្លែងបន្តថា តុលាការនៅកម្ពុជា ពិតជាមិនអាចឈរលើឯករាជ្យភាពដូចការរិះគន់របស់មហាជនមែន៖ «គាត់គ្មានធ្វើអីទេ គ្រាន់តែមកឈរមុខតុលាការសោះ បែរជាចោទប្រកាន់គ្នាមើលងាយសមត្ថកិច្ច។ សមត្ថកិច្ចដាក់ទោសគ្នារហូតមួយឆ្នាំ។ ចោលកូន ៤នាក់នៅផ្ទះ»។
ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ភី ឆាយ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារស្ត្រីបីនាក់ និងព្រះសង្ឃមួយអង្គព្រះនាម សឺន ហាយ រយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ២លានរៀល ពីបទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោសតាមមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ។
នៅពេលនេះ ភិក្ខុ សឺន ហាយ គង់នៅវត្តស្ទឹងមានជ័យ ដែលត្រូវសមត្ថកិច្ចផ្សឹកដោយបង្ខំភ្លាមៗក្រោយចាប់បញ្ជូនទៅដល់ស្នងការរាជធានីភ្នំពេញនោះ នៅមានសំណុំរឿងពីរបន្ថែមទៀត ដែលកំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរនៅឡើយ។ បើរកឃើញថា មានទោសមែននោះ ព្រះអង្គអាចប្រឈមនឹងបទចោទស្លៀកដណ្ដប់ស្បង់ចីពរបែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ តាមមាត្រា៥០៨ និងចោទពីបទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយតាមមាត្រា២៣០ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យនៃសាលារាជធានីភ្នំពេញ នៅថ្ងៃទី១២ វិច្ឆិកា ក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដែរ ដោយចាត់ទុកថា ព្រះសង្ឃព្រះនាម សឺន ហាយ គឺបានប្រើប្រាស់ឆាយាល័ក្ខណ៍ក្លែងក្លាយ។ ដោយឡែកប្រជាពលរដ្ឋផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនក្នុងពេលដូចគ្នានេះដែរ គឺរងការចោទប្រកាន់ថា ជាក្រុមបង្កការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។ ពាក់ព័ន្ធរឿងនេះ ប្រជាពលរដ្ឋដែលចូលរួមតវ៉ាដើម្បីទាមទារឲ្យដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន ស្ដីបន្ទោសរដ្ឋាភិបាលថា បើយកច្បាប់ចរាចរណ៍មកអនុវត្តដោយទម្លាក់កំហុសការបិទផ្លូវ ដើម្បីស្វែងរកដំណោះស្រាយថាជាបទល្មើសនោះ រដ្ឋាភិបាលមានរឿងច្រើនណាស់ដែលត្រូវចោទប្រកាន់ក្នុងមួយថ្ងៃៗក្នុងរឿងកកស្ទះចរាចរណ៍នេះ ដូចជាធ្វើរោងការ ឬរោងបុណ្យបិទផ្លូវ ឬពិធីណាមួយដែលរំខានដល់ការធ្វើដំណើរសាធារណៈ។
លោក អំ សំអាត មន្ត្រីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ យល់ឃើញថា ការចាប់ខ្លួន និងផ្ដន្ទាទោសប្រឆាំងសកម្មជនទាំងនេះ វាគួរឲ្យអាម៉ាស់ណាស់ ដោយហេតុថា ពុំមានភស្តុតាងបញ្ជាក់ណាមួយថាពួកគេមានទោសឡើយ។ លើសពីនេះទៀត ប្រការដែលរឹតតែមិនអាចទទួលយកបាននោះ គឺសំណុំរឿងដាក់បន្ទុកនេះសុទ្ធតែជាឆាកល្ខោន ដែលមិនគួរឲ្យជឿទុកចិត្តបាន៖ «យើងមើលទៅទាំងរូបភាព និងភស្តុតាង ចំណុចណាដែលបង្ហាញអំពីការធ្វើឲ្យកកស្ទះចរាចរណ៍ទេ។ ផ្ទុយទៅវិញ គឺបង្ហាញអំពីការសំណូមពរ និងការទាមទារឲ្យបណ្ដោះទឹកចេញពីតំបន់បឹងកក់ប៉ុណ្ណោះ»។
ទាំង លោកស្រី ហេង ពេជ្យ សកម្មជនដីធ្លីនៅតំបន់បឹងកក់ លោកស្រី អ៊ឹម ស្រីទូច អតីតសកម្មជននៅក្នុងតំបន់បឹងកក់ លោកស្រី ភួង សុភាព អ្នកភូមិថ្មគោល និងព្រះសង្ឃវត្តស្ទឹងមានជ័យ ព្រះនាម សឺន ហាយ ត្រូវបានកម្លាំងចម្រុះរបស់រដ្ឋាភិបាលចាប់ខ្លួន កាលពីថ្ងៃទី១១ វិច្ឆិកា។ ភ្លាមៗក្រោយពីចាប់ខ្លួន ពួកគេត្រូវបានបញ្ជូនទៅឃុំនៅស្នងការរាជធានីភ្នំពេញ មុននឹងបើកសវនាការជំនុំជម្រះនៅថ្ងៃបន្ទាប់។ មូលហេតុនៃការចាប់ខ្លួន គឺធ្វើឡើងនៅពេលពួកគេប្រមូលផ្ដុំគ្នានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងស្ត្រី ៧នាក់ នៅសហគមន៍បឹងកក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១០ វិច្ឆិកា។ ក្នុងពេលប៉ុន្មានថ្ងៃមកនេះ រដ្ឋាភិបាលបានបើកយុទ្ធនាការចាប់ទាំងសកម្មជននយោបាយបក្សប្រឆាំង ព្រះសង្ឃ ព្រមទាំងសកម្មជនការពារដីធ្លីផង បន្ទាប់មកប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់ មុននឹងបន្តដាក់ពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
