សង្គម​ស៊ីវិល​គ្រោង​ដាក់​ញត្តិ​ជូន​រដ្ឋសភា​សុំ​ឲ្យ​ពន្យារ​ពេល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​បើ​កិច្ច​ប្រជុំ​ភ្លាមៗ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ឧសភា ទោះ​បី​ជា​ថ្ងៃ​នេះ​ឈប់​សម្រាក​ក៏ដោយ ដើម្បី​ពិភាក្សា​គ្នា​អំពី​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​៣ ទាក់ទង​នឹង​តុលាការ ដែល​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​មើល​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ សភា​ឯក​បក្ស​មិន​ត្រូវ​ធ្វើ​ការ​អនុម័ត​ភ្លាមៗ​នោះ​ទេ គឺ​ត្រូវ​ទុក​ពេល​សិក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​បាន​ល្អិតល្អន់​បន្ថែម​ទៀត​ជា​មុន​សិន។

ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​រដ្ឋសភា បាន​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​អាច​ពន្យារ​អនុម័ត​បាន​ទេ ព្រោះ​ថា រដ្ឋាភិបាល​បាន​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ជាង ១០​ឆ្នាំ​មក​ហើយ។

តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ​ប្រមាណ​១៥ គ្រោង​នឹង​ចេញ​ថ្លែងការណ៍​អំពី​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​៣ ទាក់ទង​នឹង​តុលាការ និង​ដាក់​ញត្តិ​រួម​គ្នា​ទៅ​សភា នៅ​ថ្ងៃ​ទី​១៦ ឧសភា ដើម្បី​សុំ​ពន្យារ​ពេល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ។

ការ​គ្រោង​ដាក់​ញត្តិ​ទៅ​សភា​នេះ នៅ​ខណៈ​សភា​ឯក​បក្ស​គ្រោង​នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​បី នៅ​ដើម​សប្ដាហ៍​ក្រោយ រួម​មាន សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ​អង្គការ​តុលាការ សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ ការ​ធ្វើ​ច្បាប់​សំខាន់​ត្រូវ​មាន​ភាគី​ពាក់ព័ន្ធ​ចូល​រួម ក៏ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​នេះ រដ្ឋាភិបាល​មិន​បាន​ដាក់​ឲ្យ​ជជែក​នូវ​គ្រប់​ភាគី​ពាក់ព័ន្ធ​នោះ​ទេ ដែល​រដ្ឋាភិបាល​ធ្វើ​ឡើង​ក្នុង​រយៈពេល​យូរ​មក​ហើយ​ក្ដី តែ​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង៖ «ការ​ធ្វើ​ច្បាប់​សម្រាប់​គ្រង​រដ្ឋ​មួយ ត្រូវ​ការ​ពេល​វេលា ត្រូវ​ការ​ពិចារណា ហើយ​ត្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពិគ្រោះ​យោបល់​ជា​សាធារណៈ​នោះ​ឲ្យ​បាន​ច្រើន​បន្តិច អា​នេះ​ជា​គោលការណ៍​មួយ​ឆ្លុះ​បញ្ចាំង​នីតិរដ្ឋ​មួយ​ដែរ គោលការណ៍​នីតិរដ្ឋ​នោះ គឺ​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូល​រួម​ក្នុង​ការ​ធ្វើ​ច្បាប់​នេះ»

តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ជួប​ប្រជុំ​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ពិភាក្សា​គ្នា​អំពី​ចំណុច​ខ្វះខាត​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ នឹង​ដាក់​ញត្តិ​រួម​គ្នា​ទៅ​កាន់​រដ្ឋសភា​នោះ រួម​មាន តំណាង​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ និង​អង្គការ​ជាតិ អន្តរជាតិ​ផ្សេងៗ​ទៀត។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សវនកម្ម​នៃ​រដ្ឋសភា លោក ជាម យៀប ឆ្លើយ​តប​ថា សភា​មិន​អាច​ពន្យារ​ពេល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​ទេ។ លោក​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​រដ្ឋាភិបាល​តាក់តែង​ជាង ១០​ឆ្នាំ​មក​ហើយ ម្យ៉ាង​ទៀត តំណាង​រាស្ត្រ​នៅ​ក្នុង​សភា​បច្ចុប្បន្ន​មាន​បទ​ពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់៖ «បុគ្គល​ណា​គ្មាន​ក្រុម​ណា​បក្ស​ណា ព្រះមហាក្សត្រ មិន​អាច​ផ្អាក​សភា​បាន​ទេ អា​ហ្នឹង​រដ្ឋធម្មនុញ្ញ​បាន​ចែង​អ៊ីចឹង ហើយ​ខ្ញុំ​សូម​ជម្រាប​ថា ច្បាប់​ហ្នឹង​មិន​មែន​លឿន​ពេក​ទេ លោក ហ្សាការីយ៉ា ត្រូវ​ជ្រាប ច្បាប់​នេះ​ត្រូវ​បាន​តាក់តែង​តាំង​ពី​នីតិកាល​ទី​៣ ឆ្នាំ​២០០៣ មក​ម្ល៉េះ»

អ្នក​សម្រប​សម្រួល​គម្រោង​សង្កេតការណ៍​សវនាការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឌុច ពិសិដ្ឋ មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​ទាំង​បី​នេះ​មាន​នៅ​មាន​ចំណុច​មួយ​ទៀត ដែល​ត្រូវ​ការ​កែប្រែ និង​បន្ថែម។ លោក​លើក​ជា​ឧទាហរណ៍​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា ជាដើម គឺ​បាន​ដាក់​ឲ្យ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​នៅ​ក្រោម​ក្រសួង​យុត្តិធម៌។ ហើយ​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​នៅ​ក្រោម​ក្រសួង​យុត្តិធម៌ នេះ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​នោះ។

កាល​ពី​ខែ​មេសា កន្លង​ទៅ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ធ្លាប់​បាន​ស្នើសុំ​ទៅ​សភា​ដើម្បី​ឲ្យ​ពន្យារ​ពេល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាំង​បី​នេះ ដោយ​សំអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ចាំបាច់​ណាស់​ត្រូវ​បង្ហាញ​ជា​សាធារណៈ ដើម្បី​អនុញ្ញាត​ឲ្យ​ដៃគូ​ពាក់ព័ន្ធ​នានា រួម​ទាំង​សង្គម​ស៊ីវិល អ្នក​ប្រកប​វិជ្ជាជីវៈ និង​សាធារណជន​ទូទៅ អាច​ឆ្លើយ​តប និង​ផ្ដល់​មតិ​យោបល់ ដើម្បី​ជៀសវាង​នៃ​ការ​ជះ​ឥទ្ធិពល​អាក្រក់​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មក​លើ​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ជោគ​វាសនា​របស់​ប្រទេស​ជាតិ ដែល​ត្រូវ​បាន​ធានា​ក្នុង​មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ។ ដូច្នេះ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូល​រួម​ក្នុង​ការ​តាក់តែង​ច្បាប់​ជា​មូលដ្ឋាន​ទាំង​បី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។