សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចេញ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​ជា​សាធារណៈ

ដោយ អ៊ុំ រង្សី
2015.05.05
អំ សំអាត ៦២០ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
Photo: RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង ២៥០​ស្ថាប័ន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ទាមទារ​អោយ​រដ្ឋាភិបាល​បើក​ចំហ​កិច្ច​ពិគ្រោះ​​យោបល់ និង​កែ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​​សាធារណៈ។

ក្រុម​សង្គម​ស៊ីវិល​យល់​ថា ច្បាប់​នេះ​មាន​ប្រសិទ្ធភាព និង​មាន​ភាព​ឯករាជ្យ​ពិតប្រាកដ​ទៅ​បាន លុះ​ត្រា​ណា​មាន​ការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ។

ការ​ទាមទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​បញ្ឈប់​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ឯ​ការិយាល័យ​របស់​អង្គការ​អុកស្វាម (Oxfam) នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា។ សន្និសីទ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រក្សា​ការពារ​នូវ​សិទ្ធិ សេរីភាព និង​ជំរុញ​អោយ​មាន​ចលនា​នៃ​ការ​បង្កើត​អង្គការ​សង្គម​ស៊ីវិល។

អ្នក​សម្របសម្រួល​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត បាន​លើក ឡើង​ថា សង្គម​ស៊ីវិល​ចង់ ឃើញ​រដ្ឋាភិបាល​កម្ពុជា បើក​កិច្ច​ពិគ្រោះ​យោបល់ ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ជា​សាធារណៈ ពីព្រោះ​សង្គម​ស៊ីវិល​មិន​ចង់​ឃើញ​ច្បាប់​មួយ​ដែល​បង្កើត​ឡើង​ក្រោម​រូបភាព​បំបិទ​សិទ្ធិ​សេរីភាព ធ្វើ​ឡើង​ដោយ​គណបក្ស​នយោបាយ និង​គ្មាន​ការ​បើក​ចំហ​ព័ត៌មាន​នោះ​ទេ។

លោក អំ សំអាត បាន​លើក​ឡើង​ទៀត​ថា សង្គម​ស៊ីវិល​ចង់​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដើម្បី​ធានា​បាន​នូវ​ច្បាប់​ដែល​មាន​ភាព​ឯករាជ្យ តម្លាភាព និង​កសាង​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា៖ «ខ្ញុំ​គិត​ថា ក្នុង​នាម​សង្គម​ស៊ីវិល​យើង​មាន​សិទ្ធិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​ជា​សាធារណៈ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ និង​ដើម្បី​ធានា​ថា ច្បាប់​នេះ​បាន​គោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ»

​ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រុម​អង្គការ​សិទ្ធិមនុស្ស លោក សួន ប៊ុនសក្តិ បាន​លើក​ឡើង​ដែរ​ថា សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​នៅ​ពេល​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចេញ​ទៅ​មិន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​កម្ពុជា ពិត​ប្រាកដ។ លោក​បន្ត​ថា សង្គម​ស៊ីវិល​មិន​ជំទាស់​នោះ​ទេ ប្រសិន​ណា​រដ្ឋាភិបាល​ផ្ដល់​សេចក្ដី​ព្រាង​ច្បាប់​ជា​ផ្លូវការ​ដល់​សាធារណជន និង​ត្រូវ​បើក​ទូលាយ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​បាន​យល់ បាន​ដឹង និង​បើក​កិច្ច​ពិគ្រោះ​យោបល់​ជុំវិញ​បញ្ហា​នេះ​រហូត​មាន​ការ​ឯកភាព​គ្នា​ជា​ផ្លូវការ។

​ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​ការ​ទាមទារ​របស់​ក្រុម​សង្គម​ស៊ីវិល​បាន​ទេ កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា។

​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ខាង​លើ​នេះ​ដែរ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ត្រូវ​ឆ្លង​គណៈរដ្ឋមន្ត្រី ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៥ នេះ ដោយ​លោក​អំពាវនាវ​អោយ​មានការ​ផ្ដល់​យោបល់​ជា​ជាង​ការ​រារាំង​កុំ​អោយ​មាន​ការ​អនុម័ត​ច្បាប់​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​រិះគន់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​បាន​យក​លុយ​ពី​បរទេស​ដើម្បី​និយាយ​អាក្រក់​ពី​រដ្ឋាភិបាល​នោះ។ លោក​បន្ត​ថា ការ​បង្កើត​ច្បាប់​នេះ គឺ​ដើម្បី​ការ​គ្រប់គ្រង​មួយ មិនមែន​ដើម្បី​រារាំង​សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។