សង្គម​ស៊ីវិល​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លើ​ច្បាប់​អង្គការ​ថា​រំលោភ​ច្បាប់

ដោយ ម៉ម មុនីរតន៍
2015-08-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥។
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Morm Moniroth

អង្គការ​មិន​មែន​រដ្ឋាភិបាល បង្ហាញ​ការ​សោកស្ដាយ​នូវ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ អំពី​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម ដោយ​ចាត់​ទុក​ថា ជា​សេចក្ដី​សម្រេច​ដែល​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​ពេញ​អង្គ នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​ឯកភាព​ថា ច្បាប់​ស្ដីពី​អង្គការ និង​សមាគម​នេះ មាន​ភាព​ត្រឹមត្រូវ និង​ជា​សេចក្តី​សម្រេច​ស្ថាពរ ហើយ​មាន​អនុភាព​អនុវត្ត​ទៅ​លើ​អំណាច​ទាំងអស់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​កំពូល បាន​សម្រេច​ភ្លាមៗ​ក្រោយ​ពី​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដោយ​ចាត់​ទុក​ថា ច្បាប់​អង្គការ និង​សមាគម ដែល​រដ្ឋសភា​បាន​អនុម័ត​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា នោះ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ពុំ​មាន​អ្វី​ត្រូវ​កែប្រែ​ទៀត​ឡើយ និង​បិទ​ផ្លូវ​តវ៉ា។

បញ្ហា​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល ហៅ​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៅ​ពេល​នេះ​ថា គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (Licadho) រិះគន់​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទៅ​លើ​ច្បាប់​អង្គការ និង​សមាគម​នៅ​ពេល​នេះ ថា​វា​ជា​ការ​រំលោភ​លើ​ច្បាប់​កំពូល​របស់​ជាតិ គឺ​រដ្ឋធម្មនុញ្ញ។ ជាង​នេះ​ទៀត ប្រទេស​កម្ពុជា គឺ​ពុំ​បាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ទាល់​តែ​សោះ​ពី​បទដ្ឋាន​គតិយុត្តិ​ជា​អន្តរជាតិ ដែល​ធានា​ពី​ការ​ការពារ និង​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ជាពិសេស​សិទ្ធិ​ក្នុង​ការ​បង្កើត​អង្គការ ឬ​សមាគម។ លោក អំ សំអាត បង្ហាញ​ការ​សោកស្ដាយ​ជុំវិញ​សេចក្ដី​សម្រេច​នេះ ដោយ​ចាត់​ទុក​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​ធ្វើ​សេចក្ដី​សម្រេច​ទាំង​ប្រថុយប្រថាន។ លោក​បន្ត​ថា «បើ​សិន​ជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ហើយ​ថា​ច្បាប់​ទាំងអស់​នេះ​វា​ស្រប​តាម​រដ្ឋធម្មនុញ្ញ បទដ្ឋាន​អន្តរជាតិ អា​នេះ​យើង​នៅ​តែ​មាន​ការ​សោកស្ដាយ។ ការ​អនុវត្ត​នៅ​ពេល​ក្រោយ និង​បញ្ហា​ដ៏​ចម្រូងចម្រាស»

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ​ចុះ សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចុះ​ថ្ងៃ​ទី​១២ សីហា តែ​ប៉ុន្មាន​នាទី​ក្រោយ​ពី​កិច្ច​ប្រជុំ​ពេញ​អង្គ​បាន​បិទ​បញ្ចប់ ឲ្យ​ដឹង​ថា ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​រដ្ឋសភា​បាន​អនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​រួច​នេះ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ពុំ​មាន​អ្វី​ត្រូវ​កែប្រែ​ទៀត​ឡើយ។

សេចក្ដី​សម្រេច​ទៅ​លើ​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ពេល​នេះ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថាប័ន​កំពូល បាន​ស្ដាប់​ការ​បំភ្លឺ​តំណាង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​១១ សីហា និង​មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ស្ដាប់​ការ​បកស្រាយ​របស់​តំណាង​គណបក្ស​ជំទាស់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ សីហា។

ច្បាប់​អង្គការ សហជីព ៦២០
សកម្មភាព​កង​កម្លាំង​អាជ្ញាធរ​រារាំង​ក្បួន​ដង្ហែ​របស់​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ប្រឆាំង​សេចក្ដី​ព្រាងច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៥។ RFA/Sek Bandith RFA/Sek Bandith

លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូល​បំភ្លឺ​ដោយ​ផ្ទាល់​មាត់ ប៉ុន្មាន​ម៉ោង​មុន​សេចក្ដី​សម្រេច​នេះ​ចេញ​ជា​ផ្លូវ​ការ លោក​មាន​សុឆន្ទៈ​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ​នឹង​ពិចារណា​ដោយ​ម៉ត់ចត់​ទៅ​លើ​សំណើ​របស់​ខ្លួន ដែល​បាន​ស្នើ​ឲ្យ​ពិនិត្យ​អំពី​ធម្មនុញ្ញភាព​នៃ​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម​នេះ។ បន្ថែម​ពី​លើ​នេះ លោក សុន ឆ័យ ថ្លែង​ថា ការ​ចំណាយ​ពេល​បកស្រាយ និង​ឆ្លើយ​បំភ្លឺ​អំពី​សំណើ​មិន​តិច​ជាង ១៨​មាត្រា ដែល​គណបក្ស​ជំទាស់​បាន​ស្នើ​ឡើង​នោះ គឺ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ឯក សំអុល សន្យា​ពិនិត្យ​ដោយ​ផ្ចិតផ្ចង់​អំពី​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម​នេះ។ លោក​បន្ត​ថា «តាម​ការ​បញ្ជាក់​ពី​ឯកឧត្ដម ឯក សំអុល លោក​ថា​លោក​នឹង​មិន​មើល​លេង​សើច​ទេ។ ខ្ញុំ​កត់​ពាក្យ​របស់​លោក​ច្បាស់​ណាស់ លោក​បាន​បញ្ជាក់​អ៊ីចឹង​ថា នឹង​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង»

ជុំវិញ​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ បកស្រាយ​យ៉ាង​ខ្លី​ថា សេចក្ដី​សម្រេច​ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អនុម័ត​រួច​ហើយ​នេះ គឺ​មាន​លក្ខណៈ​វិនិច្ឆ័យ​ដ៏​ត្រឹមត្រូវ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន។ ម្យ៉ាង​វិញ​ទៀត រាល់​ទម្រង់​ខ្លឹមសារ​នៃ​ច្បាប់​អង្គការ និង​សមាគម​នេះ គឺ​មាន​លក្ខណៈ​គ្រប់គ្រាន់​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ដែល​អាច​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិចារណា​ជា​ផ្លូវ​ការ​បាន។ លោក​បន្ត​ថា «ព្រឹក​មិញ​ស្ដាប់​ខាង​ឯកឧត្ដម សុន ឆ័យ បន្ទាប់​ពី​ចប់​ទៅ យើង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក៏​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ។ កាល​ណា​ប្រជុំ​ចប់ គឺ​មាន​សេចក្ដី​សម្រេច​មួយ»

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ និង​សមាគម​នេះ មាន ៩​ជំពូក និង ៣៩​មាត្រា។ ច្បាប់​ដែល​ព្រឹទ្ធសភា​បាន​ពិនិត្យ​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា បន្ទាប់​រដ្ឋសភា​បាន​អនុម័ត​ដោយ​ឯកច្ឆន្ទ ដោយ​ក្រុម​តំណាង​រាស្ត្រ​ពី​ខាង​រដ្ឋាភិបាល ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​ច្បាប់​ដែល​ពោរពេញ​ដោយ​ការ​តវ៉ា​ដ៏​ចម្រូងចម្រាស​ពី​ក្រុម​មាន​ជម្លោះ​ដីធ្លី អង្គការ សមាគម សហជីព និង​ពី​វិស័យ​ដទៃ​ទៀត។

បើ​ទោះ​ជា​បែប​ណា កាល​ពី​ថ្ងៃ​ទី​១០ សីហា កន្លង​ទៅ​នេះ គណបក្ស​ទាំង​ពីរ​ដែល​មាន​សំឡេង​នៅ​ក្នុង​រដ្ឋសភា បាន​សន្យា​ថា នឹង​យក​ច្បាប់​នេះ​ទៅ​ពិនិត្យ​ម្ដង​ទៀត ហើយ​បើ​រក​ឃើញ​ថា មាន​ចំណុច​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​នោះ គេ​នឹង​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ខ្លះ​ជា​ថ្មី​ឡើង​វិញ ក៏ប៉ុន្តែ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​តស៊ូ​មតិ​លើ​រឿង​នេះ យល់​ឃើញ​ថា ជា​ការ​សន្យា​ដែល​គ្មាន​ន័យ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មិនរំលោភច្បាប់ព្រៃផ្ដាច់ការទេ។

Aug 13, 2015 06:04 AM

អ្នក​អាន​អនាមិក

ងាប់???នរណាមិនស្គាលក្រុមប្រឹក្សាធម្មនុញ្ញ? ក្រុមអត់បានបានការហ្នឹង!!!

Aug 13, 2015 05:51 AM

(

Now people have to realize that the Main Khmer Gov Structure/Branch are controlled by Chorn Kbot Cheat/Individual/Group who are the VN Brain.. For Example: Arm Force is not for Khmers and Their Nation but for Party (CPP). Our people have a long way to clear/clean up these elements. Archina Cheat Khmer!

Aug 13, 2015 01:09 AM

អ្នក​អាន​អនាមិក

ក្រុមប្រឹក្សា​ធម្មនុញ្ញ​អត់ចេះច្បាប់?

Aug 13, 2015 12:03 AM

អ្នក​អាន​អនាមិក

គួរតែលុបក្រុមប្រឹក្សា​ធម្មនុញ្ញ​ចោល ហើយឲ្យសង្គមសុីវលធ្វើការជំនួសវិញ?

Aug 12, 2015 08:05 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល