មន្ត្រីឃ្លាំមើលបរិស្ថាន នៅថ្ងៃច័ន្ទ ទី២ ខែធ្នូ អំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធខេត្តស្ទឹងត្រែង ស៊ើបអង្កេតជាបន្ទាន់ទៅលើករណីឃុំខ្លួនសកម្មជនបរិស្ថានចំនួនបីនាក់ ដោយសារការឃាត់ខ្លួននេះមិនមែនជាបទល្មើសជាក់ស្តែង ឬមានដីកាចាប់ខ្លួនតាមផ្លូវតុលាការអ្វីឡើយ។
កាលពីថ្ងៃទី២៩ កន្លងទៅ ប្រធានសាខាអង្គការការពារបរិស្ថានខេត្តស្ទឹងត្រែង លោក ដែង ឡន និងសហសេវិកពីររូបទៀត គឺលោក ជា គ្រឹស្នា និងលោក សេក សាវ៉ាត ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសៀមប៉ាង ឃាត់ខ្លួន ខណៈអ្នកទាំងបីជិះម៉ូតូពីស្រុកសៀមប៉ាង បំណងវិលមកក្រុងស្ទឹងត្រែង វិញ។
ប្រធានអង្គការការពារបរិស្ថាន និងធនធានធម្មជាតិ លោក បឿន រដ្ឋា មានប្រសាសន៍បញ្ជាក់ថា សកម្មជនទាំងបីបានទៅឃ្លាំមើលសកម្មភាពបទល្មើសកាប់ឈើប្រណីតឆ្លងដែននៅតំបន់ព្រំដែន ខេត្តស្ទឹងត្រែង ជាប់នឹងប្រទេសឡាវ ទើបមានការប៉ះទង្គិចជាមួយសមត្ថកិច្ចនៅតំបន់នោះ ជាហេតុធ្វើឲ្យសមត្ថកិច្ចប្រើអំណាចឃាត់ខ្លួនពួកគេ ហើយកសាងសំណុំរឿងបញ្ជូនមកតុលាការ។
លោកកត់សម្គាល់ថា បទល្មើសកាប់ឈើប្រណីតនៅតំបន់ព្រំដែនស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់នឹងស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ គឺជាចំណុចរសើបរបស់សមត្ថកិច្ចនៅតំបន់នោះ ទើបបង្កឲ្យមានការឃាត់ខ្លួនសកម្មជន ដើម្បីបំបាក់ស្មារតី៖ «ច្រើនកុះករណាស់ជនល្មើស វាបានបើកដៃពីថៅកែប៉េអិម និងថៅកែប៉ូលិស។ វាច្រើនណាស់ តាំងពីគោយន្ត រទេះគោក្របី នាំប្រជាជនឲ្យធ្វើហ្នឹងចូលដីឡាវ។ ដល់ពេលយើងចុះទៅបែកការវាៗចោទយើង ចាប់យើង និងចោទយើងថាទៅជំរិតយកលុយ»។
ឆ្លើយតបការចោទប្រកាន់នេះ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង លោក ទៀង វ៉ាន់ឌី មានប្រសាសន៍បញ្ជាក់ថា សកម្មជនបរិស្ថានទាំងបីនាក់បានឆ្លងដែនខុសច្បាប់ និងបានបោះជំរំនៅតំបន់នោះ ហើយចូលទៅក្នុងតំបន់ស ធ្វើសកម្មភាពជំរិតទារប្រាក់ពីប្រជាពលរដ្ឋចូលព្រៃ កាប់ឈើចិញ្ចឹមជីវិត។ លោកបន្តថា សមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ក្នុងការកសាងសំណុំរឿងជនទាំងបី បញ្ជូនទៅស្ថាប័នអយ្យការធ្វើការចោទប្រកាន់តាមផ្លូវច្បាប់៖ «គាត់ទៅបោះតង់មានឆ្នាំបាយមានស្អីទៀត ហើយគាត់មានត្រាគ្រប់ប្រភេទទាំងអស់។ ខាងឡាវ បានបាញ់ ២គ្រាប់ ដោយសារគាត់ចូលទៅទឹកដីឡាវ តំបន់ស តែម្តង។ គាត់បានទៅជំរិតពីប្រជាជនក្នុងការដឹកជញ្ជូនឈើធ្វើផ្ទះមួយគោយន្ត ១០ម៉ឺនរៀល ថាគាត់ជាអ្នកនេះអ្នកនោះ។ អ៊ីចឹង ខ្ញុំមិនចង់ឲ្យមានទេ ដល់ពេលមានថាកងអាវុធហត្ថខ្ញុំរហូត»។
ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង លោក អៀង គឹមថុល មានប្រសាសន៍បញ្ជាក់ថា សកម្មជនទាំងបីនាក់ត្រូវបានមន្ត្រីអយ្យការចោទប្រកាន់រួចហើយ និងបញ្ជូនមកចៅក្រមស៊ើបសួរស៊ើបអង្កេតករណីនេះបន្ត។ លោកបន្តថា ជនជាប់ចោទទាំង ៣រូបនេះ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃអាទិត្យ ទី១ ខែធ្នូ ដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន។
ទាក់ទិនរឿងក្តីនេះដែរ មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ហួ សំអុល បានកត់សម្គាល់ថា នៅតំបន់ព្រំដែនឡាវ ជាប់នឹងខេត្តស្ទឹងត្រែង ពិតជាកើតមានបទល្មើសព្រៃឈើច្រើនករណីក្នុងមួយឆ្នាំ ហើយករណីខ្លះពលរដ្ឋខ្មែរមួយចំនួនបានបាត់បង់ជីវិត ដោយសារតែសមត្ថកិច្ចខ្លះនៅតំបន់នោះបណ្ដែតបណ្តោយឲ្យប្រជាពលរដ្ឋឆ្លងដែនទៅកាប់ឈើប្រណីតក្នុងដីឡាវ ហើយត្រូវតម្រួតឡាវ បាញ់សម្លាប់។ លោកអំពាវនាវដូចគ្នា សុំឲ្យតុលាការស៊ើបអង្កេតជាក់លាក់ទាក់ទិនបទចោទប្រកាន់សកម្មជនការពារបរិស្ថាននេះ៖ «សំណូមពរឲ្យព្រះរាជអាជ្ញាបើកការស៊ើបអង្កេតទៅលើឈ្មួញហ្នឹងផង ជាពិសេសមន្ត្រីព្រំដែនហ្នឹង ចរាចរឈើរាល់ថ្ងៃបានដោយសារមន្ត្រីអស់ហ្នឹងពុករលួយ»។
ទោះជាយ៉ាងនេះក៏ដោយ ប្រធានអង្គការការពារបរិស្ថានដដែល អះអាងថា អង្គការលោកនឹងដាក់មេធាវីការពារក្តីផ្តល់យុត្តិធម៌ដល់សកម្មជនបរិស្ថានទាំងបីនាក់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
