សង្គម​ស៊ីវិល​និង​មន្ត្រី​បក្ស​ប្រឆាំង​គាំទ្រ​ឲ្យ FBI បន្ត​ស៊ើប​អង្កេត​ករណី​បោក​គ្រាប់​ឆ្នាំ​១៩៩៧

0:00 / 0:00

សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​មន្ត្រី​គណបក្ស​ប្រឆាំង​គាំទ្រ​ឲ្យ​ការិយាល័យ​ស៊ើប​ការ​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក (FBI) បន្ត​កិច្ចការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ពី​ការ​គប់​គ្រាប់បែក​មុខ​អតីត​រដ្ឋ​សភា កាល​ពី​ឆ្នាំ​១៩៩៧។ កាល​ពី​សប្តាហ៍​មុន​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ជំរុញ​ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក ធ្វើ​ញត្តិ​ទៅ FBI បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ករណី​ឃាតកម្ម​គប់​គ្រាប់បែក​ដៃ​កាល​ពី ១៩​ឆ្នាំ​មុន។

អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ អះអាង​ថា គំនិត​របស់​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) ដែល​ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឡើង​វិញ​ករណី​គប់​គ្រាប់បែក​មុខ​រដ្ឋ​សភា កាល​ពី​១៩៩៧ ជា​រឿង​ត្រឹមត្រូវ៖ «ខ្ញុំ​គិត​ថា ការ​លើក​ឡើង​របស់​លោក ប៊្រែដ អាដាម គឺ​ជា​ការ​ស្វែង​រក​យុត្តិធម៌ ប៉ុន្តែ​រឿង​នេះ បើទោះបីជា​លោក ប៊្រែដ អាដាម មិន​បាន​លើក​ឡើង​ក៏ដោយ រឿង​បញ្ហា​រក​យុត្តិធម៌ រដ្ឋាភិបាល​គួរ​តែ​បំពេញ​កាតព្វកិច្ច​ស្វែង​រក​យុត្តិធម៌ ស្វែង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា កន្លង​ទៅ ប៊្រែដ អាដាម បាន​ថ្លែង​នៅ​ក្នុង​វេទិការ​សាធារណៈ​របស់​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​មួយ ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) ថា លោក​នឹង​ជួយ​សរសេរ​ញត្តិ​ឲ្យ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ដើម្បី​ស្នើ​ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍​សហព័ន្ធ​អាមេរិក ឬ​FBI បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ​ករណី​គប់​គ្រាប់បែក​ដៃ​ចំនួន​បួន​គ្រាប់​លើ​បាតុកម្ម​របស់​គណបក្ស សម រង្ស៊ី កាល​ពី​ឆ្នាំ​១៩៩៧ មុខ​អតីត​មន្ទីរ​អគារ​រដ្ឋសភា៖ «អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ធើ្វ ចាប់​ផ្តើម​យុទ្ធនា​ការ​សរសេរ​ញត្តិ​ទៅ FBI ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ស៊ើប​អង្កេត​កាល​ពី​ពេល​កន្លង​មក​ហើយ ពិនិត្យ​ឡើង​វិញ​រាល់​ឯកសារ​ទាំង​ឡាយ​ពី​ការ​ស៊ើបអង្កេត ហើយ​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​សម្រេច​ចោទ​ប្រកាន់​អ្នក​ដែល​ទទួល​ខុសត្រូវ​នៃ​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​នោះ។ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នេះ​ដើម្បី​ជួយ​អ្នក​ទាំង​អស់​គ្នា​ពី​របៀប​នៃ​ការ​សរសេរ​ញត្តិ ដើម្បី​ឲ្យ​សំឡេង​របស់​យើង​ត្រូវ​បាន​គេ​ដឹង​ឮ»

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មិថុនា អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន សរសេរ​លិខិត​ចំហ​មួយ​ចោទ​ប្រកាន់​សកម្មភាព​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​ជា​អង្គការ​វិទ្ធង្សនា​អន្តរជាតិ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក សួន ប៊ុនស័ក្តិ អះអាង​ថា បញ្ហា​សិទ្ធិមនុស្ស​គឺ​ជា​បញ្ហា​សកល​ដែល​សហគមន៍​អន្តរជាតិ​មាន​សិទ្ធិ​ពិនិត្យ និង​តាមដាន ហើយ​ជំរុញ​ឲ្យ​ការ​ស្វែង​រក​យុត្តិធម៌​លើ​ករណី​រំលោភ​សិទ្ធិមនុស្ស​ទាំង​ឡាយ៖ «វា​ជា​កាតព្វកិច្ច​របស់​សហគមន៍​អន្តរជាតិ​ដែល​គេ​ចង់​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​ណា​នៅ​ក្នុង​ប្រទេស​ណា​ក៏​បាន។ អា​នេះ​វា​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដើម្បី​ជំរុញ​ឲ្យ​អ្នក​មាន​សមត្ថកិច្ច​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ»

​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ គ្រាប់បែកដៃ​ចំនួន​បួន​គ្រាប់​ត្រូវ​បាន​គប់​ទៅ​ក្រុម​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ប្រឆាំង​ប្រព័ន្ធ​តុលាការ​ពុករលួយ៖ «តុលាការ​ជា​ឧបករណ៍​នៃ​របប​ផ្ដាច់ការ​ដើម្បី​គាបសង្កត់​ធ្វើ​បាប​អ្នក​ស្នេហា​ជាតិ អ្នក​ក្រីក្រ ហើយ​ពេល​កាត់​ទោស​ម្តងៗ​គេ​កាត់​ទោស​ឲ្យ​ពួកគេ​ឈ្នះ​ជានិច្ច។ ពួកគេ គឺ​ពួក​ដែល​មាន​អំណាច។ ពួក​ដែល​មាន​លុយ ពួក​ដែល​មាន​ខ្នង​ក្រាស ហើយ​កាត់​ទោស​អ្នក​អាក្រក់ អ្នក​ខុស​ទៅ​ជា​ត្រូវ»

​ឧក្រិដ្ឋកម្ម​គប់​គ្រាប់បែក​នៅ​ពេល​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ ហើយ​ជាង ១០០​នាក់​ផ្សេង​ទៀត​របួស។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ​ក៏​មាន​លោក រ៉ន អាប់នី (Ron Abney) ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ផង​ដែរ។

គណបក្ស​ប្រឆាំង​ក៏​គាំទ្រ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​នេះ​ដែរ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ នៅ​តែ​ទាមទារ​ឲ្យ​ភ្នាក់ងារ​ស៊ើបការណ៍​របស់​សហរដ្ឋអាមេរិក ស្វែងរក​ជន​ដៃ​ដល់​ដែល​បញ្ជា​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​លើ​ជន​ស្លូត​ត្រង់​កាល​ពី ១៩​ឆ្នាំ​មុន​នោះ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «រដ្ឋាភិបាល​អាមេរិកាំង ជា​ពិសេស FBI មាន​កាតព្វកិច្ច​ត្រូវ​ស្រាវជ្រាវ​រក​ការពិត​ឲ្យ​ឃើញ​ថា តើ​អ្នក​ណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​វិនាសកម្ម​នេះ មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់។ ដាច់ខាត​ត្រូវ​រក​យុត្តិធម៌​ឲ្យ​ឃើញ»

​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​មាន​ចំណងជើង​ថា ឧក្រិដ្ឋជន​ពី​ការ​វាយ​ប្រហារ​គ្រាប់បែក​ដៃ​លើ​ក្រុម​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​១៩៩៧ នៅ​មិន​ទាន់​ផ្ដន្ទាទោស​បង្ហាញ​ថា នៅ​ថ្ងៃ​បោក​គ្រាប់បែក​នោះ​កងពល​ង៧០ ដែល​ជា​កង​អង្គរ័ក្ស​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។

​ប៉ូលិស​បង្ក្រាប​បាតុកម្ម​នៅ​ពេល​នោះ​​មិន​ត្រឹម​ការពារ​មិន​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែកដៃ​ប៉ុណ្ណោះ​ទេ តែ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បោក​គ្រាប់បែក​ទៅ​ក្រុម​បាតុករ ហើយ​ថែម​ទាំង​បាន​គំរាម​ថា នឹង​បាញ់​ទៅ​លើ​ជន​ដែល​ហ៊ាន​ដេញ​តាម​ជន​ដៃ​ដល់​នៅ​ពេល​នោះ​ទៀត។

របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរ​ទៀត​ថា មេបញ្ជាការ​កង​អង្គរក្ស​នៃ​កងពល​ង​៧០ លោក ហ៊ុយ ពិសិដ្ឋ ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​កង​អង្គរក្ស​នៅ​ថ្ងៃ​កើត​ហេតុ ហើយ​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​រង​នៃ​កង​អង្គរក្ស​ពេល​នោះ​បាន​គំរាម​បាញ់​សម្លាប់​អ្នក​កាសែត​ណា​ដែល​ហ៊ាន​ស៊ើបអង្កេត​ករណី​នេះ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។