អង្គការស៊ីដ (NGO-CEDAW) និងខេមបូវ (CAMBOW) ដែលមានអង្គការជាសមាជិកប្រហែល ១២០ អង្គការ នៅថ្ងៃទី១៨ មិថុនា អំពាវនាវដល់ក្រុមប្រឹក្សាធម្មនុញ្ញយ៉ាងទទូច កុំឲ្យពិនិត្យសម្រេចលើច្បាប់ទាំង ៣ ទាក់ទងនឹងការកែទម្រង់ប្រព័ន្ធតុលាការ ដែលរដ្ឋសភា និងព្រឹទ្ធសភា ទើបអនុម័ត។
នៅអំឡុងខែមិថុនា ឆ្នាំ២០១៤ រដ្ឋសភា និងព្រឹទ្ធសភា ដែលមានសុទ្ធតែសមាជិកគណបក្សប្រជាជនកម្ពុជា បានអនុម័តច្បាប់ពាក់ព័ន្ធនឹងការកែទម្រង់តុលាការ ចំនួន ៣ ។ ច្បាប់ទាំង ៣ នោះ គឺច្បាប់ស្ដីពីលក្ខន្តិកនៃអង្គចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្ដីពីការរៀបចំអង្គតុលាការ ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម។
សេចក្ដីថ្លែងការណ៍របស់អង្គការនេះ បានទទូចសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យមើលច្បាប់រដ្ឋធម្មនុញ្ញឡើងវិញ ត្រង់មាត្រាទី ១២៨ មុននឹងធ្វើការសម្រេចចិត្តលើច្បាប់ទាំង ៣។
អង្គការនេះ បានរំលឹកថា មាត្រាទី ១២៨ បានចែងយ៉ាងច្បាស់ អំពីសារសំខាន់នៃឯករាជភាពរបស់តុលាការ ដោយបានចង្អុលបង្ហាញថា តាមខ្លឹមសារនៃមាត្រា ១២៨ នៃច្បាប់រដ្ឋធម្មនុញ្ញនេះ គឺច្បាប់ទាំង៣ ដែលបានស្នើឡើងកន្លងមកនោះ មិនត្រឹមតែផ្ទុយនឹងរដ្ឋធម្មនុញ្ញទេ តែថែមទាំងអាចប៉ះពាល់ដល់ឯករាជភាព នៃស្ថាប័នតុលាការ យ៉ាងធ្ងន់ធ្ងរទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
