ក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការងារលើកិច្ចការពារសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ស្នើសុំឲ្យសាលាដំបូងរាជធានីភ្នំពេញ ពិចារណាដោះលែងមនុស្ស ២១នាក់ កំពុងបន្តជាប់ឃុំឃាំង ស្របពេលដែលតុលាការនេះនឹងបើកសវនាការលើសំណុំរឿងក្តីនេះនៅថ្ងៃទី២៥ ខែមេសា។
ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់គណៈកម្មាធិការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី (NGO- CEDAW) និងគណៈកម្មាធិការស្ត្រីកម្ពុជា (CAMBO) បង្ហាញថា អ្នកនៅបន្តជាប់ឃុំឃាំងនៅសល់ ២១នាក់ មិនមានកំហុសធ្ងន់ធ្ងរក្នុងការបង្កឲ្យមានចលាចលក្នុងប្រទេសឡើយ។ ប៉ុន្តែគឺដោយសារតែបានចូលរួមជួយទាមទារជាមួយក្រុមកម្មករដែលសុំឲ្យរដ្ឋាភិបាល និងថៅកែរោងចក្រដំឡើងប្រាក់ឈ្នួលទាបបំផុត ១៦០ដុល្លារក្នុង១ខែ កាលពីថ្ងៃទី២ និងទី៣ ខែមករា។
សមាជិកគណៈកម្មាធិការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែងថា ក្នុងចំណោមអ្នកជាប់ឃុំទាំងនោះ ពិសេសលោក វន់ ពៅ និងលោក សុគន្ធ សម្បត្តិពិសិទ្ធ ដែលស្ថិតក្នុងពន្ធនាគារ គឺមានជំងឺប្រចាំកាយកាន់តែធ្ងន់ធ្ងរ។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «យើងមើលឃើញថា ពាក់ព័ន្ធទៅនឹង សុគន្ធ សម្បត្តិពិសិទ្ធ វិញ មកដល់ពេលហ្នឹងដៃគាត់នោះ យើងបានស្នើសុំឲ្យតុលាការ ឲ្យគាត់នៅក្រៅឃុំបណ្ដោះអាសន្ន។ ពាក់ព័ន្ធនឹងការព្យាបាលជំងឺផ្សេងៗមកដល់ពេលនេះ គឺតុលាការមិនមានការលើកលែងទោស ឬក៏អនុញ្ញាតឲ្យគាត់នៅក្រៅឃុំ តាមការស្នើសុំនោះទេ ហើយពេលនេះ ដៃរបស់ សុគន្ធ សម្បត្តិពិសិទ្ធ អាចនឹងស្វិត ឬក៏អាចនឹងធ្វើការមិនកើត មិនអាចប្រើការបានតទៅទៀតក៏ថាបានដែរ អាចពិការតែម្ដង។ ចំពោះលោក វន់ ពៅ វិញ បើជំងឺគាត់ប្រចាំកាយហ្នឹងពាក់ព័ន្ធកន្លងមក ការវះកាត់អី វានៅតែធ្វើទុក្ខម្ដងម្កាល ប៉ុន្តែបើទុកជាមានជំងឺអ៊ីចឹងពិតមែន មានភាពលំបាកនៅក្នុងពន្ធនាគារ ក៏គាត់អត់មានភាពរារែកផងដែរ»។
ស្របគ្នានេះ សមាគមអាដហុក បានអំពាវនាវឲ្យតុលាការទម្លាក់ចោលការចោទ និងដោះលែងកម្មករ និងតំណាងកម្មករទាំងអស់ ឲ្យមានសេរីភាព ហើយតំណាងអយ្យការអមតុលាការសាលាដំបូងរាជធានីភ្នំពេញ ត្រូវតែបើកការស៊ើបអង្កេតជាបន្ទាន់ដល់សមត្ថកិច្ចណាដែលបានប្រព្រឹត្តខុសច្បាប់ វាយធ្វើទារុណកម្មលើជនជាប់ចោទ និងបាញ់មកលើក្រុមបាតុករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
