សង្គម​ស៊ីវិល​ស្នើ​នាយករដ្ឋមន្ត្រី​ប្រកាស​សេចក្ដី​ព្រាង​ច្បាប់​ពាក់​ព័ន្ធ​តុលាការ

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​បណ្ដាញ​អង្គការ-​សមាគម​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ច្រាក (CHRAC) សរសេរ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី សុំ​ឱ្យ​ប្រកាស​ជា​សាធារណៈ និង​ជា​បន្ទាន់​នូវ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កែទម្រង់​តុលាការ។

ក្នុង​លិខិត​ចំហ​រួម​មួយ​រវាង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ-សមាគម​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា ច្រាក ដែល​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៧ មីនា បញ្ជាក់​ថា ការ​ស្នើ​សុំ​នេះ គឺ​ដើម្បី​ទុក​ពេល​វេលា​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ការ​ចូល​រួម​ពិត​ប្រាកដ ពេញលេញ និង​ប្រកប​ដោយ​ខ្លឹមសារ នៅ​ក្នុង​កិច្ច​ដំណើរការ​នៃ​ការ​តាក់តែង​ច្បាប់​ទាំង​នេះ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ មីនា ថា ការ​ស្នើសុំ​នេះ គឺ​ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​អនុម័ត​ច្បាប់ ៣ ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​ឯករាជ្យ​របស់​តុលាការ និង​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា៖ «ការ​ស្នើ​សុំ​របស់​យើង​នេះ ដោយសារ​យើង​ឮ​ប្រសាសន៍​របស់​សម្ដេច​ដែល​ថា ត្រូវ​ធ្វើ​ម៉េច​អនុម័ត​ច្បាប់​នេះ យើង​ស្វាគមន៍​ចំពោះ​ការ​អនុម័ត ហើយ​យើង​ចង់​ឃើញ​សេចក្ដី​ព្រាង ដើម្បី​ផ្ដល់​អនុសាសន៍ ដើម្បី​ជួយ​ត្រួត​ពិនិត្យ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ច្បាប់​សំខាន់​ទាំង​៣ ដែល​ត្រូវ​បាន​អនុម័ត​នេះ គឺ​អាច​ជួយ​ក្នុង​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​យើង​បាន។ អ៊ីចឹង​ហើយ​បាន​ពួក​យើង​ផ្ញើ​លិខិត​សុំ​ធ្វើ​ម៉េច​បើក​ចំហ​សេចក្ដី​ព្រាង ឬ​មួយ​ច្បាប់​ព្រាង បើ​សិន​ជា​មាន ដើម្បី​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ផ្ដល់​យោបល់ ហើយ​បើ​សិន​ជា​អត់​មាន​ទេ សុំ​សហការ​ជជែក​គ្នា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ច្បាប់​នេះ​អាច​មាន ហើយ​ឱ្យ​មាន​ខ្លឹមសារ​ល្អ ហើយ​នឹង​ត្រូវ​បាន​អនុវត្តន៍​ជួយ​ក្នុង​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​របស់​យើង​ផង​ដែរ»។

ក្នុង​លិខិត​ដដែល​បង្ហាញ​ថា ក្រុម​អង្គការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ស្នើសុំ​ទៅ​ក្រសួង​យុត្តិធម៌​ដែរ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​បដិសេធ ក្រោម​ហេតុផល​ថា សេចក្ដីព្រាង​ច្បាប់​ទាំង​នេះ ស្ថិត​នៅ​ជា​សេចក្ដីព្រាង និង​ក្រោម​ការ​កែ​សម្រួល​នៅ​ឡើយ។

មន្ត្រី​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន បាន​ហៅ​ការ​ស្នើសុំ​ជា​បន្ទាន់​នេះ ជា​ការ​គួរ​ឱ្យ​អស់​សំណើច ពី​ព្រោះ​រដ្ឋាភិបាល​ទទួល​អាណត្តិ​ឬ អំណាច ពី​ពលរដ្ឋ និង​មិន​នៅ​ក្រោម​អង្គការ​សិទ្ធិមនុស្ស​ទាំង​នេះ​ទេ៖ «ចំណែក​ទី​ពីរ នេះ​ជា​កម្មសិទ្ធិ​របស់​រាជ​រដ្ឋាភិបាល​នៅ​ឡើយ ដែល​យើង​កំពុង​ធ្វើ​ការ​ផ្គូផ្គង កំពុង​រៀន​សូត្រ​ពី​ក្រុម​ឯកទេស​អន្តរជាតិ​ដទៃ​ទៀត។ ដូច្នេះ នេះ​មិន​អាច​អនុញ្ញាត ឬ​មិន​អាច​ទទួល​ការ​បង្ខំ​ពី​នរណា​អី​ទេ នេះ​ជា​ទ្រព្យ​សម្បត្តិ​របស់​រាជ​រដ្ឋាភិបាល​នៅ​ឡើយ។ នៅ​ពេល​ដែល​ភ្ជាប់​សម្រេច​ពី​គណៈរដ្ឋមន្ត្រី ពេល​នោះ​ហើយ​ទើប​បាន​សេចក្ដី​ព្រាង​ហ្នឹង ក្លាយ​ទៅ​ជា​របស់​សាធារណៈ ហើយ​បាន​យើង​ផ្ដល់​ជូន​សភា ហើយ​ការ​តតាំង​គ្នា​នៅ​សភា អ្វីៗ គឺ​ផ្ចាញ់​នៅ​សភា​នោះ»។

ក្នុង​លិខិត​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​អង្គការ-​សមាគម​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា ច្រាក ចុះ​ថ្ងៃ​ទី​៧ មីនា បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ប្ដេជ្ញា​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​តាម​រយៈ​ការ​បង្កើត​ក្រុមប្រឹក្សា​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​កាល​ពី​ឆ្នាំ​២០០២ និង​តាម​រយៈ​ការ​អនុម័ត​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ច្បាប់ និង​យុត្តិធម៌ ក្នុង​ឆ្នាំ​២០០៣ ហើយ​នៅ​ក្នុង​សន្ទរកថា ស្ដីពី​យុទ្ធសាស្ត្រ​ចតុកោណ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​នូវ​ភាព​ចាំបាច់​ក្នុង​ការ​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ រួម​ទាំង​ការ​អនុវត្ត​ច្បាប់​ទី​មួយ ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា​ទី​ពីរ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គ​តុលាការ និង​អយ្យការ និង​ទី​បី​​ច្បាប់​ស្ដីពី​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ការ​ប្ដេជ្ញា​នេះ តាម​សន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​វេទិកា​ពិភាក្សា​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន កាល​ពី​ថ្ងៃ​ទី​៤ មីនា ដែល​បញ្ជាក់​ថា សេចក្ដីព្រាង​ច្បាប់​មូលដ្ឋាន​ទាក់ទង​តុលាការ នឹង​ត្រូវ​អនុម័ត​នៅ​ក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំ​២០១៤ នេះ។

តំណាង​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នេះ បាន​ស្វាគមន៍​ចំពោះ​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល ក្នុង​ការ​អនុម័ត​ច្បាប់​ទាំង​បី​នេះ​ឱ្យ​បាន​ឆាប់។ ប៉ុន្តែ​ក៏​បារម្ភ​ខ្លាំង ដោយសារ​តែ​សេចក្ដីព្រាង​ច្បាប់​ទាំង​នេះ ហាក់​ដូច​ជា​មាន​ការ​បិទ​បាំង។

លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ក្នុង​ដំណើរ​ការ​ធ្វើ​សេចក្ដីព្រាង​ច្បាប់​ទាំង​ឡាយ ពិត​ជា​មាន​ភាព​ចាំបាច់ ដែល​គួរ​តែ​បើក​ចំហ​សម្រាប់​ការ​ចូលរួម​ពិគ្រោះ​យោបល់​ទូលំទូលាយ និង​ផ្សព្វផ្សាយ​ភ្លាមៗ ជា​សាធារណៈ ដើម្បី​អាច​ឱ្យ​ដៃ​គូ​ពាក់ព័ន្ធ​នានា រួម​ទាំង​សង្គម​ស៊ីវិល ចៅក្រម មេធាវី និង​អ្នក​ជំនាញ​ច្បាប់​ផ្សេង​ទៀត ព្រម​ទាំង​សាធារណជន ផ្ដល់​ការ​ឆ្លើយតប និង​បញ្ចេញ​មតិ​យោបល់​លើ​សេចក្ដី​ព្រាងច្បាប់​ទាំង​នោះ។

លោក អ៊ូ វីរៈ បន្ត​ថា ប្រសិន​បើ​ចាំ​រហូត​ទាល់​តែ​មាន​អត្ថបទ​ច្បាប់​ចុង​ក្រោយ ដាក់​ទៅ​គណៈរដ្ឋមន្ត្រី ជា​ពិសេស ពេល​ដាក់​ដល់​រដ្ឋសភា​ហើយ គឺ​មិន​ដែល​បាន​កែ​មួយ​អត្ថបទ​ទេ។ លោក​ថា​ជា​ទូទៅ ច្បាប់​ហាក់​ដូច​ជា​មាន​ភាព​អាថ៌​កំបាំង​ច្រើន។ លោក អ៊ូ វីរៈ បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​មិន​មែន​ដើម្បី​រដ្ឋាភិបាល​ទេ គឺ​សម្រាប់​ប្រទេស​ជាតិ និង​ជា​កិច្ចការ​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។