សង្គម​ស៊ីវិល​ស្នើ​ឲ្យ​សមត្ថកិច្ច​ដក​លិខិត​ឆ្លងដែន​របស់​លោក ផែង វណ្ណៈ រក្សា​ទុក​សិន

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច បន្ថែម​ចំណាត់​ការ ឬ​ដក​ហូត​លិខិត​ឆ្លងដែន​របស់​លោក ផែង វណ្ណៈ ទុក​ជា​បណ្ដោះអាសន្ន​សិន ស្រប​ពេល​គណៈកម្មការ​ជំនាញ​កំពុង​ស្រាវជ្រាវ​លើ​រូប​លោក។ ទាក់ទង​សំណើ​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ យល់​ថា សំណើ​នេះ​ជា​យោបល់​ល្អ។

សំណើ​របស់​សង្គម​ស៊ីវិល​បែប​នេះ ចង់​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ការងារ​ដើម្បី​កុំ​ឲ្យ​មាន​ស្តង់ដារ​ពីរ​ផ្សេង​គ្នា​រវាង​មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័នរដ្ឋ និង​ក្នុង​ពេល​ក្រសួង​មហាផ្ទៃ បាន​បញ្ឈរ​ជើង​លោក ផែង វណ្ណៈ។ ម្យ៉ាង​វិញ​ទៀត សង្គម​ស៊ីវិល​មិន​ចង់​មាន​ករណី​ដូច​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត នៅ​ពេល​តុលាការ​រក​ឃើញ​ថា មាន​ទោស ប៉ុន្តែ​បែរ​ជា​លោក ឈូក បណ្ឌិត រត់​គេច​ចេញ​ទៅ​ក្រៅ​ស្រុក​បាត់។

អ្នក​សម្របសម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ និយាយ​ថា អាជ្ញាធរ​គួរ​ពិចារណា​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​លើ​ករណី​លោក ផែង វណ្ណៈ ឲ្យ​ដូច​ករណី​លោក មាជ សុវណ្ណារ៉ា ខណៈ​ដែល​តុលាការ​រក​មិន​ទាន់​ឃើញ​កំហុស ប៉ុន្តែ​តុលាការ​បញ្ជា​ឲ្យ​ដក​លិខិត​ឆ្លង​ដែន​របស់​លោក​ទុក។ លោក​បន្ត​ថា វិធានការ​បែប​នេះ​អាច​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស ប្រសិនបើ​លោក ផែង វណ្ណៈ ប្រព្រឹត្ត​ករណី​ដូច​អ្វី​ដែល​ក្រសួង​មហាផ្ទៃ កំពុងតែ​សង្ស័យ​នោះ៖ «អាជ្ញាធរ​គួរ​ពិចារណា​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ដូច​គ្នា​ទៅ យ៉ាង​ណា​ក៏ដោយ ឲ្យ​តែ​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត អ្នក​ណា​ក៏ដោយ ត្រូវ​តែ​ចាត់​វិធានការ​ផ្លូវ​រដ្ឋបាល​ដូច​គ្នា កុំ​ឲ្យ​រត់​ចោល​ស្រុក»

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​បញ្ឈរជើង​លោក ផែង វណ្ណៈ ដែល​មាន​តួនាទី​ជា​អនុ​ប្រធាន​ការិយាល័យ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង មក​នាយកដ្ឋាន​បុគ្គលិក​កាល​ពី​ពេល​ថ្មីៗ​នេះ។ ការ​សម្រេច​ដូច​នេះ ព្រោះ​លោក ផែង វណ្ណៈ មាន​ជាប់​ពាក់ព័ន្ធ ៣​ករណី​ដែល​ត្រូវ​ស៊ើបអង្កេត គឺ​ករណី​គំរាម​សម្លាប់​លោក កឹម សុខា ករណី​បរិហារកេរ្តិ៍​អ្នកស្រី កែវ ម៉ាលី សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សៀក សុជាតិ នាយរង​សេនាធិការ​ចម្រុះ និង​នាយក​ទីចាត់ការ​ព្រំដែន​នៃ​កង​យោធពល​ខេមរភូមិន្ទ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Fecebok) និង​ករណី​មួយ​ទៀត ជា​រឿង​ផ្ទាល់​ខ្លួន​របស់​លោក ផែង វណ្ណៈ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ការ​ដក​ហូត​លិខិត​ឆ្លង​ដែន​លោក ផែង វណ្ណៈ មុន​តុលាការ​ចោទ​ប្រកាន់​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​របស់​លោក ផែង វណ្ណៈ ប៉ុន្តែ​ក្នុង​រយៈពេល​នៃ​ការ​ស៊ើប​អង្កេត តុលាការ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ដកហូត​ទុក​មួយ​រយៈ​សិន។ លោក អំ សំអាត បន្ត​ទៀត​ថា ក្នុង​ករណី​លោក ផែង វណ្ណៈ កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ដូច​នេះ តុលាការ​អាច​ស្នើ​សុំ​ដកហូត​លិខិត​ឆ្លង​ដែន​លោក ផែង វណ្ណៈ បាន៖ «អាជ្ញាធរ​ត្រូវ​តែ​ចាត់​វិធានការ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ​ក្នុង​ពេល​ស៊ើប​អង្កេត»

លោក ផែង វណ្ណៈ មិន​អធិប្បាយ​បញ្ហា​នេះ​ទេ ដោយ​និយាយ​ថា ទុក​ឲ្យ​គណៈកម្មការ​ជំនាញ​ក្រសួង​មហាផ្ទៃ ជា​អ្នក​ពន្យល់។ លោក ផែង វណ្ណៈ និង​មន្ត្រី​នៅ​ក្រសួង​ព័ត៌មាន លោក ព្រំ សាន កំពុង​ជាប់​បណ្ដឹង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ គឺ​ករណី​បរិហារកេរ្តិ៍​អ្នកស្រី កែវ ម៉ាលី សមាជិក​ព្រឹទ្ធ​សភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សៀក សុជាតិ នាយរង​សេនាធិការ​ចម្រុះ និង​នាយក​ទីចាត់ការ​ព្រំដែន​នៃ​កង​យោធពល​ខេមរភូមិន្ទ តាម​ហ្វេសប៊ុក។

​ដោយ​ឡែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថា សំណើ​របស់​សង្គម​ស៊ីវិល​ជា​គំនិត​ល្អ​គួរ​យក​មក​ពិចារណា។ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ពី​ដំណើរការ​នៃ​ការ​ស៊ើប​អង្កេត​ករណី​លោក ផែង វណ្ណៈ នោះ​ទេ ដោយ​ថា រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​គណៈកម្មការ​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ៖ «រឿង​នេះ​អាស្រ័យ​លើ​គណៈកម្មការ​ស៊ើប​អង្កេត ប៉ុន្តែ​យោបល់​នេះ គួរ​យក​ទៅ​ពិចារណា​ដែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ឆៃ ស៊ីណារិទ្ធិ ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួង​មហាផ្ទៃ និង​ជា​សមាជិក​គណៈកម្មការ​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ ដែល​កំពុង​ស្រាវជ្រាវ​ករណី​លោក ផែង វណ្ណៈ បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថា ក្នុង​ពេល​ដែល​តុលាការ​រក​មិន​ទាន់​ឃើញ​ថា លោក ផែង វណ្ណៈ មាន​កំហុស ច្បាប់​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដកហូត​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លងដែន​នោះ​ទេ ព្រោះ​ខុស​ទៅ​នឹង​រដ្ឋធម្មនុញ្ញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។