អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ស្នើឲ្យរដ្ឋាភិបាលលុបចោលច្បាប់ស្ដីពីការគ្រប់គ្រងសមាគម អង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ និងច្បាប់គ្រប់គ្រងសហជីព។ មន្ត្រីសង្គមស៊ីវិលបារម្ភថា ច្បាប់នេះអាចនឹងមានការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងមិនមានតម្លាភាពក្នុងសង្គមប្រជាធិបតេយ្យ។
សង្គមស៊ីវិលកម្ពុជា មិនគាំទ្រឲ្យមានច្បាប់ស្ដីពីការគ្រប់គ្រងសមាគមអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ និងច្បាប់គ្រប់គ្រងសហជីពឡើយ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា កម្ពុជា មានច្បាប់ច្រើនរាប់មិនអស់ ហើយក្នុងនោះច្បាប់រដ្ឋប្បវេណីក៏មានចែងពីនីតិវិធី ក្នុងការចុះបញ្ជីនៃអង្គការសង្គមស៊ីវិល និងសហជីពដែរ។ ដូច្នេះ ច្បាប់ស្ដីពីការគ្រប់គ្រងអង្គការជាតិ អន្តរជាតិ និងច្បាប់គ្រប់គ្រងសហជីព គ្រាន់តែជាលេសដើម្បីរឹតត្បិតសិទ្ធិសេរីភាពក្នុងបញ្ចេញមតិតែប៉ុណ្ណោះ។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ស្នើឲ្យមានការពិគ្រោះយោបល់ជាសាធារណៈ នូវច្បាប់ស្ដីពីការគ្រប់គ្រងសមាគមអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ និងច្បាប់គ្រប់គ្រងសហជីព។ លោកបន្តថា នៅក្នុងប្រទេសប្រជាធិបតេយ្យ ការបង្កើតវប្បធម៌នៃការជជែកពិភាក្សាគ្នាជាចំហ គឺជាអ្វីដែលរដ្ឋាភិបាលត្រូវតែធ្វើ៖ «សំខាន់ គឺយើងចង់ឲ្យមានការជឿទុកចិត្ត និងការចូលរួមពីមហាជន ហើយគាំទ្រច្បាប់ដើម្បីបម្រើដល់ប្រទេសជាតិ និងសង្គមទាំងមូល។ កុំឲ្យច្បាប់មួយចេញមកហើយ ក្លាយជាច្បាប់មួយរឹតត្បិត និងបិទសិទ្ធិអង្គការសង្គមស៊ីវិល»។
លោកអះអាងថា អង្គការសង្គមស៊ីវិល គឺតំណាងឲ្យសំឡេងប្រជាពលរដ្ឋ និងមានតម្លាភាពល្អប្រសើរហើយ តែរដ្ឋាភិបាលទៅវិញទេដែលគ្មានតម្លាភាព។ លោកបន្តថា រដ្ឋាភិបាលថាបានតែថា តែមិនធ្វើ និងគ្មានអនុវត្តឲ្យបានត្រឹមត្រូវនោះទេ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ (Licadho) លោក អំ សំអាត បានលើកឡើងថា ការបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងសមាគមអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ និងច្បាប់គ្រប់គ្រងសហជីព ដោយមិនបានពិគ្រោះយោបល់ជាសាធារណៈនោះ ការចេញច្បាប់នេះគឺមានគោលដៅតែមួយ គឺបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់អង្គការក្រៅរដ្ឋាភិបាល និងប្រជាជន ដើម្បីកុំឲ្យមានការរិះគន់នូវរាល់ចំណុចអសកម្មរបស់រដ្ឋាភិបាល៖ «ធ្វើឲ្យអំណាចប្រមូលផ្តុំច្រើនទៅឲ្យរដ្ឋាភិបាល ដែលគ្មានច្រក់ជាបន្តឹងតវ៉ាសម្រាប់អង្គការក្រៅរដ្ឋាភិបាល។ ទី៣ យើងឃើញថា តម្រូវឲ្យអង្គការសង្គមស៊ីវិល ធ្វើសេចក្តីរាយការណ៍ទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច»។
លោកបន្ថែមថា កម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះការជជែកពិភាក្សាគ្នា គឺជារឿងត្រឹមត្រូវ។
ជុំវិញការទទូចឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន លុបចោលច្បាប់ស្ដីពីការគ្រប់គ្រងសមាគមអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ និងច្បាប់គ្រប់គ្រងសហជីពនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានទេនៅរសៀលថ្ងៃទី១៣ ឧសភា។
យ៉ាងណាក៏ដោយ បើតាមប្រភពពីមន្ត្រីសង្គមស៊ីវិលបានឲ្យដឹងថា រដ្ឋាភិបាលកំពុងធ្វើសេចក្តីព្រាងច្បាប់ចំនួនបី គឺច្បាប់ស្ដីពីការគ្រប់គ្រងសមាគមអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ច្បាប់ស្ដីពីការគ្រប់គ្រងទូរគមនាគមន៍ និងអ៊ីនធឺណិត និងច្បាប់គ្រប់គ្រងសហជីព។
សេចក្ដីព្រាងច្បាប់ទាំងបីនេះ ត្រូវបានបញ្ជូនទៅដល់ទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ ប៉ុន្តែគេមិនទាន់ប្រាកដនៅឡើយទេថា នឹងបញ្ជូនទៅកាន់សភាដើម្បីអនុម័ត។
ជំពូកទី៣ ស្ដីពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមាត្រា៣១ នៃច្បាប់រដ្ឋធម្មនុញ្ញក្នុងវាក្យខណ្ឌទី២ បានចែងថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ឬស្ថានភាពឯទៀតឡើយ។
មន្ត្រីអង្គការសង្គមស៊ីវិលសង្កត់ធ្ងន់ថា ដើម្បីឲ្យច្បាប់ស្ដីពីការគ្រប់គ្រងអង្គការជាតិ អន្តរជាតិ និងច្បាប់គ្រប់គ្រងសហជីពមានតម្លាភាពមែននោះ រដ្ឋាភិបាលត្រូវតែធ្វើវេទិកាសាធារណៈ ដោយមានការចូលរួមពីប្រជាជន និងអង្គការសង្គមស៊ីវិល និងសហជីព បើពុំនោះទេ ការចេញច្បាប់នេះ គឺដើម្បីបង្កើនអំណាចគណបក្សកាន់អំណាចតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
