ស្របពេលដែលច្បាប់ចរាចរណ៍ ដែលបន្ថែមទោសទណ្ឌអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដោយឥទ្ធិពលគ្រឿងស្រវឹងនៅមិនទាន់ដាក់អោយអនុវត្តនៅឡើយ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលធ្វើការងារពាក់ព័ន្ធនឹងសុខភាព និងផលប៉ះពាល់នៃគ្រឿងស្រវឹង អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ជំរុញការបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង និងអនុវត្តច្បាប់វិសោធនកម្មច្បាប់ចរាចរណ៍អោយបានឆាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត គង់ មុំ មានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ក្នុងវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានពីសុវត្ថិភាពចរាចរណ៍ និងការបើកបរពេលស្រវឹងថា យុវជនកម្ពុជា កាន់តែច្រើនឡើងបានប្រើប្រាស់គ្រឿងស្រវឹង ចំណែកគ្រោះថ្នាក់ចរាចរណ៍បង្កដោយក្រុមនេះក៏កើនឡើង។ លោកបន្តថា ការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ គឺជាតម្រូវការចាំបាច់ ប្រសិនបើរដ្ឋាភិបាលប្រាថ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
«សំឡេង»
ទាក់ទងនឹងការគ្រប់គ្រងគ្រឿងស្រវឹង និងផ្សព្វផ្សាយគ្រឿងស្រវឹង រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ ធ្លាប់បានព្រមានថានឹងចាត់វិធានការដកអាជ្ញាប័ណ្ណរបស់ស្ថានីយវិទ្យុ ឬទូរទស្សន៍ ដែលបន្តផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដោយការបំផ្លើសព័ត៌មាន ឬថាធ្វើអោយសុខភាពមានសុខភាពល្អជាដើម។ យ៉ាងណា លោករដ្ឋមន្ត្រីក៏ធ្លាប់បានបញ្ជាក់ថា ប្រសិនបើមានច្បាប់ដែលកំហិតការផ្សព្វផ្សាយគ្រឿងស្រវឹង ខាងលោកនឹងអនុវត្តតាម។ ប៉ុន្តែបញ្ហាចម្បង គឺពុំទាន់មានច្បាប់។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលគិតដល់ការកើនឡើងនូវសេដ្ឋកិច្ចជាតិ គឺត្រូវរឹតបន្តឹងការប្រើប្រាស់គ្រឿងស្រវឹង។
«សំឡេង»
របាយការណ៍ស្រាវជ្រាវស្ដីពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១១ បានអោយដឹងថា មានមនុស្ស ២ពាន់នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង។ ក្រៅពីផលប៉ះពាល់ក្នុងពេលបើកបរគ្រឿងស្រវឹង ក៏នឹងធ្វើអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ជាញឹកញាប់ គឺជំងឺថ្លើម សម្ពាធឈាមឡើងខ្ពស់ ទឹកនោមផ្អែម និងមហារីក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។