មន្ត្រី​ពន្ធនាគារ​ថា​មិនទាន់​មាន​ការ​លើកលែង​ទោស​ទណ្ឌិត​នៅ​ក្នុង​រដូវ​ចូលឆ្នាំ

អ្នកទោស​ដែល​រដ្ឋាភិបាល​គ្រោង​ស្នើ​ទៅ​ព្រះមហាក្សត្រ​សុំ​ការ​លើកលែងនិង​បន្ធូរបន្ថយ​ទោស​នៅ​ក្នុង​រដូវ​ចូល​ឆ្នាំ​ថ្មីរហូត​មក​ទល់​ពេល​នេះអ្នកទោស​ទាំងនោះ​មិន​ទាន់​ត្រូវ​បាន​ដោះលែង ឬ​ទទួល​ការ​បន្ធូរបន្ថយ​ទោស​នៅ​ឡើយ។

អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារនៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា ឲ្យ​វិទ្យុអាស៊ីសេរី​ដឹង​នៅថ្ងៃទី១៥ មេសា ថា បញ្ជី​ឈ្មោះ​អ្នកទោស​ដែល​ត្រូវ​លើកលែងនិង​បន្ធូរបន្ថយ​ទោស​ត្រូវ​បាន​គេ​បញ្ជូន​មក​ហើយប៉ុន្តែ​ខាង​គណៈកម្មការ​ជាតិ​ត្រូវ​ការ​ពេលវេលា​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ត្រឹមត្រូវមុន​នឹង​សម្រេច​ស្នើ​ឲ្យ​មាន​ការ​លើកលែងនិង​បន្ធូរបន្ថយ​ទោស៖ «ពេល​វេលា​ឆ្នាំ​នេះ វា​មិន​អំណោយ​ផល យើង​ត្រូវ​ការ​ពិនិត្យ​ពិច័យ​ច្រើន​ណាស់ គឺ​ខុស​ពី​ឆ្នាំ​មុនៗ យើង​យក​ចិត្ត​ដាក់​ជាងមុន »

ជាទូទៅ​ព្រះមហាក្សត្រ​ធ្វើ​ការ​លើកលែងនិង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ក្នុង​១ឆ្នាំ​ចំនួន​៣ដងគឺ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំបុណ្យ​វិសាខបូជានិង​បុណ្យអុំទូក។ទណ្ឌិត​ដែល​អនុវត្ត​ទោស​បាន​២ភាគ​៣​នៃ​ទោស​សរុប អាច​ទទួល​បាន​ការ​លើកលែង​ទោសខណៈ​ទណ្ឌិត​អនុវត្ត​ទោស​បាន​១ភាគ​៣​នៃ​ទោស​សរុប អាច​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោសប្រសិន​បើ​គេ​រក​ឃើញ​ថា ទណ្ឌិត ទាំងនោះ​បាន​កែ​ខ្លួន​ពេល​នៅ​ក្នុង​ពន្ធនាគារ។

កម្ពុជា​មាន​ពន្ធនាគារ​ទាំងអស់​ចំនួន​២៧និង​មាន​អ្នក​កំពុង​ជាប់​ឃុំ​ជិត​១ម៉ឺន ៨ពាន់​នាក់ ប៉ុន្តែ ក្នុង​ចំណោម​នោះមាន​អ្នក​ជាប់​ឃុំ​ប្រហែល​៣០ភាគរយឬ​ស្មើ​ប្រមាណ៥៤០០ នៃ​អ្នក​ជាប់​ឃុំ សរុប ដែល​ទទួល​បាន​សាលក្រម​ស្ថាពរ​ពី​តុលាការ។

លោក នុត សវនា ឲ្យដឹង​ថាទណ្ឌិត​ដែល​រដ្ឋាភិបាល​គ្រោង​ស្នើ​ឲ្យ​លើក​លែង និង​បន្ធូរបន្ថយទោស​នៅ​ពេល​នេះអាច​មាន​ពី​៧​រយ ទៅ៨រយនាក់។

ទោះជាយ៉ាងណា សង្គម​ស៊ីវិល​រក​ឃើញ​ថាមាន​ការ​ប្រព្រឹត្ត​អំពើពុករលួយនិង​បក្ស​ពួក​និយមក្នុង​ការ​បញ្ជូន​ឈ្មោះ​ទណ្ឌិត​ដើម្បី​លើកលែងនិង​បន្ធូរបន្ថយ​ទោស​ក្នុង​ពេល​កន្លង​មក។សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​យុត្តិធម៌និង​តម្លាភាព​ក្នុង​ការ​លើកលែងនិង​បន្ធូរបន្ថយ​ទោស​ម្ដង​ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។