សកម្មជនគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ការចាប់ខ្លួនរបស់នគរបាលយុត្តិធម៌ប្រឆាំងនឹងសកម្មភាពគាំទ្រគោលនយោបាយរបស់គណបក្សជំទាស់នេះ ធ្វើឡើងក្រោមហេតុផលនយោបាយ និងបំភ្លៃបទចោទ ដើម្បីផ្ដន្ទាទោស ក្នុងន័យគំរាមកំហែងប៉ុណ្ណោះ។
ពលរដ្ឋរងគ្រោះនៅឃុំដងទង់ ខេត្តកំពត លោក កែវ រ៉ៃ ឲ្យដឹងក្រោយចេញពីពន្ធនាគារ កាលពីព្រលប់ថ្ងៃទី១៣ សីហា ថា ការចោទប្រកាន់ និងឈានដល់ការចាប់ខ្លួននេះ លោកគិតថា គឺជាការបំបាក់ស្មារតីអ្នកគាំទ្របក្សប្រឆាំង។
ក៏ប៉ុន្តែ លោកបញ្ជាក់ថា ទោះជាមានករណីបែបនេះក៏ដោយ នឹងមិនធ្វើឲ្យសកម្មជននៅតាមសហគមន៍រាថយនោះឡើយ។ លោកបន្តថា ចំណែកអ្នកកំពុងជាប់ឃុំនៅពន្ធនាគារចំនួន ៦នាក់ផ្សេងទៀត បានបញ្ជាក់ដូចៗគ្នាថា ពួកគេនឹងមិនបោះបង់ជំហរចំពោះការគាំទ្របក្សសង្គ្រោះជាតិ នេះដែរ។ លោក រ៉ៃ និយាយថា ផ្ទុយទៅវិញ មធ្យោបាយនេះរឹតបន្តលើកទឹកចិត្តលោកបន្ថែមទៀតឲ្យគាំទ្របក្សប្រឆាំង។
ការចាប់ខ្លួននេះ ធ្វើឡើងនៅម៉ោងប្រមាណ ៨យប់ កាលពីថ្ងៃទី២៨ កក្កដា នៅឃុំដងទង់ បន្ទាប់ពីរាប់សន្លឹកឆ្នោត និងបិទការិយាល័យបោះឆ្នោតរួច។ លោក កែវ រ៉ៃ និយាយថា មានមនុស្ស ៣នាក់ ជាមន្ត្រីនគរបាលយុត្តិធម៌ ជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ និងជាដើមបណ្ដឹង។ ក្នុងនោះមានឈ្មោះ លោក ប៊ី ភេ ប្រធានផ្នែកសណ្ដាប់ធ្នាប់ លោក អៀម សាវុន និង លោក កែវ ជា មន្ត្រីសណ្ដាប់ធ្នាប់ប្រចាំស្រុកដងទង់។ លោក រ៉ៃ ទម្លាយឲ្យដឹងថា លោកត្រូវបានមន្ត្រីនគរបាលធ្វើទារុណកម្មធ្ងន់ធ្ងរ ក្រោយពីត្រូវចាប់ខ្លួនរួច។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានភ្លាមៗទេពីមន្ត្រីនគរបាលយុត្តិធម៌ ដែលរងការចោទប្រកាន់នៅថ្ងៃទី១៤ សីហា។
ប្រតិកម្មនឹងបទចោទដែលរកឃើញថា ជេរប្រមាថជាសាធារណៈ និងគំរាមកំហែងថានឹងសម្លាប់មន្ត្រីនគរបាលយុត្តិធម៌នៅពេលនោះ ត្រូវបាន លោក កែវ រ៉ៃ ចាត់ទុកថា មានភាពអយុត្តិធម៌។ លោក រ៉ៃ និយាយថា ព្រោះលោក និងប្រជាពលរដ្ឋ ៣នាក់ផ្សេងទៀត បានទទួលទានស្រា និងស្រែកអបអរពីជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិ នៅឃុំដងទង់ លើគណបក្សប្រជាជនកម្ពុជា ដែលពុំធ្លាប់មានប៉ុណ្ណោះ។
ការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ ធ្វើឡើងក្រោយពីមានលិខិតស្នើសុំពីមេធាវីរបស់សមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពត ដែលការពារក្ដីឲ្យ លោក កែវ រ៉ៃ។
ចំណែកលិខិតដោះលែងចុះថ្ងៃទី១៣ សីហា របស់ប្រធានពន្ធនាគារស្ដីទីនៃខេត្តកំពត លោក អែម បូរ ដែលអនុវត្តតាមដីកាបង្គាប់របស់សាលាដំបូងខេត្តមួយនេះ ឲ្យដឹងថា ដោយរកឃើញថា លោក រ៉ៃ មានអត្តចរិតល្អ និងស្ដាប់តាមការណែនាំរបស់មន្ត្រីពន្ធនាគារ ទើបអនុញ្ញាតឲ្យ លោក កែវ រ៉ៃ បានទៅរួមរស់ជាមួយក្រុមគ្រួសារវិញជាបណ្ដោះអាសន្ន។
ចំណែកអ្នកស្រាវជ្រាវរបស់អង្គការលីកាដូ (Licadho) ប្រចាំតំបន់ លោក យន់ ផល្លី និយាយថា ការចាប់ខ្លួន លោក កែវ រ៉ៃ នេះ ធ្វើឡើងហាក់មានភាពលម្អៀង និងពុំបានបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ មុននឹងត្រូវចាប់ខ្លួននោះទេ។
របាយការណ៍របស់អង្គការលីកាដូ ឲ្យដឹងថា យ៉ាងហោចណាស់មានសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ៦នាក់ផ្សេងទៀត មកពីតំបន់ខុសៗគ្នា កំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
