ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​ត្រូវ​សភា​អនុម័ត​ជា​ផ្លូវ​ការ

សមាជិក​សភា​ដែល​ភាគ​ច្រើន​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​ច្បាប់​ប្រឆាំង​ជន​ណា​ដែល​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សេចក្ដី​ស្នើ​ច្បាប់​ដែល​មាន ៥​មាត្រា​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​ក្នុង​រយៈពេល ២​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ស្នើ​ច្បាប់​នេះ​ឡើង។

0:00 / 0:00

ច្បាប់​នេះ​បង្កើត​ឡើង​ទំនង​ជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​គណបក្ស​ប្រឆាំង ដែល​តែង​តែ​រិះគន់​ឥត​សំចៃ​មាត់​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន ដោយ​ភ្ជាប់​ទៅ​នឹង​របប​ខ្មែរ​ក្រហម។

ច្បាប់​ថ្មី​ដែល​មាន ៥​មាត្រា ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ការ​សម្លាប់​មនុស្ស និង​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​ស្នើ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​សភា​អនុម័ត​ជា​ផ្លូវ​ការ​ហើយ ដែល​មាន​សំឡេង​គាំទ្រ ៨៦ លើ ៨៦ ដោយ​ពុំ​មាន​ឧបសគ្គ​អ្វី​ឡើយ និង​ពុំ​មាន​សមាជិក​ណា​ម្នាក់​របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ដើម្បី​ពិគ្រោះ​យោបល់​ទេ។

ច្បាប់​ស្ដីពី​ការ​ប្រឆាំង​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​ត្រា​២ ចែង​ថា រាល់​ការ​មិន​ទទួល​ស្គាល់ ឬ​ការ​សម្រាល ឬ​ការ​បដិសេធ ឬ​ការ​ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម ឬ​ការ​លើក​តម្កើង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​ផ្ដន្ទាទោស​ជន​នោះ​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល។ បទ​មិន​ទទួល​ស្គាល់​ជា​សាធារណៈ​នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ទោះ​តាម​មធ្យោបាយ​ណា​មួយ​ក៏ដោយ ដូច​ជា​តាម​រូបភាព​សម្ដី តាម​លិខិត ឬ​គំនូរ និង​តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍ សោតទស្សន៍​សម្រាប់​សាធារណជន។

លោក ជាម យៀប អ្នក​ស្នើ​ច្បាប់​ក្នុង​ចំណោម​សមាជិក​សភា ៦​រូប​ផ្សេង​ទៀត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ព្រមាន​ថា ប្រសិន​បើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឬ​បុគ្គល​ណា​មួយ​ដែល​ហាន​រិះគន់ ក្រោយ​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន​ក្នុង​រឿង​ថា​មិន​មាន​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ពួក​គេ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ដោយ​ចៀស​មិន​ផុត​ឡើយ៖ «ទន្ទឹម​នឹង​ខ្លឹមសារ​នៃ​សេចក្ដី​ស្នើ​ច្បាប់ ក៏​មាន​ន័យ​ដើម្បី​បញ្ជាក់​នូវ​ការ​ពិត អប់រំ​ណែនាំ និង​មាន​វិធាន​ការ ព្រម​ទាំង​ដាក់​ទោស​ទណ្ឌ​ចំពោះ​ពលរដ្ឋ​គ្រប់​រូប​ដែល​មិន​ព្រម​ទទួល​ស្គាល់​នូវ​ឧក្រិដ្ឋកម្ម​នៃ​របប ប៉ុល ពត»

កាល​ពី​ថ្ងៃ​ទី២៨ ឧសភា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​គាំទ្រ​ឲ្យ​មាន​ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ថា​មាន​របប​ប្រល័យ​ពូជ​សាសន៍​ដែរ និង​ប្រឆាំង​មិន​ឲ្យ​មាន​មន្ត្រី​សំខាន់​ក្នុង​របប​ខ្មែរ​ក្រហម មក​កាន់​តំណែង​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល។ ការ​បញ្ជាក់​នូវ​ជំហរ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​លោក ហ៊ុន សែន ទាមទារ​ឲ្យ​សមាជិក​សភា​ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​របស់​លោក តាក់​តែង​ច្បាប់​នេះ​ឡើង​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី២៧ ឧសភា។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ ដោយ​ចាត់​ទុក​ថា សភា​បច្ចុប្បន្ន​អ​ធម្មនុញ្ញ​ភាព ព្រោះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ពុធ សម្រេច​មិន​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ទាំង​ពីរ ចំនួន ២៨​រូប បាន​ចូលរួម​ពិភាក្សា​អំពី​ការ​តាក់​តែង​ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ និង​បាន​បង្កក​ប្រាក់​ខែ​ពួក​គេ​ថែម​ទៀត ព្រោះ​តែ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

សម័យ​ប្រជុំ​វិសាមញ្ញ នីតិកាល​ទី៤ ដែល​ប្រើ​រយៈពេល​ជិត ៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី៧ មិថុនា ការ​អនុម័ត​ច្បាប់​ថ្មី​នេះ​ដែល​ភាគ​ច្រើន​ជា​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ការ​ពិភាក្សា​ដេញដោល ឬ​ពិគ្រោះ​យោបល់​អ្វី​ឡើយ ក្រៅ​ពី​ការ​លើក​ដៃ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​នេះ៖ «សូម​គោរព​រាយការណ៍​ជូន​សម្ដេច​ប្រធាន វត្តមាន​សមាជិក​សមាជិកា​រដ្ឋសភា​នៅ​ពេល​នេះ មាន​ចំនួន ៨៦​រូប។ អង្គ​សភា​អនុម័ត​ទទួល​ពិចារណា​លើ​ខ្លឹមសារ​ទាំង​មូល​នៃ​សេចក្ដី​ស្នើ​ច្បាប់​នេះ មាន​ចំនួន ៨៦ លើ ៨៦»

លោក សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ពន្យល់​ថា ក្នុង​ករណី​សមាជិក​សភា​មក​ពី​គណបក្ស​នយោបាយ​ណា​មួយ ត្រូវ​បាន​គេ​បញ្ឈប់ ឬ​ដើរ​ចេញ​ពី​សភា ព្រោះ​ហេតុផល​អ្វី​មួយ មិន​គ្រប់​ចំនួន​នៃ​អាសនៈ​នៅ​ក្នុង​សភា​នោះ បាន​ន័យ​ថា ច្បាប់​ដែល​អនុម័ត​នោះ​នឹង​ក្លាយ​ជា​អធម្មនុញ្ញ​ភាព ឬ​ភាព​មិន​ស្រប​ច្បាប់ ឬ​ថា​ពុំ​មាន​វិសាលភាព​ក្នុង​ការ​គ្រប​ដណ្ដប់​ចំពោះ​ការ​អនុវត្ត និង​ពុំ​មាន​ឥទ្ធិពល​អ្វី​ឡើយ។ ប៉ុន្តែ ថា​បើ​សមាជិក​នៃ​គណបក្ស​នយោបាយ​ណា​មួយ​ខក​ខាន​មិន​បាន​ចូលរួម​ទៅ​វិញ គឺ​ការ​អនុម័ត​នោះ គេ​ត្រូវ​ធ្វើ​ឡើង​អាច​តាម​រូបមន្ត ៥១ បូក ១ ឬ ២ ភាគ ៣ ជាដើម។ ហើយ​ច្បាប់​នោះ​មិន​រាប់​ថា​មាន​បញ្ហា​អ្វី​នោះ​ទេ៖ «បើ​សិន​ជា​ដេញ​ចេញ អា​ហ្នឹង​វា​បញ្ហា​ប៉ះពាល់​ដល់​កូរ៉ុម ១២០ ជា​រដ្ឋសភា យល់​នៅ។ តែ​បើ​សិន​ពួក​ហ្នឹង ដូច​ថា​សម្រេច​ដេញ​ចេញ មាន​ន័យ​ថា តំណាង​រាស្ត្រ​លែង​មាន ១២០​នាក់​ទៀត​ទេ។ អា​ហ្នឹង​អត់​មាន​បញ្ហា​ទៀត​ទេ អា​នេះ​ស៊ី​សង​នៅ​លើ​កូរ៉ុម​វិញ​អ្ហា»

ទោះ​ជា​បែប​ណា គេ​គិត​ថា សភា​ហាក់​ប្រញាប់ប្រញាល់​បំផុត​ក្នុង​ការ​ពន្លឿន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​ចេញ​ជា​រូប​រាង​ឡើង។ ទន្ទឹម​នឹង​សេចក្ដី​ស្នើ​ច្បាប់​ផ្សេង​ទៀត ដែល​គេ​គិត​ថា​ចាំបាច់​នោះ តែ​ត្រូវ​យឺតយ៉ាវ​ទៅ​វិញ ដូច​ជា ច្បាប់​លក្ខន្តិកៈ​នៃ​ចៅក្រម និង​វិសោធនកម្ម​នៃ​ច្បាប់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។