ប្រជាពលរដ្ឋដែលបានដាក់បណ្ដឹងពីបញ្ហាទំនាស់ និងជម្លោះផ្សេងៗ បានត្អូញត្អែរពីភាពយឺតយ៉ាវរបស់តុលាការខេត្តកោះកុង ក្នុងការលើកយកសំណុំរឿងក្តីរបស់ពួកគាត់យកមកជំនុំជម្រះ។
ប្រជាពលរដ្ឋមួយចំនួនបាននិយាយថា ការពន្យារពេលរបស់តុលាការនេះ ធ្វើឱ្យពួកគាត់អស់សង្ឃឹមក្នុងការទទួលបានភាពយុត្តិធម៌ និងធ្វើឱ្យពួកគាត់អស់ជំនឿចិត្តលើតុលាការ។ លើសពីនេះ ការទុកសំណុំរឿងក្តីមិនយកមកចាត់ការនេះ ក៏ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ព្រោះពួកគាត់មិនអាចធ្វើដំណើរទៅរកស៊ីនៅទីឆ្ងាយបាននោះ ដោយត្រូវអង្គុយរង់ចាំដីកាកោះហៅពីតុលាការ។ ពួកគាត់ពន្យល់ថា ប្រសិនបើពួកគាត់ខកខានមិនបានចូលបំភ្លឺឱ្យទាន់ពេលតាមការកោះហៅរបស់តុលាការនោះទេ តុលាការនឹងផាកពិន័យ ឬពន្លត់បណ្ដឹងពួកគាត់ចោលតែម្តង។
ប្រជាពលរដ្ឋដាក់ពាក្យប្ដឹងនៅតុលាការខេត្ត លោក គង់ ប៊ុនធឿន និងលោក ប៉ោ ឌឿន បាននិយាយថា លោករង់ចាំ និងចូលបំភ្លឺតុលាការ បើទោះជាលោកដឹងថាមិនមានសង្ឃឹមឈ្នះក៏ដោយ ដោយលោកបានបញ្ជាក់ប្រាប់ថា អ្នកដែលវាយធ្វើបាបពួកគាត់ សុទ្ធតែជាអ្នកមានអំណាច និងមានលុយ។
លោក គង់ ប៊ុនធឿន ដែលបានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី២៩ ខែមករា នោះ និយាយថា នៅពេលនេះពាក្យបណ្ដឹងរបស់គាត់មានភាពស្ងប់ស្ងាត់ មិនទាន់ឮដីកាកោះហៅណាមួយពីតុលាការ ឱ្យទៅចូលសវនាការនោះទេ ដោយលោកយល់ថា អ្នកកាន់សំណុំរឿងក្តីនេះហាក់ដូចជាមិនចង់រកយុត្តិធម៌ឲ្យខ្លួនគាត់បន្តិចសោះឡើយ។ លោកបានប្ដឹងលោក ឈុំ សិលា អធិការរងនគរបាលស្រុកថ្មបាំង ដោយអះអាងថា លោក សិលា បានវាយធ្វើបាបគាត់ ដែលជាប្រជាជនទន់ខ្សោយ។
លោក គង់ ប៊ុនធឿន៖ «សូមបំភ្លឺខ្ញុំឱ្យឃើញ និងការជាក់ស្តែង បំភ្លឺខ្ញុំជាប្រជាពលរដ្ឋឱ្យឃើញថា បងនេះឯងនេះខូច ខ្ញុំខូចត្រង់ណា អ៊ីចឹងខ្ញុំឱ្យអស់ក្នុងតុលាការ។ ខ្ញុំសំណូមពរឱ្យលោកតុលាការឱ្យបានទល់មាត់គ្នាទៅ សូមទល់មាត់គ្នា មើលខ្ញុំខុសឱ្យឃើញខុស។ ខ្ញុំមិនចង់បានលុយកាក់ទេ ប៉ុន្តែច្បាប់បម្រើប្រជាពលរដ្ឋដោយវិធីណា»។
បុរសម្នាក់ទៀតឈ្មោះ ប៉ោ ឌឿន ក៏បានត្អូញត្អែរថា នៅពេលនេះពាក្យបណ្ដឹងរបស់គាត់មានភាពស្ងប់ស្ងាត់ដដែល បន្ទាប់ពីបានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី១១ ខែកុម្ភៈ ដោយអះអាងថា លោកបានរងការវាយតប់ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថខេត្តម្នាក់ឈ្មោះ សុខ គឹមឡុង ហៅ ឡូ ព្រោះតែរឿងលេងបាល់ទះជាមួយគ្នា។
លោក ប៉ោ ឌឿន៖ «ចង់ឱ្យគាត់ដោះស្រាយបញ្ហាហ្នឹងឆាប់ៗ ឱ្យបានឃើញថា អ្នកណាខុសអ្នកណាត្រូវ។ សំណូមពរឱ្យបានស្របច្បាប់ ឱ្យកាត់ក្តីរឿងខ្ញុំដែលអ្នកទាំងពីរ អ្នកណាខុស អ្នកណាត្រូវ ក្នុងរឿងដែលកើតឡើងហ្នឹង ឱ្យបានឆាប់ៗ។ ខ្ញុំគិតថា ខ្ញុំមិនអាចនឹងឈ្នះគេទេ ព្រោះនរណាក៏គេស្គាល់លោក ឡូ ដែរ ព្រោះអីគាត់ជាអ្នកមាននៅក្នុងខេត្តកោះកុង គ្មាននរណាមានជាងគាត់ទេ។ ប្រហែលជាគាត់ធ្វើអ្វីម្យ៉ាងហើយមើលទៅ បានជាពួកខ្ញុំស្ងាត់អ៊ីចឹង»។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត ដែលកំពុងឃ្លាំមើលករណីនេះ យល់ថា ការពន្យារពេលរបស់តុលាការនេះជាការរំលោភសិទ្ធិមនុស្ស និងប៉ះពាល់ដល់សិទ្ធិជនរងគ្រោះ។ លោកបន្តថា ករណីទាំងពីរខាងលើជាបទល្មើសជាក់ស្តែង ស្របតាមមាត្រា៩៧ នៃក្រមព្រហ្មទណ្ឌ។ ហេតុនេះ តុលាការអាចបើកជំនុំជម្រះបានភ្លាមៗ ដោយមិនចាំបាច់ប្រើពេលវេលាយូរ ដើម្បីស៊ើបអង្កេតនោះទេ។
លោកថា នៅខេត្តកោះកុង មិនសូវមានរឿងក្តីច្រើនទេ ហេតុអ្វីតុលាការខេត្តកោះកុង មិនទាន់លើកយកសំណុំរឿងនេះមកដោះស្រាយទៀត៖ «ការដែលពន្យារពេលយ៉ាងយូរដូចនេះ ធ្វើឱ្យជនរងគ្រោះគាត់អស់ជំនឿលើប្រព័ន្ធតុលាការ ហើយនេះជាការរំលោភសិទ្ធិមនុស្សដែរ ប្រសិនបើចេះតែអូសបន្លាយពេលយូរ ព្រោះការរំលោភសិទ្ធិមនុស្ស គឺសំដៅលើការមិនអនុវត្តលើតួនាទី វាជាការអូសបន្លាយធ្ងន់ធ្ងរដែរ ពីព្រោះអ្នករងគ្រោះទាំងនោះ គឺរងគ្រោះដោយបទល្មើសជាក់ស្តែង ហើយអូសបន្លាយយូរអ៊ីចឹង វាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌»។
លោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី ដែលត្រូវបានដឹងថា ជាអ្នកទទួលបន្ទុកកាន់រឿងក្តីនេះ មិនអាចសុំការបកស្រាយបានទេ ដោយទូរស័ព្ទមិនចូល ចំណែកលោកប្រធានព្រះរាជអាជ្ញាតុលាការខេត្តកោះកុង តុក ឈុនហេង ក៏មិនអាចសុំការបំភ្លឺបានដែរ ដោយលោកលើកទូរស័ព្ទហើយតែមិននិយាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
