រដ្ឋាភិបាលនៅថ្ងៃទី៤ ខែមីនា សម្រេចអនុម័តសេចក្តីព្រាងគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។
សេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា គោលនយោបាយជាតិប្រជាជនត្រូវបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ២០០៣។ សេចក្ដីព្រាងថ្មីនេះ ត្រូវបានរៀបចំឡើងដោយទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ឲ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និងការពន្យារកំណើត ហើយឲ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយដើម្បីធ្វើការសម្រេចចិត្ត។
សេចក្ដីព្រាងនេះ ក៏បង្ហាញពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថានភាពប្រជាសាស្ត្រ វិភាគអំពីផលវិបាកចម្បងៗផ្នែកប្រជាសាស្ត្រមកលើការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងកំណត់នូវការតម្រង់ទិសមួយចំនួនដែលមានលក្ខណៈ គោលនយោបាយ និងកម្មវិធី។
គោលនយោបាយជាតិប្រជាជន ក៏ផ្ដោតការយកចិត្តទុកដាក់លើចំណងទាក់ទងរវាងបម្រែបម្រួលប្រជាសាស្ត្រ និងការធ្វើផែនការអភិវឌ្ឍន៍ ដោយផ្ដោតលើវិស័យអាទិភាព៤ គឺការអភិវឌ្ឍ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងទេសន្តរប្រវេសក៍ និងនគរូបនីយកម្ម ការពង្រីកវិស័យកសិកម្ម ព្រមទាំងការវិនិយោគលើវិស័យសង្គមកិច្ច និងការអភិវឌ្ឍធនធានមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
