សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងទណ្ឌិតដែលគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ឲ្យមានសេរីភាពវិញ។
លោក ផង់ សីហា ដែលទើបចេញពីពន្ធនាគារនៅល្ងាចថ្ងៃទី១១ ខែមីនា ថ្លែងថា ទោះជាគាត់បានទទួលការដោះលែងនៅពេលនេះក្តី ប៉ុន្តែលោកយល់ថា តុលាការបានកាត់ទោសលោកដោយអយុត្តិធម៌ពេលកន្លងមក។
លោក ផង់ សីហា៖ «វាជារឿងធម្មតាពេលដែលយើងមានសេរីភាពនិយាយទៅវាមានអារម្មណ៍រីករាយដែរ។ គិតទៅមានអយុត្តិធម៌ដែរ ព្រោះកន្លងមកយើងឃើញហើយ មាន ៤ករណីកន្លងមកហើយការគំរាមតាមហ្វេសប៊ុកហ្នឹង ឃើញថា អ្នកខ្លះតុលាការមិនត្រូវបានកោះហៅនោះទេ អ្នកខ្លះត្រូវបានតុលាការដោះលែងបន្ទាប់ពីការកោះហៅនោះ អ្នកខ្លះទៀតតុលាការព្យួរទោសស្ទើរតែទាំងអស់ ហេតុអីខុសប្លែកតែខ្ញុំ? ខ្ញុំជាប់មុនគេហើយយូរជាងគេ ហើយត្រង់ហ្នឹងហើយបង្ហាញឲ្យឃើញថា ការអនុវត្តច្បាប់មិនស្មើភាពគ្នា»។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក ផង់ សីហា អាយុ ២៦ឆ្នាំ ពីបទគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ប្រធានក្រុមការងារស្រាវជ្រាវកិច្ចការព្រំដែន ឲ្យជាប់ពន្ធនាគារ ១៨ខែ ប៉ុន្តែអនុវត្តទោស ៦ខែ និងពិន័យជាប្រាក់ ១លានរៀល បង់ចូលថវិការដ្ឋពីបទសរសេរគំរាមសម្លាប់ ដោយចោទប្រកាន់ថា លោកបណ្ឌិត សុខ ទូច លក់ក្បាលឲ្យវៀតណាម ក្នុងរឿងព្រំដែន ដោយបង្ហោះតាមហ្វេសប៊ុក កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។