មេធាវីការពារក្ដីរបស់លោក កឹម សុខា ហៅដីកាកោះឲ្យកូនក្ដីលោកឡើងបំភ្លឺនៅចុងសប្ដាហ៍ខាងមុខនេះរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលចេញដោយព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ ថាជាដីកាធ្វើឡើងយ៉ាងតក់ក្រហល់ដែលពុំធ្លាប់មាន ហើយថាចំណាត់ការនេះធ្វើឡើងក្នុងន័យដើម្បីចង់បញ្ចប់ជីវិតនយោបាយកូនក្ដីរបស់ខ្លួន មុនពេលបោះឆ្នោតជាតិត្រូវចាប់ផ្ដើមឡើងប៉ុណ្ណោះ។
លោក ជួង ជូងី ជាមេធាវីការពារក្ដីរបស់លោក កឹម សុខា មានប្រសាសន៍នៅរសៀលថ្ងៃទី២ កក្កដា ថា ក្នុងអាជីពជាមេធាវីលោកគិតថា ដីកាកោះរបស់លោក មាស ច័ន្ធពិសិដ្ឋ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញនេះ ថាគឺជាដីកាដែលធ្វើឡើងដោយប្រញាប់ប្រញាល់ពុំធ្លាប់មានពីមុនក្នុងក្របខ័ណ្ឌនៃប្រព័ន្ធយុត្តិធម៌។ លោកអត្ថាធិប្បាយថា ជាទូទៅ នីតិវិធីនៃការកោះហៅអនុវត្តយ៉ាងហោចណាស់ក្នុងរយៈពេល ២សប្ដាហ៍យ៉ាងឆាប់។ ក៏ប៉ុន្តែ ថាសម្រាប់ករណីមួយនេះ សាលាដំបូងរាជធានីភ្នំពេញបានចេញភ្លាមៗក្នុងរយៈពេល ១សប្ដាហ៍ បន្ទាប់ពីលោកបានដាក់សំណើសុំពន្យារពេលម្ដងរួចមកហើយ កាលពីថ្ងៃទី២៧ មិថុនា ក្នុងពេលកន្លងទៅថ្មីៗនេះ។
លោក ជួង ជូងី៖ «ក្នុងការកោះលើកទីមួយ គឺថ្ងៃ២៧ ហើយដោយសារខ្ញុំរវល់ ខ្ញុំសុំពន្យារ។ ដល់ពេលបានត្រឹម ៧ថ្ងៃ ស្រាប់តែកោះហៅភ្លាមតែម្ដង។ ហើយរឿងក្តីជាទូទៅ តុលាការអត់ដែលចាត់ការលឿនអ៊ីចឹងទេ។ ដល់ពេលអ៊ីចឹងទៅ រឿងក្តីនេះតុលាការចាត់ការលឿនតក់ក្រហល់តែម្ដង។ ហើយមួយទៀតក្នុងការចេញដីកាកោះនេះ ក្នុងរយៈពេលខ្លីបំផុតហើយ ពីព្រោះធម្មតាតុលាការអត់ដែលចេញរយៈពេលមួយសប្ដាហ៍»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំការបំភ្លឺបានទេ ជុំវិញបញ្ហានេះ ដោយទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកទទួល។
យ៉ាងណាក៏ដោយ អនុប្រធានទំនាក់ទំនងសាធារណៈគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉ូណា ទម្លាយឲ្យដឹងថា ដីកាកោះក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍របស់លោក ជុំ ម៉ី នេះ ត្រូវបានគេបញ្ជូនមកដល់ទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ រួចហើយនៅព្រឹកថ្ងៃទី២ កក្កដា ដើម្បីឲ្យលោក កឹម សុខា ចូលបំភ្លឺនៅថ្ងៃទី៥ កក្កដា ខាងមុខ។
ក៏ប៉ុន្តែ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សប្រឆាំងមួយនេះនឹងមិនចាប់អារម្មណ៍ឡើយចំពោះដីកាកោះនេះ។ លោកគិតថា អ្វីដែលបានរៀបចំឡើងនេះ វត្ថុបំណងដើម្បីចង់រារាំងជីវិតនយោបាយថ្នាក់ដឹកនាំរបស់បក្សប្រឆាំងប៉ុណ្ណោះ៖ «ខ្ញុំអត់មានចាប់អារម្មណ៍អីរឿងហ្នឹងអីទាំងអស់ហ្នឹងទេ ពីព្រោះរឿងបញ្ហាជាតិដែលយើងត្រូវដោះស្រាយចំពោះមុខ បញ្ហាទឹកដី បញ្ហាក្រក្រី បញ្ហាបំផ្លិចបំផ្លាញធនធានធម្មជាតិ ពុករលួយ លួចទ្រព្យសម្បត្តិជាតិអីហ្នឹង សុទ្ធតែយើងដែលត្រូវដោះស្រាយ»។
លោក ហង្ស ពុទ្ធា នាយកអង្គការនិចហ្វិក (NICFEC) គិតថា តុលាការគួរពិចារណាលើការស្នើសុំពន្យារបាន ប្រសិនបើសំណើនោះធ្វើឡើងស្របតាមនីតិវិធីត្រឹមត្រូវ។ លោកបន្តថា ក៏ប៉ុន្តែការចូលខ្លួនបំភ្លឺរបស់មេបក្សប្រឆាំងនៅពេលនេះ អាចនឹងប៉ះពាល់ដល់ប្រជាប្រិយភាព និងការប្រព្រឹត្តទៅនៃដំណើរការនៃការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នេះថែមទៀត៖ «អ្វីដែលជាការកោះហៅក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំគិតថា អាចជះឥទ្ធិពល ២យ៉ាងបាទ! ទីមួយ ពាក់ព័ន្ធដល់ប្រជាប្រិយភាពមេគណបក្សប្រឆាំងរូបនេះ។ ហើយទីពីរ ពាក់ព័ន្ធនឹងការប៉ះពាល់ពេលវេលាក្នុងការឃោសនាបេក្ខជនរូបនេះដែរបាទ!»។
ចំណែកលោក ជួង ជូងី មេធាវីការពារក្តីរបស់លោក កឹម សុខា អះអាងថា គិតត្រឹមរសៀលថ្ងៃអង្គារ ទី២ កក្កដា លោកនៅមិនទាន់ប្រាកដថា កូនក្តីរបស់លោកអាចនឹងចូលទៅបំភ្លឺនៅតុលាការបានតាមការកំណត់ដែរឬយ៉ាងណានៅឡើយនោះទេ។ ព្រោះថា រហូតមកដល់ពេលនេះ លោកមិនទាន់ទទួលបានដីកាកោះនោះជាផ្លូវការនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។