អស់រយៈពេល ១៥ឆ្នាំមកហើយដែលឃាតកម្មបាញ់សម្លាប់តារាភាពយន្តដ៏ល្បីឈ្មោះក្នុងទសវត្សទី៩០ អ្នកស្រី ពិសិដ្ឋ ពិលីកា នៅតែជាអាថ៌កំបាំងនៅឡើយ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ឃាតកក្នុងសំណុំរឿងនេះ អាចរស់នៅក្រៅសំណាញ់ច្បាប់បានដោយសារតែកម្ពុជា មានប្រព័ន្ធយុត្តិធម៌មិនរឹងមាំ និងជាពិសេសអាជ្ញាធរមានសមត្ថកិច្ចធ្វើការក្រោមឥទ្ធិពលនយោបាយ។
សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិវិចិត្រសិល្បៈ និងជាតារាភាពយន្តដ៏ល្បី អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវបានឃាតកបាញ់សម្លាប់នៅកណ្ដាលថ្ងៃត្រង់កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៩។ អ្នកស្រីត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយសារស្ថានភាពធ្ងន់ធ្ងរ ហើយអ្នកស្រីក៏បានស្លាប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩។
ឃាតកម្មនេះមិនមែនជាសោកនាដកម្មរបស់គ្រួសារអ្នកស្រី ពិសិដ្ឋ ពិលីកា មួយគ្រួសារនោះទេ តែវាជាការសោកសង្រេងរបស់ពលរដ្ឋខ្មែរដែលស្នេហាវិស័យសិល្បៈជាច្រើនពាន់នាក់ និងជាការបាត់បង់ធនធានមនុស្សដ៏កម្រមួយរបស់កម្ពុជា។ កាលនោះអ្នកខ្លះជេរប្រទេចដាក់បណ្ដាសាឃាតក និងជំរុញឲ្យអាជ្ញាធរចាប់ឃាតកដាក់ទោសឲ្យខាងតែបាន។
ទោះយ៉ាងណាក៏ដោយ ១៥ឆ្នាំមកនេះ ឃាតកបាញ់សម្លាប់អ្នកស្រី ពិសិដ្ឋ ពិលីកា ទំនងជារស់នៅគ្រហើៗ ឬក៏ត្រូវគេបំបិទមាត់ផងក៏មិនដឹង។
ប្រធានផ្នែកបច្ចេកទេសអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការបណ្ដែតបណ្ដោយឲ្យឃាតកនៅក្រៅច្បាប់ ជាការបង្ហាញឲ្យឃើញពីកង្វះសមត្ថភាពរបស់អាជ្ញាធរមានសមត្ថកិច្ច។ ម្យ៉ាងទៀត វាក៏អាចបញ្ជាក់ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានភាពទន់ជ្រាយ និងមិនអាចឲ្យពលរដ្ឋអាចជឿទុកចិត្តបាន។ លោកបន្តថា អ្នកស្រី ពិសិដ្ឋ ពិលីកា និងជនរងគ្រោះដទៃទៀត រួមមានតារាចម្រៀង អ្នកនយោបាយ អ្នកកាសែត មន្ត្រីសហជីព ក៏សុទ្ធតែបានត្រូវសម្លាប់យ៉ាងអាណោចអាធ័ម។
លោក អំ សំអាត៖ «ទាក់ទងនឹងរឿងនយោបាយក្តី រឿងឧក្រិដ្ឋកម្មធំៗក្តី គេមិនទាន់ឃើញតុលាការបង្ហាញពីលទ្ធភាពនិងប្រសិទ្ធភាពដែលថាតុលាការអាចរកយុត្តិធម៌បានទេ នេះធ្វើឲ្យវប្បធម៌និទណ្ឌភាពចេះតែបន្តកើតមាន។ កាលណាវប្បធម៌និទណ្ឌភាពកាន់តែច្រើននោះប្រទេសយើងគ្មានទេនីតិរដ្ឋនោះ»។
លោកបន្តថា កាលពីដំបូងលោកសង្ឃឹមថា ច្បាប់ទាំងបីដែលពាក់ព័ន្ធនឹងវិស័យតុលាការនឹងអាចក្លាយជាឧបករណ៍ពង្រឹងខឿនយុត្តិធម៌នៅកម្ពុជា ប៉ុន្តែដល់ពេលសភាអនុម័តទើបដឹងថា ច្បាប់នេះគ្រាន់តែបម្រើមហិច្ឆតាអ្នកនយោបាយប៉ុណ្ណោះ។ លោកបញ្ជាក់ថា បើគ្មានការកែទម្រង់ប្រព័ន្ធយុត្តិធម៌ពិតប្រាកដទេ ព្រលឹងជនរងគ្រោះដោយការប្រហារជីវិតនៅក្រៅច្បាប់នោះពិតជាបិទភ្នែកមិនជិតនោះទេ។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្ដមសេនីយ៍ផ្កាយបួន ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងជំនាញកំពុងតាមដាននិងស៊ើបអង្កេតករណីឧក្រិដ្ឋកម្មនៅនានា ដែលកើតឡើងកាលពីឆ្នាំមុនៗ មិនដែលធ្វេសប្រហែសឡើយ។ លោកបន្តថា លោកទទួលស្គាល់ថា អាជ្ញាធរពិតជាធ្វើការមិនបានល្អមែន ព្រោះថា ច្រើនឆ្នាំហើយនៅតែចាប់ឃាតកមិនបាន តែនេះគ្រាន់ជាបច្ចេកទេសអង្កេតប៉ុណ្ណោះ។
លោកបដិសេធដាច់ខាតថា គ្មានការលូកលាន់ផ្នែកនយោបាយណាមួយក្នុងដំណើរស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌លើសំណុំរឿងឧក្រិដ្ឋទេ។
ទាក់ទងនឹងសំណុំរឿងអ្នកស្រី ពិសិដ្ឋ ពិលីកា នេះ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៉ី ធ្លាប់ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវបានឃាតកសម្លាប់ដោយសារស្នេហាត្រីកោណ៖ «ខ្ញុំនឹងចោទភរិយាគាត់ ប៊ុន រ៉ានី ហ៊ុន សែន ថាជាអ្នកសម្លាប់ ពិសិដ្ឋ ពិលីកា ពីព្រោះក្រុមគ្រួសារ ពិសិដ្ឋ ពិលីកា ខ្ញុំនាំមកនៅប្រទេសបារាំង ហើយគេឲ្យឯកសារច្រើនណាស់ ខ្ញុំដឹងរឿងច្រើនណាស់»។
ទោះជាយ៉ាងណាក៏ដោយមន្ត្រីរដ្ឋាភិបាលតែងឆ្លើយតបថា ការលើកឡើងរបស់លោក សម រង្ស៉ី ជាការកេងចំណេញផ្នែកនយោបាយប៉ុណ្ណោះ។ ក្រៅពីអ្នកស្រី ពិសិដ្ឋ ពិលីកា ក៏អ្នកសិល្បៈដទៃទៀតមានជាអាទិ៍សាស្ត្រាចារ្យសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ទូច ស៊ុននិច តារាចម្រៀងកញ្ញា ពៅ បញ្ញាពេជ្រ តារាភាពយន្ត អ្នកស្រី តាត ម៉ារីណា។
ក្រៅពីសំណុំរឿងអ្នកសិល្បៈ ក៏នៅមានសំណុំរឿងសម្លាប់ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ឃាតកម្មលើប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ឃាតកម្មលើឧត្ដមសេនីយ៍ហ៊្វុនស៊ិនប៉ិច កាលឆ្នាំ១៩៩៧ និងឃាតកម្មកម្មករ និងអ្នកតវ៉ាជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
