មន្ត្រីតុលាការខេត្តព្រះវិហារ ឲ្យដឹងថា ក្រសួងមហាផ្ទៃ បានបញ្ជូនប៉ូលិសជំនាញជាច្រើនរូបទៅកាន់ខេត្តព្រះវិហារ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ដើម្បីជួយជ្រោមជ្រែងដល់កម្លាំងនគរបាលខេត្ត ឲ្យជំរុញការស៊ើបអង្កេតរកមុខជនដៃដល់ក្នុងការបាញ់សម្លាប់មន្ត្រីប៉ូលិសម្នាក់ និងមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ឲ្យឃើញពិតប្រាកដ។
ចាប់តាំងពីមានជនប្រដាប់អាវុធមិនស្គាល់មុខ បានបាញ់រះសម្លាប់ប៉ូលិសម្នាក់ និងមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ព្រមទាំងប៉ូលិសការពារព្រំដែនម្នាក់ទៀតរងរបួស កាលពីយប់ថ្ងៃទី៦ វិច្ឆិកា មក រហូតមកដល់ថ្ងៃទី៩ ខែវិច្ឆិកា ប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឃាត់ខ្លួនបុរស ៦នាក់ ដែលជាម្ចាស់ម៉ាស៊ីនអារឈើខុសច្បាប់នៅក្នុងតំបន់ព្រៃអភិរក្សនោះមកសាកសួរ។
ប៉ូលិសផ្នែកព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅតែបន្តនីតិវិធីសួរចម្លើយទៅលើបុរស ៦នាក់ ដែលជាម្ចាស់ម៉ាស៊ីនអារឈើខុសច្បាប់នៅក្នុងតំបន់ព្រៃអភិរក្សនោះ រយៈពេលជាង ២០ម៉ោងហើយរហូតមកដល់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា។ ការបន្តនីតិវិធីសួរចម្លើយទៅលើអ្នកទាំង ៦នាក់នោះ បន្ទាប់ពីប៉ូលិសសង្ស័យថា ក្នុងចំណោមអ្នកទាំងនោះអាចមានខ្លះជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់មន្ត្រីប៉ូលិសម្នាក់ និងមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ក្នុងពេលចុះល្បាតការពារព្រៃអភិរក្សនៅស្រុកជាំក្សាន្ត។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ គឺលោក លី លន់។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ថា ប៉ូលិសនៅមិនទាន់បញ្ជូនខ្លួនអ្នកទាំង ៦នាក់ រួមទាំងសំណុំរឿងឲ្យតុលាការនៅឡើយទេ គឺនៅតែបន្តការស៊ើបសួររយៈពេលជាង ២០ម៉ោងមកហើយ។ លោកព្រះរាជអាជ្ញាបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃអង្គារ នេះ ក្រសួងមហាផ្ទៃ ក៏បានបញ្ជូនមន្ត្រីជំនាញជាច្រើនរូប ឲ្យជួយស៊ើបអង្កេតរឿងនេះ ពីព្រោះវានៅមានការស្មុគស្មាញខ្លាំង៖ «ស្ថិតនៅក្នុងការឃាត់ខ្លួនបណ្ដោះអាសន្ននៅឡើយទេ ពីព្រោះដោយសាររឿងស្មុគស្មាញ ប្រហែលជាខាងស្នងការសុំពន្យារពេលឃាត់ខ្លួនមួយរយៈទៀត»។
លោកព្រះរាជអាជ្ញាដដែលបង្ហាញជំហរថា ប្រសិនបើប៉ូលិសបញ្ជូនខ្លួនបុរសទាំង ៦នាក់មកដល់ពេលណា គឺតុលាការអាចនឹងបញ្ជាឲ្យឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្ត ពីព្រោះករណីបាញ់សម្លាប់មន្ត្រីប៉ូលិសម្នាក់ និងមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់នោះ គឺនៅមានអាថ៌កំបាំងជាច្រើន។
ទោះយ៉ាងណា ស្នងការរងនគរបាលខេត្តព្រះវិហារ ទទួលបន្ទុកព្រហ្មទណ្ឌ លោក កែវ ចំរើន បានបដិសេធមិនអធិប្បាយអ្វីទេ ដោយលោកបញ្ជាក់ថា កំពុងជាប់រវល់ខ្លាំងនៅក្នុងនីតិវិធីស៊ើបអង្កេត៖ «សូមអធ្យាស្រ័យ ពីព្រោះខ្ញុំកំពុងស៊ើបអង្កេត ចាំមើលមានពន្លឺអ្វី ខ្ញុំនឹងរាយការណ៍តាមក្រោយ។ ឥឡូវខ្ញុំកំពុងបង្ហាញរូបភាពពាក់ព័ន្ធនឹងជនដៃដល់»។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ បានគាំទ្រសមត្ថកិច្ចដែលឃាត់ខ្លួនបុរសទាំង ៦នាក់មកសាកសួរនោះ ពីព្រោះលោកយល់ថា ប្រសិនបើប៉ូលិសរកមិនឃើញភស្តុតាងថាអ្នកទាំងនោះមិនពាក់ព័ន្ធក្នុងការបាញ់សម្លាប់មនុស្សក៏ដោយ ក៏ពួកគេនៅតែមានទោស ដោយសារការកាប់បំផ្លាញព្រៃឈើខុសច្បាប់ដែរ។
បុរសទាំង ៦នាក់ ដែលប៉ូលិសឃាត់ខ្លួនមកសួរ គឺបន្ទាប់ពីប៉ូលិសដាក់ការសង្ស័យថា ក្នុងចំណោមអ្នកទាំងនោះអាចនឹងជាប់ពាក់ព័ន្ធក្នុងការបាញ់សម្លាប់ប៉ូលិសម្នាក់ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ព្រមទាំងបណ្ដាលឲ្យប៉ូលិសការពារព្រំដែនម្នាក់ទៀតរងរបួសផង កាលពីរំលងអាធ្រាត្រថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅ។
ប្រភពពីសហគមន៍ការពារព្រៃឈើខ្លះឲ្យដឹងថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា នៅពេលដែលកម្លាំងល្បាតដើរការពារព្រៃអភិរក្ស គឺសមត្ថកិច្ចបានចាប់រឹបអូសយកម៉ាស៊ីនអារឈើមួយចំនួនពីក្រុមអ្នកអារឈើខុសច្បាប់។ លុះដល់វេលាយប់ ក្រុមល្បាតក៏បោះតង់សម្រាកនៅកណ្ដាលព្រៃ ស្រាប់តែមានក្រុមជនប្រដាប់អាវុធលបលួចបាញ់រះសម្លាប់តែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
