ក្រោយពីសួរចម្លើយរួច នគរបាលបានឃុំខ្លួនមនុស្សពីរនាក់ដោយរកឃើញថា ជនទាំងពីរជាប់ពិរុទ្ធ ចំណែកម្នាក់ទៀតត្រូវបានសមត្ថកិច្ចដោះលែង ដោយអះអាងថា មិនពាក់ព័ន្ធឃាតកម្មនោះទេ។ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវចាប់ខ្លួនមនុស្សម្នាក់ទៀត ដែលជាមេខ្លោងនៃរឿងអំពើឃាតកម្មនោះ។
មន្ត្រីនគរបាលខេត្តស្វាយរៀង សម្រេចបញ្ជូនជនសង្ស័យ ២នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីប្លន់សម្លាប់ព្រះចៅអធិការវត្តថ្នាញ និងគ្រូបង្រៀនម្នាក់ ទៅតុលាការខេត្តនៅរសៀលថ្ងៃទី២៧ ខែឧសភា។
ស្នងការរងនគរបាលខេត្តស្វាយរៀង លោក ឡឹក ចំរើន មានប្រសាសន៍នៅថ្ងៃទី២៧ ឧសភា ថា ជនសង្ស័យពីរនាក់បានសារភាពថា ពួកគេពិតបានរួមគំនិតគ្នារឹតកសម្លាប់លោកគ្រូបង្រៀនម្នាក់ ឈ្មោះ សំ វុទ្ធី ប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួននៅក្បែរវត្ត។ លុះពេលយកសពទៅប្លុងចោលហើយនោះ ក៏ត្រឡប់មកយកម៉ូតូជនរងគ្រោះវិញ តែគាប់ជួនព្រះចៅអធិការវត្តថ្នាញ ព្រះតេជព្រះគុណ កែវ តូច បានច្របាច់ពិលទតឃើញពួកគេ ទើបពួកគេសម្រេចធ្វើគតព្រះតេជព្រះគុណតែម្ដង។
លោក ឡឹក ចំរើន មិនប្រាប់ពីអត្តសញ្ញាណជនសង្ស័យទាំងពីរនាក់នោះទេ តែបញ្ជាក់ថា ពួកគេទាំង ២នាក់នោះ ជាអ្នកភូមិរស់នៅក្បែរវត្តថ្នាញ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនមនុស្សម្នាក់ទៀត ដែលជាមេខ្លោងធំនៃអំពើប្លន់សម្លាប់នោះ។
កាលពីអធ្រាត្រថ្ងៃទី២៣ ខែឧសភា ព្រះតេជព្រះគុណ កែវ តូច ព្រះជន្ម ៧៨ព្រះវស្សា ជាព្រះចៅអធិការវត្តថ្នាញ ស្ថិតនៅក្នុងសង្កាត់បាទី ក្រុងបាវិត ត្រូវធ្វើគតនៅក្នុងវត្តដោយមានស្នាមជាំកខាងឆ្វេង រយៈលើចិញ្ចើម និងទ្រុឌលលាដ៍ក្បាល។ ចំណែកគ្រូបង្រៀនម្នាក់ទៀត ឈ្មោះ សំ វុទ្ធី ដែលស្នាក់នៅក្នុងកុដិជាមួយព្រះតេជព្រះគុណ កែវ តូច នោះ ក៏បានបាត់ខ្លួននៅយប់មានឃាតកម្មនោះដែរ។ ប៉ុន្តែសពលោក សំ វុទ្ធី ត្រូវបាននគរបាលខេត្តស្វាយរៀង រកឃើញប្លុងចោលនៅទឹកត្រពាំង ដែលមានចម្ងាយប្រមាណ ២គីឡូម៉ែត្រពីវត្ត។
ភ្លាមៗក្រោយពីករណីឃាតកម្មលើព្រះតេជព្រះគុណ កែវ តូច មន្ត្រីគណបក្សប្រឆាំងសង្ស័យថា នេះជារឿងដែលអាចពាក់ព័ន្ធដល់ការគំរាមកំហែងផ្នែកនយោបាយ នៅពេលដែលព្រះសង្ឃអង្គនេះ មានកូនប្រុសនិងសមាជិកគ្រួសារជាច្រើននាក់ទៀត ជាសកម្មជនគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែសមត្ថកិច្ចបញ្ជាក់ថា ករណីនេះមិនជាប់ទាក់ទងនឹងរឿងនយោបាយទេ តែជាករណីអំពើប្លន់សម្លាប់។
ទោះជាសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ២នាក់ បញ្ជូនទៅតុលាការក៏ដោយ ក៏កូនប្រុសរបស់ព្រះតេជព្រះគុណ កែវ តូច គឺលោក កែវ មន្ថា ជាប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំសង្កាត់បាទី នៅតែសង្ស័យថា នេះជារឿងនយោបាយ ដោយលើកហេតុផល ២ គឺទីមួយ ឪពុករបស់លោកមិនមានទ្រព្យសម្បត្តិអ្វីទេ និងមួយទៀត មុនថ្ងៃកើតហេតុ ២ថ្ងៃ ផ្ទះរបស់លោកបានបើកកិច្ចប្រជុំគណបក្សសង្គ្រោះជាតិ ហើយនៅព្រឹកថ្ងៃទី២៣ ក្រុមការងារគណបក្សបានទៅលេងព្រះតេជព្រះគុណ កែវ តូច លុះដល់ពេលយប់ក៏មានអំពើឃាតកម្មកើតឡើងតែម្ដង។
ជុំវិញបញ្ហានេះ អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ថា ករណីនេះជាអំពើឃាតកម្មគ្រោងទុកជាមុន ហើយនៅមានករណីមន្ទិលសង្ស័យមួយចំនួន ដូចជាការសម្លាប់រួចយកសពប្លុងចោលឆ្ងាយពីវត្តជាដើម។ ដូច្នេះដើម្បីទាញចេញករណីឃាតកម្មនេះឲ្យឆ្ងាយពីរឿងនយោបាយ សមត្ថកិច្ចគួរតែលាតត្រដាងចំណុចមន្ទិលទាំងនោះឲ្យបានច្បាស់។
លោក អំ សំអាត បញ្ជាក់ថា អង្គការលីកាដូ នៅតែបន្តឃ្លាំមើល និងស្រាវជ្រាវករណីនេះបន្តទៀត ដើម្បីស្វែងរកការពិតនៃរឿងនៅពីក្រោយអំពើឃាតកម្មនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
