សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ មីនា បានបើកសវនាការជំនុំជម្រះលើរឿងក្តីជនជាប់ចោទ ៧នាក់ ដែលត្រូវបានរដ្ឋាភិបាលចោទប្រកាន់ពីបទរួមគំនិតក្បត់ និងបទឆ្លងដែនខុសច្បាប់។ សាលក្រមនៃសវនាការនេះ តុលាការនឹងប្រកាសនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ខាងមុខ។
ដូចការគ្រោងទុក សាលាដំបូងរាជធានីភ្នំពេញ បានបើកការជំនុំជម្រះលើជនជាប់ចោទទាំង ៧នាក់ ក្រោមបទចោទរួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១១។ ក្នុងចំណោមជនជាប់ចោទទាំង ៧នាក់នោះ ៣នាក់ត្រូវបានចោទពីបទរួមគំនិតក្បត់ និង ៤នាក់ផ្សេងទៀត ត្រូវចោទពីបទរួមគំនិតក្បត់ផង និងឆ្លងដែនខុសច្បាប់ផង។
ជនជាប់ចោទទាំង ៧នាក់នោះ រួមមាន លោក យ៉ាន យឿន មកពីខេត្តព្រះវិហារ លោក ខេ ម៉ា មកពីខេត្តតាកែវ លោក យ៉ន គឹមស្រ៊ុន មកពីខេត្តតាកែវ លោក សួន សុទ្ធិគន្ធ មកពីភ្នំពេញ និងពលរដ្ឋខ្មែរក្រោម ៣នាក់ទៀត គឺលោក ថាច់ កុងភួង លោក យិន យ៉ាវ និងលោក សួន ថុល។ ពួកគេទាំងអស់នោះ សុទ្ធតែត្រូវបានអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរថៃ ចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០១៣ នៅក្នុងប្រទេសថៃ។ ក្នុងចំណោមនោះ មាន ៣នាក់ គឺជាសង្ឃ នៅពេលត្រូវបានចាប់ខ្លួន គឺមានលោក ថាច់ កុងភួង លោក យ៉ាន យឿន និងលោក យ៉ន គឹមស្រ៊ុន។
សវនាការជំនុំជម្រះរយៈពេលពេញមួយថ្ងៃ មានការចូលរួមដោយមេធាវីជនជាប់ចោទទាំង ៧រូប មន្ត្រីនគរបាលយុត្តិធម៌ មន្ត្រីអង្គការសង្គមស៊ីវិល និងសាច់ញាតិជនជាប់ចោទមួយចំនួន។ ក្នុងនោះក៏មានឪពុកម្តាយរបស់ លោក ថាច់ កុងភួង ដែលបានធ្វើដំណើរមកពីកម្ពុជាក្រោម ដើម្បីចូលរួមមើលការជំនុំជម្រះក្តីកូនប្រុសរបស់គាត់ផងដែរ។
នៅក្នុងសវនាការនោះ តុលាការបានកោះហៅជនជាប់ចោទមកសួរដេញដោលម្តងម្នាក់ៗ។ ក្រុមប្រឹក្សាជំនុំជម្រះ និងតំណាងអយ្យការ បានចោទសួរដេញដោល និងលើកឡើងភស្តុតាងផ្សេងៗ ព្រមទាំងបង្ហាញ និងអានចម្លើយសារភាពរបស់ជនជាប់ចោទទាំង ៧នាក់ ដែលពួកគេបានឆ្លើយសារភាពនៅពេលចៅក្រមស៊ើបសួរ និងនគរបាលយុត្តិធម៌ បានសួរចម្លើយពួកគេកាលពីខែមីនា និងខែមេសា ឆ្នាំ២០១៣។
ប៉ុន្តែ ជនជាប់ចោទបានច្រានចោលចំពោះការចោទប្រកាន់ទាំងនោះ ហើយថា ពួកគេមិនបានចូលរួមក្នុងរណសិរ្សរំដោះជាតិខ្មែររបស់ លោក សម សេរី ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្វីនោះទេ។
ពួកគេក៏បានច្រានចោលនូវចម្លើយដែលពួកគេបានសារភាពចំពោះមុខនគរបាលយុត្តិធម៌ ដោយលើកឡើងថា ពួកគេត្រូវបានបំភិតបំភ័យ គំរាមកំហែង និងពេលខ្លះត្រូវនគរបាលធ្វើទារុណកម្ម ដើម្បីបានចម្លើយ ហើយថា ពេលសួរចម្លើយនោះ ពួកគេមិនមានមេធាវីនៅក្បែរឡើយ ហើយអ្នកខ្លះទៀតទទួលស្គាល់ស្នាមមេដៃរបស់ខ្លួនលើក្រដាសសារភាព តែមិនទទួលស្គាល់ខ្លឹមសារក្នុងចម្លើយសារភាពនោះទេ ដោយលើកឡើងថា ចម្លើយនោះវាមិនដូចទៅនឹងអ្វីដែលគេបាននិយាយ។ រីឯអ្នកខ្លះទៀតនិយាយថា នគរបាលជាអ្នកពន្យល់ ហើយនគរបាលឲ្យឆ្លើយតាមពួកគេ។
យ៉ាងណា មន្ត្រីនគរបាលយុត្តិធម៌ និងជានាយរងការិយាល័យ ទទួលបន្ទុកសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ លោក រិត សារឿន បានថ្លែងក្នុងអង្គសវនាការថា លោកច្រានចោលចំពោះការលើកឡើងរបស់ជនជាប់ចោទទាំងអស់ ដែលថា នគរបាលយុត្តិធម៌បានបង្ខិតបង្ខំ និងធ្វើទារុណកម្មទៅលើពួកគេ។ លោកអះអាងថា នៅពេលដែលសួរចម្លើយនោះ ក៏មានការចូលរួមពីចៅក្រមស៊ើបសួរ និងមន្ត្រីអង្គការសង្គមស៊ីវិល។ លោកអះអាងបន្តថា មុននឹងឲ្យជនជាប់ចោទផ្ដិតមេដៃ នគរបាលបានអានឲ្យពួកគេស្តាប់ត្រឹមត្រូវ ហើយអ្នកខ្លះទៀតសុំអានចម្លើយសារភាពខ្លួនឯងទៀតផង។ លោកថា រឿងនេះមិនអាចធ្វើផ្ដេសផ្ដាសបានទេ ព្រោះវាជារឿងធំ។ ទោះយ៉ាងណា ក្នុងពេលឡើងថ្លែងនោះ លោកបានគំរាមដាក់ពាក្យប្ដឹងជនជាប់ចោទ លោក ខេ ម៉ា បន្ថែមទៀត នៅពេលដែលជនជាប់ចោទរូបនេះបានចង្អុលលើមន្ត្រីប៉ូលិសម្នាក់ ដែលកំពុងអង្គុយក្នុងបន្ទប់សវនាការ ដោយនិយាយថា ប៉ូលិសរូបនោះបានវាយដំទៅលើរូបគេក្នុងពេលសួរចម្លើយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ដែរនោះ គឺសាក្សីឈ្មោះ សម ឯក ដែលត្រូវក្រុមប្រឹក្សាជំនុំជម្រះកោះឲ្យចូលធ្វើសាក្សី ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឲ្យសន្តិសុខចាប់យកចេញទៅក្រៅបន្ទប់សវនាការវិញ បន្ទាប់ពីលោកមិនបានឆ្លើយឲ្យចំទៅតាមការសាកសួររបស់តុលាការ។ លោក សម ឯក ពេលនោះបាននិយាយវាយប្រហារលើ លោក ហ៊ុន សែន។ លោកថា ជនជាប់ចោទទាំងអស់នោះ គឺមុខសុទ្ធតែខ្មែរ ហើយថាសមត្ថភាពអ្នកទាំងអស់នោះមិនអាចធ្វើអ្វីគណបក្សប្រជាជនកម្ពុជា របស់ លោក ហ៊ុន សែន បានទេ។
មេធាវីជនជាប់ចោទទាំង ៧នាក់ បានស្នើឲ្យតុលាការទម្លាក់បទចោទទាំងអស់មកលើកូនក្តីរបស់ខ្លួនចោល និងឲ្យតុលាការដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ ដោយពួកគេសំអាងថា ការចោទប្រកាន់មិនមានភស្តុតាង និងសាក្សីគ្រប់គ្រាន់ ចម្លើយសារភាពដែលបានមក បានតាមរយៈការបង្ខិតបង្ខំ ការធ្វើទារុណកម្ម គ្មានប្រភពច្បាស់លាស់ និងអាចកែច្នៃបាន។
អង្គសវនាការបានបញ្ចប់នៅម៉ោងជាង ៦ល្ងាច។ តុលាការសម្រេចលើកពេលប្រកាសសាលក្រមអំពីរឿងក្តីនេះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
