ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាសសាលក្រម ដោយមិនកំណត់ពេល លើសំណុំរឿងដីកាសុំរក្សាការពារមុនអង្គសេចក្ដី។ ការសម្រេចលើកពេលប្រកាសសាលក្រមក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ រវាងប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងសង្កាត់ចំនួន៣ ជាមួយក្រុមហ៊ុន អាយ.ស៊ី.អូ.ស៊ី (I.C.O.C) របស់ លោក ពង់ ឃាវសែ នេះ ត្រូវបានចៅក្រមអះអាងថា មូលហេតុសំណុំរឿងនេះមានភាពស្មុគស្មាញ។
យ៉ាងណា មេធាវីតំណាងឲ្យប្រជាពលរដ្ឋ ចាត់ទុកថា ការពន្យារពេលចេញដីកាយឺតយ៉ាវរបស់តុលាការ អាចនឹងធ្វើឲ្យវិធានការបណ្ដោះអាសន្ននេះក្លាយជាគ្មានន័យអ្វីឡើយ។
មេធាវីការពារក្ដីតំណាងឲ្យភាគីខាងប្រជាពលរដ្ឋ ថ្លែងថា ការពន្យារពេលក្នុងការចេញសាលក្រមបណ្ដោះអាសន្ន លើសំណុំរឿងដីកាសុំរក្សាការពារមុនអង្គសេចក្ដីនេះ នឹងធ្វើឲ្យបាត់បង់ទ្រង់ទ្រាយ និងទំហំដី ជាពិសេសបាត់បង់ចំណូលរបស់ប្រជាពលរដ្ឋ ហើយការចរចាណាមួយនឹងមិនអាចទៅរួចឡើយ។
មេធាវីការពារក្ដីឲ្យប្រជាពលរដ្ឋ គឺលោក យុង ផានិត ថ្លែងនៅខាងក្រៅសវនាការថា បើសេចក្ដីសម្រេចដោយផ្អែកតាមអង្គហេតុ ទំនងជាវិធានការសុំផ្អាកបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋនេះអាចមានសង្ឃឹម។ លោកបន្តថា ព្រោះប្រជាពលរដ្ឋមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការតតាំង។ ចំណែកខាងភាគីសាលារាជធានីភ្នំពេញ ដែលតំណាងដោយមេធាវីវិញ ហាក់ពុំមានភស្តុតាងដោះបន្ទុកទេ។
«សំឡេង»
នៅក្នុងបន្ទប់សវនាការ លោក ម៉េង តូនី ជាចៅក្រមជំនុំជម្រះ បានផ្ដល់ឱកាសគ្រប់គ្រាន់ឲ្យមេធាវីភាគីទាំងពីរមានពេលវេលាសួរដេញដោលគ្នា និងលើកហេតុផល។ នៅនាទីចុងក្រោយនៃសវនាការដែលប្រើពេលជាង ២ម៉ោង នៅរសៀល ថ្ងៃទី២៥ កុម្ភៈ លោកចៅក្រម ម៉េង តូនី បានសម្រេចលើកពេលប្រកាសសាលក្រម ដោយសំអាងហេតុផលថា រឿងក្ដីនេះមានភាពស្មុគស្មាញ។
លោក យុង ផានិត ដែលជាមេធាវីតំណាងឲ្យប្រជាពលរដ្ឋ ចាត់ទុកថា ជាគោលការណ៍ វិធានការសុំផ្អាកបណ្ដោះអាសន្ននេះ គប្បីអនុវត្តដោយប្រញាប់។ ប៉ុន្តែ លោកអះអាងថា គិតចាប់ពីថ្ងៃដាក់បណ្ដឹងសុំផ្អាកបណ្ដោះអាសន្ននេះ នីតិវិធីបានអូសបន្លាយមានរយៈពេលជិត ៤ខែមកហើយ។
មេធាវីការពារក្ដីតំណាងឲ្យសាលារាជធានីភ្នំពេញ លោក សួង សុផល មិនផ្ដល់ការអត្ថាធិប្បាយណាមួយក្នុងរឿងក្តីនេះទេ ដោយគ្រាន់តែនិយាយថា មិនយល់សំណួរមុនដាក់ទូរស័ព្ទចុះ។
ចំណែក លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏មិនអាចសុំការបំភ្លឺបានដែរ។
ជាងនេះទៀត ភាគីខាងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី វិញពុំអាចស្នើសុំការប្រតិកម្មបានភ្លាមៗដែរ។
បើទោះជាបែបណា លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសលំនៅឋានចាត់ទុកថា គេកម្រឃើញអ្នកក្រីក្រទទួលបានយុត្តិធម៌តាមប្រព័ន្ធតុលាការណាស់។ ហើយការពន្យារពេលចេញដីការក្សាការពារនេះ ទំនងជាតុលាការទុកឱកាសឲ្យក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ជិះសេះលែងដៃ។
«សំឡេង»
ដីដែលមានជម្លោះជិត ៤០០ហិកតារ ត្រង់ចំណុចចន្លោះទន្លេសាប និងផ្លូវជាតិលេខ៦អា ក្នុងខណ្ឌឫស្សីកែវ ដែលអូសបន្លាយអស់រយៈពេល ២០ឆ្នាំមកនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលក្នុងអាណត្តិទីមួយ កាលពីឆ្នាំ១៩៩៤ ផ្ដល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុនឯកជន អភិវឌ្ឍជាទីក្រុងរណប។ រយៈពេល ៨ឆ្នាំក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ទទួលបានសិទ្ធិអភិវឌ្ឍនៅនឹងកន្លែង។ ក៏ប៉ុន្តែ សង្គមស៊ីវិល ចាត់ទុកថា ពាក្យប្រកាសរបស់ លោក ហ៊ុន សែន ចំពោះរឿងដីនៅតំបន់នោះនឹងពុំមានឥទ្ធិពលណាមួយទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
