ជន​សង្ស័យ​បាញ់​គំរាម​លើ​ក្បួន​ហែ​របស់​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ឃុំ​ខ្លួន

ជន​សង្ស័យ​ក្នុង​ការ​បាញ់​កាំភ្លើង​ឡើង​លើ​គំរាម​ក្រុម​យុវជន​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​យប់​ថ្ងៃ​ទី៥ ខែ​កក្កដា កន្លង​ទៅ ក្នុង​សង្កាត់​ផ្សារដើមថ្កូវ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ ដើម្បី​ចាត់​វិធាន​ការ​តាម​ច្បាប់។

0:00 / 0:00

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ដែល​ឃ្លាំ​មើល​ករណី​នេះ បាន​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​តុលាការ ហើយ​ថា នេះ​ជា​សញ្ញា​មួយ​ល្អ​សម្រាប់​អ្នក​ចូលរួម​បោះឆ្នោត ដែល​ជឿ​ទុក​ចិត្ត​ចំពោះ​ប្រព័ន្ធ​តុលាការ និង​អាជ្ញាធរ។

ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុន្នី សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ឧកញ៉ា ឃី គឹមលន់ អាយុ ៤៥​ឆ្នាំ ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដាក់​ពន្ធនាគារ​បណ្ដោះ​អាសន្ន​នៅ​ព្រឹក​ថ្ងៃ​ទី៩ ខែ​កក្កដា ក្រោម​បទ​ចោទ​ប្រកាន់​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។

ប្រភព​ពី​តុលាការ​ឲ្យ​ដឹង​ថា ការ​ឃុំ​ខ្លួន​នេះ​ធ្វើ​ឡើង​តាម​មាត្រា​២០ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​គ្រាប់​រំសេវ។ បើ​តុលាការ​រក​ឃើញ​ថា លោក ឃី គឹមលន់ មាន​ពិរុទ្ធភាព​ដូច​ការ​ចោទ​ប្រកាន់​មែន លោក​អាច​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ។

កាល​ពី​យប់​ថ្ងៃ​ទី៥ ខែ​កក្កដា មាន​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង​ចំពោះ​ក្បួន​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចំការមន បណ្ដាល​ឲ្យ​យុវជន ៣​នាក់ ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​នោះ​រង​របួស។ ជន​រងគ្រោះ​បាន​អះអាង​ថា ពួក​គេ​រង​របួស​ដោយ​ការ​វាយ​តប់ និង​ប៉ះ​ទង្គិច​ដោយ​ដុំ​ថ្ម កែវ និង​ដប ដែល​ភាគី​ម្ខាង​ទៀត​បាន​គប់​មក​លើ​ក្បួន​នៅ​ពេល​ដែល​ក្បួន​ហែ​មក​ដល់​មុខ​ផ្ទះ​លោក​ឧកញ៉ា ឃី គឹមលន់ និង​មាន​បាញ់​កាំភ្លើង​ឡើង​លើ​ដើម្បី​គំរាម​ដែរ។

ក្រោយ​កើត​ហេតុ​ភ្លាមៗ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៤​នាក់។ ប៉ុន្តែ​ក្រោយ​ការ​សាកសួរ មនុស្ស ២​នាក់ ត្រូវ​បាន​ដោះលែង​ដោយ​សម្អាង​ថា​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​បោះ​នោះ​ទេ។ រីឯ ២​នាក់​ផ្សេង​ទៀត រួម​មាន លោក ឧកញ៉ា ឃី គឹមលន់ និង​ឈ្មោះ អ៊ុង ចាន់ថន ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ប៉ុន្តែ​ចៅក្រម​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​តែ​លោក ឃី គឹមលន់ ម្នាក់​ប៉ុណ្ណោះ ដាក់​ក្នុង​ពន្ធនាគារ​បណ្ដោះ​អាសន្ន។

អនុប្រធាន​គណៈកម្មាធិការ​វិន័យ និង​ជា​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជធានី​ភ្នំពេញ លោក ហូរ វ៉ាន់ យល់​ថា ការ​សម្រេច​ឃុំ​ខ្លួន​តែ​ឧកញ៉ា ឃី គឹមលន់ តែ​ម្នាក់​នោះ ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​លោក​មាន​ភស្តុតាង​បង្ហាញ​ថា ឈ្មោះ អ៊ុង ចាន់ថន មាន​កាន់​អាវុធ​អាកា ហើយ​បុគ្គល​រូប​នោះ​ផ្ទាល់​ក៏​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​កាំភ្លើង​ផង​ដែរ។

ទោះ​ជា​ចៅក្រម​ស៊ើប​សួរ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​សង្ស័យ​ម្នាក់ ក្នុង​ការ​បាញ់​បោះ​សេរី​ក៏ដោយ ក៏​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគមន៍​អាដហុក (Adhoc) លោក ចាន់ សុវ៉េត យល់​ថា វា​ជា​សញ្ញា​មួយ​ល្អ​សម្រាប់​អ្នក​ចូលរួម​បោះឆ្នោត ដែល​ជឿ​ទុក​ចិត្ត​ចំពោះ​ប្រព័ន្ធ​តុលាការ និង​អាជ្ញាធរ ហើយ​នេះ​ជា​អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ចង់​បាន។

លោក ចាន់ សុវ៉េត បញ្ជាក់​ថា ការ​បាញ់​បោះ​គំរាម​កំហែង​ណា​មួយ​ដល់​អ្នក​ចូលរួម​ឃោសនា​បោះឆ្នោត ជា​ការ​ជះ​ឥទ្ធិពល​មួយ​អាក្រក់​ដល់​ដំណើរ​ការ​បោះឆ្នោត​សេរី និង​យុត្តិធម៌។ លោក​ទទូច​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​នូវ​អំពើ​ហិង្សា​ឲ្យ​ខាន​តែ​បាន និង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ល្អ និង​អាច​ជឿ​ទុក​ចិត្ត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។