តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​កម្មករ​២​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ បាន​សម្រេច​អនុញ្ញាត​ឲ្យ​កម្មករ​ពីរ​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ នា​ខេត្ត​កំពង់ចាម ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

បន្ទាប់​ពី​បើក​សវនាការ​អសាធារណៈ លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​អ្នក​ទាំង​២​រួច​មក ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ បាន​ចេញ​ដីកា​ចំនួន​២​ផ្សេង​គ្នា បង្គាប់​អោយ​ដោះ​លែង​អ្នក​ទាំង​ពីរ​រូប​នោះ មាន​ឈ្មោះ ប៊ូ សារិទិ្ធ អាយុ ២៧​ឆ្នាំ និង យ៉ន សុខជា អាយុ ១៧​ឆ្នាំ។ ប៉ុន្តែ ក្នុង​ដីកា​ពុំ​បាន​លើក​ឡើង​ថា អ្វី​ជា​មូលហេតុ​នៃ​ការ​សម្រេច​អោយ​អ្នក​ទាំង​២ បាន​នៅ​ក្រៅ​ឃុំ​ឡើយ។

មេធាវី​ការពារ អ្នកស្រី សាម សុគន្ធា មាន​ប្រសាសន៍​ថា ចៅក្រម​បាន​ជូន​ដំណឹង​មេធាវី​អោយ​ចូល​សវនាការ​នៅ​សាលា​ដំបូង នៅ​ខណៈ​ដែល​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​នេះ​បាន​បន្ត​ទៅ​សាលា​ឧទ្ធរណ៍​ទៅ​ហើយ​នោះ។ អ្នកស្រី​បន្ត​ថា ក្រុម​មេធាវី​ក៏​មាន​ចម្ងល់​នឹង​ករណី​នេះ​ដែរ ប៉ុន្តែ​បាន​ចាត់​ទុក​នេះ​អាច​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ដែល​លោក​អាច​សម្រេច​បើក​សវនាការ​ក្នុង​ករណី​ចាំ​បាច់​ណា​មួយ។

អ្នកស្រី​មេធាវី​អោយ​ដឹង​ទៀត​ថា ពេល​នេះ​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ទៅ​ដល់​ពន្ធនាគារ​ក្នុង​ខេត្ត​កំពង់ចាម ដើម្បី​រត់​ការ​ឯកសារ​អោយ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​២។

លោក អំ សំអាត មាន​ប្រសាសន៍​ថា នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ចំនួន ២១​នាក់​ផ្សេង​ទៀត ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង។

អ្នក​ទាំង​ពីរ គឺ​ឋិត​ក្នុង​ចំណោម​ក្រុម​កម្មករ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ២៣​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា អំឡុង​ពេល​មាន​បាតុកម្ម​របស់​ក្រុម​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។