សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការនៅព្រឹកថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ ដើម្បីជំនុំជម្រះសំណុំរឿងចោទប្រកាន់លោក នី ចរិយា ពីបទបរិហារកេរ្តិ៍កាលដែលលោកនៅជាប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក (ADHOC)។
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានតាម បណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) នៅថ្ងៃទី១៥ ខែកក្កដា ថា សវនាការនៅព្រឹកថ្ងៃទី១៨ ខែកក្កដា នោះមានចៅក្រមជំនុំជម្រះ លោក ឃី ឆៃ និងតំណាងអយ្យការដោយលោក សៀង សុខ។
លោក លី សុផាណា បញ្ជាក់ថា សំណុំរឿងនោះ លោក នី ចរិយា ត្រូវចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ បរិហារបង្កាច់កេរ្តិ៍ ផ្សព្វផ្សាយ និងអត្ថាធិប្បាយ ដើម្បីដាក់សម្ពាធលើយុត្តាធិការ ពាក់ព័ន្ធនឹងវេទិកាមួយទាក់ទងនឹងជម្លោះដីធ្លី។
លោក នី ចរិយា ត្រូវប្ដឹងដោយ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និង លោក គី ឬទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តនេះ កាលពីខែមិថុនា ឆ្នាំ២០១៥។
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ សមាគមការពារសិទ្ធិមនុស្សអាដហុក បានដាក់បណ្ដឹងទៅឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម តុលាការកំពូល និងអគ្គព្រះរាជអាជ្ញាប្រឆាំងនឹងមន្ត្រីតុលាការខេត្តសៀមរាបទាំងពីររូបនោះ។
លោក នី ចរិយា ជាអគ្គលេខាធិការរង គ.ជ.ប នៅពេលនេះ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារភ្នំពេញ ហៅថា ប៉េស៊ី (PJ) ពីបទល្មើសផ្សំគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវស្នេហារវាងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
